ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ ​និយាយ​ថា​សម្ព័ន្ធភាព​អាមេរិក​និង​រុស្ស៊ី​ធ្វើ​ឱ្យ​ពិភព​លោក​ប្រសើរ​ឡើង​


រូបឯកសារ៖ ប្រធានាធិបតី ត្រាំ ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី នៅ​ប្រទេស​ហ្វាំងឡង់ កាល​ពី​ឆ្នាំ​២០១៨។
រូបឯកសារ៖ ប្រធានាធិបតី ត្រាំ ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី នៅ​ប្រទេស​ហ្វាំងឡង់ កាល​ពី​ឆ្នាំ​២០១៨។

ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​សម្ព័ន្ធ​ភាព​រវាង​អាមេរិក​និង​រុស្ស៊ី​អាច​នឹង​ធ្វើ​ឱ្យ​សហគមន៍​ពិភពលោក​កាន់​តែ​ប្រសើរ​ឡើង។​

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី​ លោក ត្រាំ ​បាន​និយាយ​តាម​ twitter ​ថា៖ ​«សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​រុស្ស៊ីធ្វើ​ឲ្យ​ពិភព​លោក​ប្រសើរ​ឡើង​និង​មាន​សុវត្ថិភាព​ជាង​មុន»។​

លោក ​ត្រាំ ​បាន​និយាយ​ថា ​ក្នុង​ការ​សន្ទនា​រយៈ​ពេល​លើស​ពីមួយ​ម៉ោង​នោះ ​បញ្ហា​ប្រទេស​វ៉េណេស៊ុយអេឡា​ជា​បញ្ហា​មួយ​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​លោក​ពូទីន។ ​

លោក ​ត្រាំ ​បាន​ប្រាប់​អ្នក​យកព័ត៌មាននៅ​ការិយាល័យ​ប្រធានាធិបតី​កាល​ពី​រសៀល​ថ្ងៃសុក្រ​ថា៖

​«គាត់​មិន​ចង់​ពាក់​ព័ន្ធ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ទេ។ គាត់​គ្រាន់​តែ​ចង់​ឃើញ​រឿង​វិជ្ជមាន​កើត​ឡើង​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា។ ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ»។​ ​

ពេល​ឈរ​នៅ​ជាមួយ​លោក ​Peter Pellegrini ​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី លោក ត្រាំ ​បាន​និយាយថា ការ​ពិភាក្សា​របស់​លោក​ជាមួយ​លោក​ Putin អំពី​ប្រទេស​វ៉េណេស៊ុយអេឡា​គឺ​ជា​កិច្ច​ពិភាក្សា​ «វិជ្ជមាន​ណាស់»។

ភាព​តាន​តឹង​បាន​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​រវាង​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ទាក់​ទង​នឹង​អស្ថិរភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទីក្រុង​ការ៉ាកាស។​ ​រដ្ឋបាល​លោក​ ត្រាំ ​បាន​ចោទ​ថា ​រុស្ស៊ីរារាំង​មិន​ឲ្យ​លោក​ប្រធានាធិបតី​ Nicolas Maduro ​បោះ​បង់​អំណាច​ និង​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស៕​

XS
SM
MD
LG