ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Trump គ្រោង​តែងតាំង​ស្រ្តី​ជា​ចៅក្រម​តុលាការ​កំពូល​ជំនួស​តំណែង​លោកស្រី Ginsburg ដែល​បាន​ស្លាប់


ទង់ជាតិអាមេរិកត្រូវបានទម្លាក់ចុះពាក់កណ្តាលនៅមុខតុលាការកំពូល ក្រោយលោកស្រីចៅក្រម Ruth Bader Ginsburg បានទទួលមរណភាពក្នុងជន្មាយុ ៨៧ឆ្នាំ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី Donald Trump ហាក់​ដូចជា​កំពុង​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ជ្រើសរើស​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​ចៅក្រម​ជា​ស្ត្រី ២ នាក់ ដែល​លោក​បាន​តែងតាំង​ឲ្យ​កាន់​តំណែង​ក្នុង​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ ដើម្បី​ជំនួស​តំណែង​ចៅក្រម​តុលាការ​កំពូល​លោកស្រី Ruth Bader Ginsburg ដែល​បាន​ស្លាប់​កាលពី​សប្តាហ៍​មុន។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​មួយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង Fayetteville រដ្ឋ North Carolina ថា លោក​នឹង​ធ្វើការ​តែងតាំង​នៅ​សប្តាហ៍​នេះ ហើយ​ថា «បេក្ខជន​នោះ​នឹង​ជា​ស្ត្រី»។

លោកស្រី Amy Coney Barrett នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ទី៧ នៅ​ទីក្រុង Chicago រដ្ឋ Illinois
លោកស្រី Amy Coney Barrett នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ទី៧ នៅ​ទីក្រុង Chicago រដ្ឋ Illinois

នៅ​មុន​លោក​ថ្លែង​នេះ លោក​បាន​បញ្ចេញ​ឈ្មោះ​លោកស្រី Amy Coney Barrett នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ទី៧ នៅ​ទីក្រុង Chicago និង​លោកស្រី Babara Lagoa នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ទី​១១ នៅទីក្រុង Atlanta ថា​ជា​បេក្ខជន​ដែល​លោក​នឹង​ពិចារណា។

ក្រុម​អ្នក​គាំ​ទ្រ​លោក​បាន​នាំ​គ្នា​ស្រែក​ថា‍«បំពេញ​អាសនៈ​នោះ‍​ទៅ» ហើយ​លោក Trump បាន​ឆ្លើយ​វិញ​ថា​នេះ​ជា​រឿង​ដែល​លោក​គ្រោង​នឹង​ធ្វើ។

លោកស្រី Babara Lagoa នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ទី​១១ នៅទីក្រុង Atlanta រដ្ឋ Georgia
លោកស្រី Babara Lagoa នៃ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ទី​១១ នៅទីក្រុង Atlanta រដ្ឋ Georgia

ប៉ុន្តែ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden បាន​អំពាវនាវ​ដល់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ កុំ​ឲ្យ​បោះឆ្នោត​ជូន​បេក្ខជន​ណា​ម្នាក់​សម្រាប់​តំណែង​តុលាការ​កំពូល​នេះ នៅ​កៀក​ពេល​ដែល​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ជិត​ចូល​មក​ដល់​ដូច្នេះ។

លោក Biden បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania ថា៖ «អ្នកបោះឆ្នោត​នៃ​ប្រទេស​នេះ​គួរតែ​ត្រូវ​គេ​ស្តាប់។ ពួកគេ​ជា​អ្នក​ដែល​រដ្ឋធម្មនុញ្ញ​ចាត់ទុក​ថា​ជា​អ្នក​សម្រេច​ថា​តើ​អ្នកណា​មាន​អំណាច​ដើម្បី​តែងតាំង​អ្នក​កាន់​តំណែង​នេះ‍។ ការ​តែងតាំង​តាម​ព្រឹទ្ធសភា​យ៉ាង​បង្ខំ​នេះ គឺ​គ្រាន់តែ​ជា​ការ​ព្យាយាម​ប្រើ​អំណាច​នយោបាយ​ឆៅ​តែ​ប៉ុណ្ណោះ‍»៕

XS
SM
MD
LG