កាលពីថ្ងៃពុធ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយនាយកប្រិតបត្តិកំពូលៗមកពីក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិកធំៗ។ ក្រុមហ៊ុនភាគច្រើននៃក្រុមហ៊ុនទាំងនោះស្ថិតនៅក្នុងចំណោមអ្នកដែលរិះគន់លោកយ៉ាងខ្លាំងក្នុងអំឡុងនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ ក៏ប៉ុន្តែ មិនមានសញ្ញាណនៃការជាប់ទាក់ទងនឹងបញ្ហានេះក្នុងអំឡុងនៃការពិភាក្សានេះទេ។
ការិយាល័យរបស់លោកត្រាំ បានប្រាប់ឲ្យដឹងថា លោកចង់ចាប់ផ្តើមការសន្ទនា និងភាពជាដៃគូដើម្បីធ្វើឲ្យមានការបញ្ចូលរបៀបថ្មីហើយនិងបង្កើតការងារកាន់តែច្រើនឡើង។
ជំនួបនៅឯទីស្នាក់ការធំរបស់លោកត្រាំក្នុងទីក្រុងញូវយ៉ករួមមានលោក Sheryl Sandberg ប្រធានប្រតិបត្តិការក្រុមហ៊ុន Facebook លោក Jeff Bezos អគ្គនាយកក្រុមហ៊ុន Amazon លោក Elon Musk អគ្គនាយកក្រុមហ៊ុន Tesla ហើយនិងលោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google។
លោកត្រាំមានភាពរាក់ទាក់ និងនិយាយសម្របសម្រួលនៅក្នុងការចាប់ផ្តើមជំនួបនោះ។
លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា «គ្មាននរណាដូចជាមនុស្សនៅក្នុងបន្ទប់នេះទេ។ យើងចង់ឲ្យអស់លោករក្សាការបញ្ចូលរបៀបថ្មីប្រកបដោយការជឿទុកចិត្តបាន។ យើងអាចធ្វើអ្វីៗដើម្បីជួយអស់លោកឲ្យបានជឿនលឿនទៅមុខ យើងនឹងស្ថិតនៅទីនោះសម្រាប់អស់លោកអ្នក»។
លោកត្រាំបានប្រាប់អគ្គនាយកក្រុមហ៊ុនឲ្យទូរស័ព្ទមកកាន់លោកផ្ទាល់ ប្រសិនបើពួកគេ ចង់ពិភាក្សា ហើយលោកបាននិយាយទៀតថា ពួកគេអាចជួបគ្នាម្តងទៀត គឺក្នុងរយៈពេល៣ខែម្តង៕