បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានចេញបទបញ្ជាប្រធានាធិបតីថ្មីកាលពីសប្តាហ៍មុនដែលផ្តល់អនុភាពកាន់តែធំឡើងដល់សហរដ្ឋអាមេរិកលើធនាគារបរទេសដែលគាំទ្ររបបកូរ៉េខាងជើងនោះ សហរដ្ឋអាមេរិកឥឡូវនេះកំពុងពិនិត្យមើលការអនុវត្តការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង នេះបើតាមការបញ្ជាក់របស់ពួកមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី Susan Thornton ឧបការីស្តីទី រដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចការតំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិកបានប្រាប់គណៈកម្មាធិការសភាថា រដ្ឋបាលរបស់លោកត្រាំកំពុងធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តដើម្បីព្យាយាមនិងស្រាវជ្រាវរកបណ្តាញធ្វើសកម្មភាពខុសច្បាប់ទាំងនោះដែលត្រូវបានប្រើប្រាស់ដោយកូរ៉េខាងជើងដើម្បីព្យាយាមដាក់ទណ្ឌកម្មមុនៗ។
លោកស្រីបានមានប្រសាសន៍ថា «យើងកំពុងធ្វើការជាមួយដៃគូអន្តរជាតិ។ហើយខ្ញុំគិតថា ការបង្កើនការខំប្រឹងប្រែងជាមួយដៃគូអន្តរជាតិនានាស្តីពីការអនុវត្តនឹងក្លាយជាការណ៍សំខាន់មួយដើម្បីបង្កើនការដាក់សម្ពាធលើរបបរបស់គីម ជុងអ៊ុន»។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសការដាក់ទណ្ឌកម្មថ្មីកាលពីថ្ងៃអង្គារដៅលើធនាគារកូរ៉េខាងជើងចំនួន៨ និងពួកមន្ត្រីធនាគាររបស់កូរ៉េខាងជើង២៦នាក់។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ចំណាត់ការនេះមានគោលបំណងរារាំងកូរ៉េខាងជើងមិនឲ្យប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដើម្បីសម្របសម្រួលកម្មវិធីកាំជ្រួចមីស៊ីលរបស់ខ្លួន។
លោក Sigal Mandelker អនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកទទួលបន្ទុកភេរវកម្ម និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុបានប្រាប់សភាថា បទបញ្ជាប្រធានាធិបតី កត់សម្គាល់ ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍ថា ធនាគារមិនមែនជារបស់កូរ៉េខាងជើងបានក្លាយជាទីដៅសម្រាប់សម្របសម្រួលសកម្មភាពហិរញ្ញវត្ថុរបស់កូរ៉េខាងជើង៕