ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ច្រានចោលការ​អះអាង​របស់​កូរ៉េ​ខាង​ជើង​ដែល​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រកាស​សង្គ្រាម


លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា. Jim Mattis ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​ម្នាក់​នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។
លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា. Jim Mattis ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​ម្នាក់​នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​អង្គារនេះ​ លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា. Jim Mattis បាន​គូស​បញ្ជាក់​ថា​ស.រ.អា.​ស្វះស្វែង​ឱ្យមាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​មួយ​អំពី​កំណើន​ភាព​តានតឹង​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង ទោះណាជា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​អះអាង​ថា​ Tweet មួយ​ដោយប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​ចន្ទ​ដូចគ្នា​នឹង​ការ​ប្រកាស​សង្គ្រាម​ក៏ដោយ។

នៅ​ពេល​ស្ថិត​ក្នុង​ក្រុង​ New Delhi ដើម្បី​ធ្វើ​ការ​ចរចា​ជាមួយ​ពួក​មន្ត្រី​ឥណ្ឌា​អំពី​ការ​ពង្រឹង​ចំណង​ទាក់ទង​រវាង​ស.រ.អា. និង​ប្រទេស​ឥណ្ឌា​ លោក Mattis បាន​មាន​ប្រសាសន៍​ថា​នៅ​ពេល​ដែល​វត្តមាន​យោធា​របស់​ស.រ.អា.​នៅ​លើ​ឧបទ្វីបកូរ៉េជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​រារាំង​ដល់​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង វត្តមាន​នេះ​ក៏​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ខាង​ការ​ទូត​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី​ដែរ។​

នៅ​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា លោក Mattis បាន​មាន​ប្រសាសន៍​ថា​ «ហើយ​ នេះ​ជា​គោលដៅ​របស់​យើង​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​ដោយ​ការទូត​ហើយខ្ញុំ​មាន​ជំនឿ​ថា​ប្រធានាធិបតី​ Trump បាន​និយាយ​ច្បាស់លាស់​អំពី​បញ្ហា​នេះ​ហើយ»។

កាល​ពីថ្ងៃចន្ទ​ ប្រធានាធិបតី​ Trump បាន​ធ្វើ​អត្ថាធិប្បាយ​តាម Twitter ថា​របបគ្រប់គ្រង​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ឈ្មោះ​ Kim Jong Un «នឹង​មិន​ស្ថិតស្ថេរ​យូរ​ទេ» ប្រសិនបើ​កូរ៉េខាង​ជើង​ធ្វើ​តាម​ការគំរាម​កំហែង​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ផង​ខ្លួន។

ថ្លែង​ទៅ​កាន់​ពួក​អ្នក​កាសែត​នៅជិត​ទី​ស្នាក់ការធំ​របស់​អ.ស.ប.ក្នុង​បុរី​ New York លោក Ri Yong Ho រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ថា «ដោយ​មាន​ការ​ពិត​ជាក់ស្តែង​ថា ​ពាក្យសម្តី​នេះ​មាន​ឡើង​ពី​មនុស្ស​ម្នាក់​ដែល​នៅពេល​ឥឡូវ​នេះ​កាន់​តំណែងជា​ប្រធានាធិបតី​ស.រ.អា. ការណ៍​នេះ​ប្រាកដ​ជា​ការ​ប្រកាស​សង្គ្រាម»។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​បន្ថែម​ថា​ អ.ស.ប. និង​ពិភពលោកទាំង​មូល​គួរ​នឹក​ឃើញ​ឱ្យ​បាន​ច្បាស់លាស់​ថា​គឺ​ស.រ.អា.​ដែល​បាន​ប្រកាស​សង្គ្រាម​ដំបូង​លើ​ប្រទេស​យើង»។

អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យ​សេតវិមាន​បាន​ហៅ​ការ​ចាត់​ទុក​របស់​លោក Ri អំពី Tweet នេះ​ថា «ស្រពិច​ស្រពិល»។

អ្នកស្រី​បាន​និយាយ​បន្ថែម​ថា​ «យើង​មិន​បាន​ប្រកាស​សង្គ្រាមលើ​ប្រទេស​កូរ៉េ​ខាង​ជើង​ទេ»។

XS
SM
MD
LG