លោកដូណាល់ ត្រាំបានសម្រេចចិត្តតែងតាំងអតីតអភិបាលរដ្ឋ Texas លោក Rick Perry ជារដ្ឋមន្ត្រីក្រសួងថាមពល។
នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតតែងតាំងបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សសាធារណរដ្ឋកន្លងមក បន្ទាប់ពីលោក Rick Perry ដែលមានវ័យ ៦៦ ឆ្នាំរូបនេះ បរាជ័យនៅក្នុងការប្រកួតប្រជែងដោយសារទទួលបានសំឡេងគាំទ្រតិចតួចរួចមក លោកបានងាកមកគាំទ្រលោកត្រាំ ដោយបាននិយាយថា លោកត្រាំមិនមែនជាជម្រើសទីមួយ ឬជាជម្រើសទីពីររបស់លោកសម្រាប់តំណែងជាប្រធានាធិបតីទេ ប៉ុន្តែលោកគឺជាជម្រើសរបស់ប្រជាពលរដ្ឋ។
លោកត្រាំនៅថ្ងៃពុធនេះ បានតែងតាំងលោក Perry ជាផ្លូវការឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងថាមពល ដែលជាក្រសួងមានបុគ្គលិកចំនួន ១ សែននាក់ ដែលលោក Perry នឹងមានតួនាទីមើលការខុសត្រូវលើឃ្លាំងអាវុធនុយក្លេអ៊ែរ និងបន្តគាំទ្រការអភិវឌ្ឍគម្រោងថាមពលដែលទាញពីថាមពលដែលអាចប្រើប្រាស់ឡើងវិញ។
លោកត្រាំបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា៖ «រដ្ឋបាលរបស់ខ្ញុំនឹងធ្វើយ៉ាងណាធានាថា យើងទាញយកផលប្រយោជន៍ចេញពីប្រភពធនធានធម្មជាតិដ៏ច្រើនរបស់យើង ដើម្បីធ្វើឲ្យវិស័យថាមពលរបស់សហរដ្ឋអាមេរិកមានឯករាជ្យភាព និងបង្កើតនូវធនធានថ្មីដ៏ច្រើនសម្រាប់ប្រទេសរបស់យើង។ លោក Rick Perry ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងថាមពល នឹងអនុវត្តគម្រោងនេះឲ្យបានប្រសើរ»៕