លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមជាមួយនឹងប្រទេសរបស់លោក ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងចាត់វិធានការតបតវិញ ប្រសិនបើមានការគំរាមកំហែង ដោយរួមទាំងការចាត់វិធានការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិកដែលហោះនៅក្នុងតំបន់របស់ខ្លួនផងដែរ។
លោក Ri និយាយភ្ជាប់អត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter ទៅនឹងការគំរាមកំហែងនេះ។ ឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក Ri នៅក្នុងអង្គប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លោក ត្រាំ បានសរសេរថា «ទើបតែបានឮរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ។ ប្រសិនបើគាត់និយាយតាមអ្វីដែលប្រធានាធិបតីរបស់គាត់គិត នោះពួកគេនឹងមិននៅបានយូរនោះទេ»។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានឆ្លើយតប។
លោក Ri បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅសណ្ឋាគារនៅទីក្រុង New York ដែលលោកស្នាក់នៅថា «យោងតាមអត្ថាធិប្បាយដែលនិយាយចេញពីជនម្នាក់ដែលកំពុងតែកាន់តំណែងជាប្រធានាធិបតីអាមេរិក នេះសបញ្ជាក់យ៉ាងច្បាស់ថា គឺជាការប្រកាសសង្គ្រាម។ ប្រទេសទាំងអស់ដែលជាសមាជិកអង្គការសហប្រជាជាតិ និងពិភពលោកទាំងមូលគួរតែចងចាំយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកទេដែលជាអ្នកប្រកាសសង្គ្រាមជាមួយនឹងប្រទេសរបស់យើង»។
លោកស្រី Sarah Sanders មន្ត្រីទំនាក់ទំនងរបស់សេតវិមានបាននិយាយថា «យើងមិនបានប្រកាសសង្គ្រាមជាមួយនឹងកូរ៉េខាងជើងនោះទេ»។ លោកស្រីបានបន្ថែមទៀតថា ការលើកឡើងយ៉ាងដូច្នេះគឺ «មិនសមហេតុផលទាល់តែសោះ»៕