កាលពីថ្ងៃព្រហស្បតិ៍ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានចេញដំណើរទៅបំពេញទស្សនកិច្ចលើកទីពីររបស់លោកក្នុងប្រទេសចិនដើម្បីស្វះស្វែងឱ្យមានកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្រុងប៉េកាំងអំពីយុទ្ធនាការដាក់«គំនាបសង្កត់ខ្លាំងបំផុត»ប្រឆាំងនឹងភាពគឃ្លើនខាងបរមាណូរបស់ប្រទេសកូរ៉េខាងជើង នៅពេលមានភាពតានតឹងខ្លាំងឡើងៗនៅលើឧបទ្វីបកូរ៉េ។
នៅក្នុងជំនួបមួយជាមួយលោកឧបនាយករដ្ឋមន្ត្រីចិន Liu Yandong អ្នកការទូតកំពូលស.រ.អា.រូបនេះស្វះស្វែងឱ្យមានកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនក្នុងការទប់ទល់នឹងការបង្ករឿងខាងបរមាណូដោយកូរ៉េខាងជើង និងបើកផ្លូវសម្រាប់ដំណើរទស្សនកិច្ចលើកទីមួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងប្រទេសចិនក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក Tillerson បានមានប្រសាសន៍ថា៖ «យើងនឹងបន្តការពិភាក្សារបស់យើងតទៅទៀតអំពីបញ្ហាឯទៀតៗដែលមានសារៈសំខាន់ ហើយធ្វើឲ្យប្រាកដថា បញ្ហាប្រទេសកូរ៉េខាងជើងនឹងមាននៅលើតុចចារ»។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំងបាននិយាយដូច្នេះនៅមុនការពិភាក្សាជុំទីមួយនៃការសន្ទនាខាងសង្គមកិច្ចនិងខាងវប្បធ៌មរវាងស.រ.អា.និងប្រទេសចិនដែលមានគោលដៅឧបត្ថម្ភផ្ចុងផ្តើមចំណងទាក់ទងគ្នារវាងប្រជារាស្ត្រនិងប្រជារាស្ត្រ។
ស.រ.អា.បានប្តូរយោបល់យ៉ាងជិតស្និទ្ធជាមួយពួកមន្ត្រីចិនអំពីការសន្យារបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការបញ្ឈប់ការដឹកជញ្ជូនចូលក្នុងប្រទេសចិននូវធ្យូងថ្ម, ដែក, រ៉ែដែក, សំណ, រ៉ែសំណនិងម្ហូបសមុទ្រពីប្រទេសកូរ៉េខាងជើង៕