កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយប្រាប់មន្ត្រីរុស្ស៊ីពីរនាក់នៅក្នុងជំនួបមួយកាលពីឆ្នាំ២០១៧ថា លោកមិនខ្វល់ខ្វាយអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការបោះឆ្នោតស.រ.អា.ទេ។ បញ្ហានេះបាននាំឱ្យពួកមន្ត្រីសេតវិមានដាក់កម្រិតការចូលមើលកំណត់សម្គាល់ទាំងនេះ។
សារព័ត៌មាន Washington Post បាននិយាយដោយយោងដល់ពួកអតីតមន្ត្រីដែលបានដឹងអំពីរឿងនេះថា សេចក្តីសង្ខេបនៃការសន្ទនាគ្នានៅក្នុងជំនួបរបស់លោក ត្រាំ ក្នុងបន្ទប់រាងពងក្រពើនៃសេតវិមានជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងឯកអគ្គរដ្ឋទូតរបស់លោកបានត្រូវកម្រិតត្រឹមតែមន្ត្រីពីរបីនាក់នៅក្នុងការប៉ុនប៉ង
មួយដើម្បីធ្វើកុំឱ្យអត្ថាធិប្បាយរបស់លោកប្រធានាធិបតីបានត្រូវលាតត្រដាងឱ្យដឹងជាសាធារណៈ។
សេតវិមានមិនបានឆ្លើយតបជាបន្ទាន់នឹងសំណើសុំអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅឡើយទេ។
ការត្អូញត្អែរដោយអ្នកឆ្កឹះកកាយរឿងសម្ងាត់ម្នាក់អំពីការនិយាយគ្នាតាមទូរស័ព្ទកាលពីខែកក្កដាដែលនៅក្នុងនោះលោក ត្រាំ បានសុំឱ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ស៊ើបអង្កេតអំពីលោក Joe Biden គូប្រជែងនយោបាយខាងគណបក្សប្រជាធិបតេយ្យជាស្នូលនៃការស៊ើបអង្កេតដើម្បីចោទប្រកាន់លោក ត្រាំ ដោយសភាតំណាងរាស្ត្រអាមេរិកាំងបានចាប់ផ្តើមក្នុងសប្តាហ៍នេះហើយ៕