ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​​ត្រាំ ​នឹង​ធ្វើ​ដំណើរ​ទៅ​​តំបន់​អាស៊ី​នៅ​ខែ​វិច្ឆិកា ​រួម​ទាំង​​​ទស្សន​កិច្ច​លើក​ដំបូង​​ទៅ​ប្រទេស​ចិន​


រូបឯកសារ៖ លោក ស៊ី ជិនពីង (ឆ្វេង) ប្រធានាធិបតី​ចិន និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អាស៊ី​នៅ​ខែ​វិច្ឆិកា​ ដោយ​មាន​គោល​បំណង​ប្រមូល​ការ​គាំទ្រ​សាកល​លោក​ដើម្បី​ប្រ​ឆាំង​នឹង​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង ខណៈ​ដែល​ចូលរួម​សន្និសីទ​កំពូល​ក្នុង​តំបន់​និង​ពិភាក្សា​អំពី​ពាណិជ្ជកម្ម ​នេះ​តាម​ការ​ប្រកាស​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ។

សេចក្តី​ថ្លែងការណ៍​នោះប្រាប់​ឲ្យ​ដឹង​ថា៖ «ការចូល​រួម​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់អន្តរជាតិ​ដើម្បី​ប្រឈម​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែ​ដែល​យ៉ាង​ពិត​ប្រាកដ»។

​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួម​បញ្ចូល​ទាំង​ដំណើរទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ប្រធានាធិបតី​ទៅ​កាន់​ប្រទេស​ចិន ​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​កូរ៉េខាង​ជើង​ហើយ​នឹង​ជា​ដៃគូ​ពាណិជ្ជកម្ម​លេខ១។

លោក ​Rex Tillerson រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិបតី​ត្រាំ​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី២​របស់​លោក​ទៅ​កាន់​ប្រទេស​នោះ​នៅ​សប្តាហ៍​ក្រោយ​ដោយ​ស្វះ​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងពីយុទ្ធនា ការគាប​សង្កត់​អតិបរមា​ប្រឆាំង​នឹង​ភាព​គគ្លើន​នុយក្លេអ៊ែ​របស់​កូរ៉េខាង​ជើង ​នៅ​ពេល​មាន​ការ​តាន​តឹង​យ៉ាង​ខ្លាំង​នៅ​លើ​ឧបទ្វីប​កូរ៉េ។

សហរដ្ឋ​អាមេរិក​កំពុង​ផ្លាស់​ប្តូរ​យោបល់យ៉ាង​ជិត​ស្និទ​ជាមួយ​ពួក​មន្រ្តី​ចិន​ស្តី​ពីការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ទប់​ស្កាត់​ការ​នាំ​ចូល​ធ្យូងថ្ម ​ដែក ទង់​ដែង ​និង​ម្ហូប​អាហារ​របស់​កូរ៉េ​ខាង​ជើង។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា​ ប្រសិន​បើ​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ ​ការហាម​ឃាត់​លើ​ទំនិញ​ទាំង​នោះ ​អាច​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ប្រាក់​ចំណូល​របស់​កូរ៉េខាង​ជើង​នៅ​ឆ្នាំ​នេះ ​បន្ទាប់​ពី​រក​ប្រាក់​បាន​១៥០០​លាន​ដុល្លារ​មក​ពី​ការ​នាំ​ចេញ​ទំនិញ​ទាំង​អស់​នោះ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ ក៏​នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន​និង​សន្និសីទ​កំពូល​តំបន់​អាស៊ី​ខាង​កើត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ផង​ដែរ។ លោក​ក៏​នឹង​ចូលរួម​សន្និសីទ​កំពូល​កិច្ច​សហប្រតិបត្តិការ​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC នៅក្នុង​ប្រទេស​វៀត​ណាម៕

XS
SM
MD
LG