ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រុស្ស៊ី​ច្រាន​ចោល​ការ​អះអាង​របស់​លោក Trump ដែល​ថា ខ្លួន​ដក​ទីប្រឹក្សា​យោធា​ចេញ​ពី វេណេហ្ស៊ុយអេឡា


រូបឯកសារ៖ ពលរដ្ឋវេណេហ្ស៊ុយអេឡាចួលរួមធ្វើបាតុកម្មប្រឆាំងនឹង​រដ្ឋាភិបាលនៅក្រុងការ៉ាកាស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ 

កាល​ពី​ថ្ងៃ​ចន្ទ លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា ប្រទេស​រុស្ស៊ី​បាន​ជូន​ដំណឹង​ដល់​សហរដ្ឋ​អាមេរិក «ថា ពួកគេ​បាន​ដក [ទីប្រឹក្សា​យោធា​របស់​ពួកគេ] ភាគ​ច្រើន​បំផុត​ចេញ​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា‍»។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រាប់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថា ខ្លួន​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា​នោះ​ទេ។ ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​រុស្ស៊ី​នេះ​គឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក Trump កាល​ពី​ថ្ងៃ​ចន្ទ។

ដោយ​យោង​លើ​ការ​អះអាង​របស់​លោក Trump តាម Twitter កាល​ពី​ថ្ងៃ​ច័ន្ទ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ខ្ញុំ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​អំពី​រឿង​នេះ។ រដ្ឋាភិបាល​រុស្ស៊ី​មិន​ដែល​ជូន​ដំណឹង​ដល់​នរណា​ម្នាក់​នោះ​ទេ [អំពី​រឿង​នេះ]។ លោក Trump ប្រហែល​ជា​អាន​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​កាសែត The Wall Street Journal ហើយ​មើល​ទៅ‍»។

កាល​ពី​ថ្ងៃ​ចន្ទ លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា ប្រទេស​រុស្ស៊ី​បាន​ជូន​ដំណឹង​ដល់​សហរដ្ឋ​អាមេរិក «ថា ពួកគេ​បាន​ដក [ទីប្រឹក្សា​យោធា​របស់​ពួកគេ] ភាគ​ច្រើន​បំផុត​ចេញ​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា‍»។

ការ​លើក​ឡើង​របស់​លោក Trump នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កាសែត The Wall Street Journal បាន​ផ្សាយ​ដោយ​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដែល​ស្និទ្ធ​នឹង​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ដក​ទីប្រឹក្សា​យោធា​ភាគ​ច្រើន​ចេញ​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា។

កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ លោក Trump បាន​និយាយ​ថា ប្រទេស​រុស្ស៊ី «ត្រូវតែ​ចេញ‍» ពី​ប្រទេស​វេណេហ្ស៊ុយអេឡា បន្ទាប់ពី​រុស្ស៊ី​បាន​ចុះ​ចត​យន្តហោះ​របស់​ខ្លួន ដែល​ដឹក​គ្រឿង​ផ្គត់ផ្គង់ និង​ទីប្រឹក្សា​បច្ចេកទេស​នានា​ដើម្បី​ជួយ​លោក​ប្រធានាធិបតី Nicolas Maduro ស្រប​ពេល​ដែល​មាន​ការ​បះបោរ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា៕

XS
SM
MD
LG