ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកគ្រោងប្រកាសឈ្មោះអ្នកដែលលោកនឹងតែងតាំងជាចៅក្រមតុលាការកំពូលថ្មី នៅថ្ងៃសៅរ៍ខាងមុខ ដើម្បីជំនួសតំណែងរបស់អ្នកស្រី Ruth Bader Ginsburg ដែលបានទទួលមរណភាពកាលពីសប្ដាហ៍មុន។
លោក Trump បានឲ្យដឹងនៅលើ Twitter កាលពីថ្ងៃអង្គារម្សិលមិញថា លោកនឹងប្រកាសអំពីរឿងនេះនៅសេតវិមាន។ មុនហ្នឹង លោកបាននិយាយថា ជម្រើសរបស់លោកគឺបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាស្ត្រីអភិរក្សនិយម ៥ នាក់ ដែលលោកកំពុងពិចារណា។
កាលពីថ្ងៃចន្ទ លោកបានជួបជាមួយបេក្ខជនដ៏មានសក្ដានុពលម្នាក់សម្រាប់តំណែងនេះ ដែលនោះគឺអ្នកស្រី Amy Coney Barrett ដែលជាចៅក្រមតុលាការឧទ្ធរណ៍សហព័ន្ធមណ្ឌលទី ៧។
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលជាគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតដែលនឹងចូលមកដល់ក្នុងពេល ៦ សប្ដាហ៍ខាងមុខ បានស្នើថា ប្រធានាធិបតីអាណត្តិបន្ទាប់ គឺជាអ្នកដែលត្រូវតែងតាំងចៅក្រមតុលាការកំពូលនេះ នៅក្រោយពេលស្បថចូលកាន់តំណែង នៅខែមករាខាងមុខ។
ប៉ុន្តែគណបក្សសាធារណរដ្ឋកំពុងសម្លឹងមើលលើការទាញប្រយោជន៍ពីសំឡេងភាគច្រើនរបស់ខ្លួននៅក្នុងព្រឹទ្ធសភា ដែលមានចំនួន ៥៣ ទល់នឹង ៤៧ សំឡេង ដើម្បីឲ្យតុលាការកំពូលមានសំឡេងអភិរក្សនិយមច្រើនជាងមុន តាមរយៈការគ្រោងអនុម័តតាមសំណើរបស់លោក Trump លើការតែងតាំងចៅក្រមអភិរក្សនិយមសម្រាប់តុលាការកំពូលនេះ។
លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា បាននិយាយកាលពីថ្ងៃអង្គារថា បេក្ខជនដែលលោក Trump តែងតាំង នឹងទទួលបានការបោះឆ្នោតគាំទ្រពីព្រឹទ្ធសភានៅមុនដំណាច់ឆ្នាំនេះ។
កន្លងមក ព្រឹទ្ធសភាបានអនុម័តតាមសំណើរបស់លោក Trump ក្នុងការតែងតាំងចៅក្រមអភិរក្សនិយម ២ រូបរួចមកហើយ ដែលនោះគឺលោក Neil Gorsuch និង លោក Brett Kavanaugh។
ប្រសិនបើលោក Trump បានជោគជ័យនៅក្នុងការតែងតាំងចៅក្រមអភិរក្សនិយមម្នាក់ទៀត នោះចំនួនចៅក្រមអភិរក្សនិយមនឹងកើនដល់ ៦ នាក់ ក្នុងចំណោមចៅក្រមសរុប ៩ នាក់ នៃតុលាការកំពូលនេះ៕