នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតីជាប់ឆ្នោតដូណាល់ត្រាំបានជ្រើសរើសលោកRex Tillersonនាយកប្រតិបត្តិក្រុមហ៊ុនExxonMobil ជាបេក្ខជនសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេស។
លោក Tillerson មានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងប្រធានាធិបតីរុស្ស៊ី ហើយលោកបានធ្វើការនៅក្នុងក្រុមហ៊ុននេះចំនួន៤១ឆ្នាំមកហើយ។
លោកត្រាំនិយាយថា ចំណេះដឹងរបស់លោកTillerson ក្នុងការគ្រប់គ្រងក្រុមហ៊ុនលំដាប់ពិភពលោកនេះមានសារៈសំខាន់ក្នុងការដឹកនាំក្រសួងការបរទេសឱ្យទទួលបានជោគជ័យ។
លោកត្រាំបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមការងារទទួលបន្ទុកផ្ទេរតំណែងថា៖
«ការកាន់កាប់តំណែង បទពិសោធន៍ទូលំទូលាយ និងការយល់ដឹងស៊ីជម្រៅពីភូមិសាស្រ្តនយោបាយរបស់គាត់បានធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេស។ លោកនឹងជំរុញស្ថិរភាពក្នុងតំបន់ ហើយផ្តោតលើផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកជាចម្បង»។
គេបានគិតថា លោកត្រាំប្រហែលជាអាចត្រូវបង្ខំចិត្តជ្រើសរើសមនុស្សផ្សេងដូចជា លោក Mitt Romney អតីតអភិបាលរដ្ឋ Massachusetts ដោយសារតែកម្រិតគាំទ្រក្នុងចំណោមគណបក្សសាធារណរដ្ឋនៅឯព្រឹទ្ធសភាចំពោះលោក Tillerson មានលក្ខណៈរង្គោះរង្គើរ។
លោក John McCain ប្រធានគណៈកម្មាធិការសេវាកម្មយោធាបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថាទំនាក់ទំនងរបស់លោក Tillerson ជាមួយនឹងលោក Vladmir Putin ប្រធានាធិបតីរុស្ស៊ីគឺជា«ការព្រួយបារម្ភមួយ»៕