ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​បន្ត​ដំណើការ​សួរ​ដេញ​ដោល​​ក្នុង​ការ​ជំនុំ​ជម្រះ​ដក​តំណែង​លោក ត្រាំ ក្នុង​ថ្ងៃ​ចុង​ក្រោយ​


ប្រធានចៅក្រម​សហរដ្ឋ​អាមេរិក​លោក John Roberts មកដល់សវនាការ​ទម្លាក់​តំណែង​ប្រធានាធិបតី​ត្រាំកាលពី​ថ្ងៃទី​៣០​​ ខែមករា ឆ្នាំ២០២០។
ប្រធានចៅក្រម​សហរដ្ឋ​អាមេរិក​លោក John Roberts មកដល់សវនាការ​ទម្លាក់​តំណែង​ប្រធានាធិបតី​ត្រាំកាលពី​ថ្ងៃទី​៣០​​ ខែមករា ឆ្នាំ២០២០។

ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​បន្តសួរ​ដេញ​ដោល​ក្រុម​មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​និង​ក្រុម​រដ្ឋអាជ្ញា​នៃ​សភា​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ ដើម្បី​ជំនុំ​ជម្រះ​ដក​តំណែង​លោក​ ត្រាំ ខណៈ​ដែល​ការ​សម្រេច​ចិត្ត​ដើម្បី​កោះហៅ​សាក្សី​បន្ថែម​នៅ​មាន​ភាព​ស្រពេច​ស្រពិល​នៅ​ឡើយ។

មេធាវី​របស់​លោក ត្រាំ គឺ​លោក Alan Dershowitz បាន​ប្រកែក​កាលពី​ថ្ងៃ​ពុធថា ​បើ​ទោះ​បី​ជា​លោក​ ត្រាំ បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី Zelensky ផ្តល់​ប្រយោជន៍​នយោបាយ ដើម្បី​ដោះដូរ​យក​ជំនួយ​ក៏​ដោយ ក៏​មិនមែន​ធ្ងន់​ដល់​ថ្នាក់​អាច​ដក​តំណែង​ប្រធានាធិបតី​ទេ‍។

លោក​មេធាវី Alan Dershowitz ថ្លែង​ថា៖

«រាល់​មន្ត្រី​សាធារណៈ​ដែល​ខ្ញុំ​ស្គាល់​សុទ្ធ​តែ​ជឿ​ថា ការ​ជាប់​ឆ្នោត​របស់​លោក​ត្រាំ គឺ​ជា​ប្រយោជន៍​សម្រាប់​សាធារណជន ហើយ​ប្រសិន​បើ​ប្រធានាធិបតី​ម្នាក់​បាន​ធ្វើ​អ្វី​មួយ​ដែល​លោក​ជឿ​ថា​នឹង​ជួយ​លោក​ឲ្យ​ជាប់​ឆ្នោត​ ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណជន​ នោះ​វា​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​ដោះដូរ​ប្រយោជន៍​ដែល​អាច​ឈាន​ដល់​ការ​ដក​តំណែង​ប្រធានាធិបតី​នោះ​ទេ‍»។

លោក Adam Schiff ប្រធាន​ក្រុម​រដ្ឋ​អាជ្ញា​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ចាត់​ទុក​អំណះអំណាង​របស់​លោក Dershowitz ថា មិន​មាន​ហេតុផល​ដោះ​បន្ទុក​គ្រប់គ្រាន់​នោះ​ទេ។

លោក Schiff បាន​ប្រកាស​ថា៖

«អំណះអំណាង​នេះ​គ្មាន​ផ្អែក​លើ​ច្បាប់​ទម្លាប់‍​អ្វី​ទាល់​តែ​សោះ។​ ខ្ញុំ​សង្ឃឹម​ថា ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​អាច​ដឹង​ថា ការ​ពឹង​ឲ្យ​បរទេស​ជួយ​ឲ្យ​ជាប់​ឆ្នោត​គឺ​ជា​ទង្វើ​ដែល​ខុស ហើយ​ពលរដ្ឋ​អាមេរិកាំង​គួរ​សម្រេច​ទៅ​លើ​ការ​បោះឆ្នោត‍»។

លោក Patrick Philbin មេធាវី​ការពារ​ក្តី​ឲ្យ​លោក ត្រាំ មួយ​រូប​ទៀត​បាន​ថ្លែង​ការពារ​ថា ប្រធានាធិបតី​មាន​អំណាច​នីតិ​ប្រតិបត្តិ​យ៉ាង​ទូលំទូលាយ។

លោក Patrick Philbin បាន​ថ្លែង​ថា៖

«សិទ្ធិ​អាច​ត្រូវ​បាន​ការពារ​ទៅ​បាន‍។ សិទ្ធិ​មាន​ឡើង​ដើម្បី​ត្រូវ​បាន​ការពារ​ ហើយ​ការ​ការពារ​សិទ្ធិ​ទាំង​នោះ​មិន​គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទង្វើ​ដែល​ត្រូវ​ផ្តន្ទាទោស​ ឬ​ចាត់​ទុក​ជា​ភស្តុតាង​នៃ​កំហុស​ឆ្គង​នោះ​ទេ‍»៕

XS
SM
MD
LG