ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជំនុំជម្រះ​ដក​តំណែង​លោកប្រធានាធិបតី Trump បាន​ក្លាយ​ជា​ការដេញដោល​គ្នា​លើ​ការចូល​ធ្វើ​សក្ខីកម្ម​របស់​លោក Bolton


រូបឯកសារ៖ លោក John Bolton​ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កំពុងស្តាប់សុន្ទរកថារបស់លោកប្រធានាធិបតីត្រាំនៅសេតវិមាន កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក John Bolton​ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កំពុងស្តាប់សុន្ទរកថារបស់លោកប្រធានាធិបតីត្រាំនៅសេតវិមាន កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៨។

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​នឹង​ចំណាយ​ពេល​ថ្ងៃ​ចុង​ក្រោយ​សួរដេញដោល​ទៅក្រុម​មេធាវី​ការពារ​លោកប្រធានាធិបតី Donald Trump និង​ក្រុមរដ្ឋអាជ្ញា​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក​ដែល​បាន​ប្តឹង​ដក​តំណែង​លោក Trump ខណៈការ​សម្រេច​អនុញ្ញាត​ឲ្យ​មាន​សាក្សី​បន្ថែមទៀត​នៅ​កំពុង​ចោទ​ជា​បញ្ហា​នៅ​ឡើយ។

តើ​ដំណើរការ​ជំនុំ​ជម្រះ​នឹង​អាច​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ឬ​ក៏​យ៉ាងណា​នោះ​ វា​អាស្រ័យ​ទៅលើ​ថាតើ​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​ក្រុមសំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​នឹង​បោះឆ្នោត​អនុម័ត​លើ​សំណើរ​របស់​គណបក្សប្រជាធិបតេយ្យ​សុំ​ឲ្យ​មាន​ការ​ឆ្លើយ​បំភ្លឺ​ពី​មន្រ្តី​សំខាន់ៗ​បស់​រដ្ឋបាល​ដែរ​ឬ​យ៉ាងណា។ នេះ​គឺ​បញ្ហា​សំខាន់​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ពេល​ចាប់ផ្តើម​វគ្គសួរដេញដោល​កាល​ពី​ថ្ងៃពុធ អំឡុងពេល​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​បាន​បញ្ជូន​សំណួរ​របស់​ពួកគេ​ជា​លាយលក្ខណ៍​អក្សរ​។

ចំណុច​ដែល​ត្រូវ​បាន​ផ្តោត​ខ្លាំង​គឺ​ទៅ​លើ​លោក John Bolton​ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​បាន​សរសេរ​សៀវភៅ​មួយ​ដែល​មិន​ទាន់​បោះពុម្ភ​នៅឡើយ​ថា​ លោក Trumpបាន​ប្រាប់​លោក John Bolton ​ថា​ លោក​បាន​ផ្អិបជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន​ចំនួន៣៩១លានដុល្លារ រហូត​ទាល់​តែ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy​ ប្រកាស​ជា​សាធារណៈ​អំពី​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទៅ​លើ​លោក Joe Biden ខាង​គណបក្សប្រជាធិបតេយ្យ។

គណបក្ស​ប្រជាធិបតេយ្យ​ទទូច​ថា​ លោក Bolton និង​មនុស្ស​ផ្សេង​ទៀត​ត្រូវតែ​កោះហៅ​មក​ធ្វើ​ជា​សាក្សី។ ក៏ប៉ុន្តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន​លើកឡើង​ថា​ លោក Trump មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​ បើគ្រាន់​តែ​ផ្អិបជំនួយ​សម្រាប់ប្រទេស​អ៊ុយ​ក្រែន​នោះ​ ហើយ​ពួកគេ​ក៏​មិន​ចង់​ឲ្យ​លោក Bolton ឬ​ក៏​អ្នកផ្សេង​ទៀត​មក​ធ្វើ​ជា​សាក្សីទេ ហើយ​ក៏​មិន​ចង់​ឲ្យ​មាន​ភស្តុតាង​ថ្មី​អ្វី​ទៀត​ដែរ។

យោង​តាម​សក្ខីកម្ម​នៅ​អំឡុងពេល​ការស៊ើបអង្កេត​របស់​រដ្ឋសភា​លើ​ករណី​ចោទប្រកាន់​ដក​តំណែងប្រធានាធីបតី លោកBolton បាន​បង្ហាញ​ក្តី​បារម្ភ​ទៅ​ក្រុម​មន្រ្តី​សេតវិមាន អំពី​ការផ្អិបជំនួយ​របស់​លោក Trump និង​ការស្នើ​ឲ្យ​មាន​កាស៊ើបអង្កេត​លើ​លោក Biden ហើយ​នៅពេល​មួយ​នោះ​លោក​បាន​ហៅ​ការណ៍​នេះ​ជា​ការជួញ​ថ្នាំ​ញៀន​ ដែល​លោកមិន​ចង់​មាន​ចំណែក​ពាក់ព័ន្ធ៕

XS
SM
MD
LG