ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ព្រម​ព្រៀង​ប្រេង​ពិភពលោក​របស់​លោក​ Tillerson ​បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក ដូណាល់​ ត្រាំ


រូបឯកសារ៖ លោក​ Rex Tillerson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​ ExxonMobil ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក។

បទ​ពិសោធន៍​របស់​លោក ​Rex Tillerson ​ស្តីពី​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ប្រេង​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លាសម្រាប់​ក្រុមហ៊ុន​ប្រេង ​Exxon Mobile ​នៅ​លើពិភព​លោក​បាន​ធ្វើ​ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​នេះ​ទទួល​បានការ​ចាប់​អារម្មណ៍ពី​ប្រធានា​ធិប​តី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ ដែល​បាន​តែងតាំង​លោក​កាល​ពី​ថ្ងៃ​អង្គារ​ជា​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ​ត្រាំ​ បាន​និយាយ​ថា៖ «លោក ​Tillerson ​បាន​ស្គាល់​ពី​របៀប​ចាត់​ចែង​សហគ្រាស​សាកល​លោក​ដែល​មាន​សារៈ​សំខាន់​ដើម្បី​ដឹកនាំ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ទទួល​ជោគ​ជ័យ‍»។

ប្រធានា​ធិបតី​ជាប់​ឆ្នោត ដូណាល់ ​ត្រាំ ​បាន​និយាយ​នៅ​លើ​ប្រព័ន្ធ​សារTwitter ថា៖ «ចំណុច​ដែល​ខ្ញុំ​ចូល​ចិត្ត​លោក​ Rex Tillerson ​បំផុត​គឺថា ​លោក​មាន​បទពិសោធន៍​យ៉ាង​ច្រើន​បំផុត​ដើម្បី​ទាក់​ទងជាមួយ​រដ្ឋាភិបាល​បរទេស​គ្រប់​ប្រភេទ​ឲ្យ​បាន​ទទួល​ជោគ​ជ័យ‍»។

ភ្លាមៗ​នោះ​ លោក​ Reince Priebus ​នាយកខុទ្ទកាល័យ​សេតវិមាន ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​MSNBC​ ថា ​លោកTillerson​ ជា​អ្នក​ការទូត​ដែល​អាច​ធ្វើ​ឲ្យ​ក្រ​សួង​ការបរទេស​បាន​ទទួល​ជោគជ័យ‍»។

លោក ​Priebus ​បាន​និយាយ​បន្ត​ទៀត​ថា ​លោក ​Tillerson ​អាយុ​៦៤​ឆ្នាំ បាន​រក្សា​ទំនាក់​ទំនង​ដ៏ល្អ​នៅ​ទីកន្លែងជាច្រើន​ទូទាំង​ពិ​ភពលោក​ដែល​មិនមែន​ជាទី​កន្លែងងាយ​ស្រួល​នៅ​ក្នុងការ​ធ្វើ​ទំនាក់​ទំនង​ក្នុង​អំឡុងពេល​ដ៏​លំបាក​របស់​រដ្ឋបាល​នានា។

​កិច្ច​ព្រម​ព្រៀង​ប្រេង​ដ៏​ធំ​របស់​លោក ​Tillerson ​ជាមួយ​ប្រទេស​រុស្ស៊ី ​អាចធ្វើ​ឲ្យ​មាន​ភាព​ស្មុគ្រស្មាញ​ពីការ​ទទួល​បាន​ការ​តែងតាំង​របស់​លោក​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​នៅ​ទី​នោះ​សមាជិកព្រឹទ្ធសភា​សំខាន់ៗ​ជា​ច្រើនបាន​និយាយ​រួច​ទៅ​ហើយ​ថា ​ពួកគេ​មាន​ការ​រកាំ​ចិត្ត​ពី​ចំណង​ទាក់​ទង​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ជាមួយ​លោក ​Vladimir Putin ​ប្រធានា​ធិបតី​នៃ​ប្រទេស​រុស្ស៊ី​ដែល​កាល​ពី​ឆ្នាំ​២០១៣​បាន​ផ្តល់រង្វាន់​មិត្តភាពដល់​លោក Tillerson​ និង​ជន​បរទេស​ជា​ច្រើន​ទៀត៕

XS
SM
MD
LG