កិច្ចប្រជុំកំពូលពិសេសអាស៊ាន - អាមេរិកត្រូវគេគ្រោងនឹងធ្វើនៅសហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមីនាខាងមុខ ដែលប្រទេសជាច្រើនបានសម្រេចថា មេដឹកនាំខ្លួននឹងមកចូលរួមតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីពិភាក្សាបញ្ហាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដែលទំនងជាផ្តោតលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាក្នុងតំបន់ផ្សេងទៀត ដែលចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនដ៏ខ្លាំងក្លានោះ។
បើគ្មានអ្វីប្រែប្រួលទេ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងទទួលជួបជាមួយក្រុមមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ចំនួន១០ប្រទេស រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាផងនៅថ្ងៃទី១៤ មីនា ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី ត្រាំ ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយតំបន់អាស៊ានដែលមានពលរដ្ឋជាង ៥៦០ លាននាក់ និងជាតំបន់មានសក្តានុពលសេដ្ឋកិច្ចក្នុងពិភពលោកនេះ អាចនឹងធ្វើការប្តេជ្ញាថ្មីៗបន្ថែមទៀតលើបញ្ហាសន្តិសុខតំបន់និងសម្ព័ន្ធមិត្ត បញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកត្រូវពង្រីកបន្ថែមជាមួយប្រទេសក្នុងតំបន់ បញ្ហាសមុទ្រចិនខាងត្បូងដែលប្រទេសក្នុងតំបន់ខ្លះកំពុងតស៊ូមតិជាមួយចិនក្នុងការទាមទារដែនកម្មសិទ្ធិជាដើម។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងពីសារៈសំខាន់នៃតួនាទីអាមេរិកក្នុងតំបន់ ដើម្បីរក្សាតុល្យភាពជាមួយនឹងមហាអំណាចចិន។
«ក៏ប៉ុន្តែចំពោះប្រទេសនៅអាស៊ីអាគ្នេយ៍ គឺចង់ឲ្យអាមេរិកដើរតួនាទីសំខាន់ ប៉ុន្តែមិនចង់ប្រកួតប្រជែងជាមួយចិនហ្នឹងវាខ្លាំងពេក ដល់ថ្នាក់ថា បង្ខំឲ្យប្រទេសមួយចំនួនទៅកាន់ជើងម្ខាងៗនោះទេ។ អ៊ីចឹងស្វាគមន៍ចំពោះវត្តមានរបស់អាមេរិក ក៏ប៉ុន្តែកុំលូកដៃចូលជ្រៅពេកនៅក្នុងតំបន់ ជាពិសេសនយោបាយផ្ទៃក្នុងនៃបណ្តាប្រទេសក្នុងតំបន់ហ្នឹង ដែលអាចធ្វើឲ្យមានអស្ថិរភាព ឬក៏មានភាពប្រេះឆា»។
ប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ រួមមានវៀតណាម ហ្វីលីពីនម៉ាឡេស៊ី និងព្រុយណេ មានវិវាទជាមួយចិនក្នុងការទាមទារដែនកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ដែលជាបញ្ហាស្មុគស្មាញមួយក្នុងតំបន់។
សហរដ្ឋអាមេរិក និងអាស៊ានបានបានទាមទារឲ្យគូភាគីដោះស្រាយបញ្ហាតាមច្បាប់ និងបទដ្ឋានអន្តរជាតិ ដូចជាកតិកាសញ្ញារបស់អង្គការសហប្រជាជាតិ(អ.ស.ប.) កាលពីឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រដែលហៅថា UNCLOS ក្នុងពេលគូភាគីទាំងចិន និងអាស៊ានកំពុងតាក់តែងរួមគ្នានូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដើម្បីដោះស្រាយបញ្ហាដែនកម្មសិទ្ធនេះ។
គេមិនទាន់ឃើញមានការប្រកាសឲ្យដឹងថា តើមានកម្មវិធីអ្វីខ្លះ និងរឿងអ្វីខ្លះដែលលោកត្រាំនឹងផ្តោតការយកចិត្តទុកដាក់ជាមួយមេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ មេដឹកនាំអាស៊ាននិងអាមេរិកបានប្តេជ្ញាលើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនជាបន្តបន្ទាប់។
«យើងបញ្ជាក់ពីការប្តេជ្ញារួមគ្នាដើម្បីពង្រឹងដៃគូជាយុទ្ធសាស្ត្រអាស៊ានអាមេរិក ដែលជាសសរស្តម្ភដ៏សំខាន់ចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ យើងកត់សម្គាល់ពីការពេញចិត្តចំពោះការរីកចម្រើនដ៏សំខាន់ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន អាមេរិក ដើម្បីអនុវត្តដៃគូជាយុទ្ធសាស្ត្រអាស៊ានអាមេរិកឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ដែលបណ្តាសកម្មភាពនានាត្រូវបានដោះស្រាយ និងឈានទៅរកការបង្កើតផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ដែលនឹងតម្រង់ទិសភាគីទាំងពីរឲ្យសម្រេចបានជាដៃគូប្រកបដោយសក្តានុពលពេញលេញសម្រាប់រយៈពេល ៥ឆ្នាំទៅមុខ»។
ប្លុកអាស៊ានទាំង ១០ប្រទេស មានផលិតផលសរុបក្នុងស្រុក GDP ដល់ទៅ ២,៨លានលានដុល្លារអាមេរិក ហើយជាតំបន់សេដ្ឋកិច្ចទី៣ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីចិននិងឥណ្ឌា។ អាស៊ានមានកំណើនសេដ្ឋកិច្ច ៥,៥ភាគរយក្នុងមួយឆ្នាំ ហើយក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី៤ ក្នុងពិភពលោកនៅឆ្នាំ ២០៥០។
តំបន់អាស៊ាន គឺជាទីតាំងសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក ដែលបង្កើតចំណូលសម្រាប់ពាណិជ្ជកម្មឆ្លងកាត់តំបន់ដល់ទៅ ៣,៤ លានលានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងមួយឆ្នាំៗ អាមេរិកនាំចូលទំនិញនិងសេវាកម្មទៅកាន់អាស៊ានមានទឹកប្រាក់ដល់ទៅ ១០៥ពាន់លានដុល្លារក្រៅពីមានកិច្ចសហប្រតិបត្តិការជាច្រើនទៀតនោះ។
លោក ឈាង វណ្ណារិទ្ធ យល់ថា នេះជាពេលវេលាដែលអាមេរិកត្រូវស្តារទំនុកចិត្តក្នុង តំបន់ដើម្បីទប់ឥទ្ធិពលចិន។ លោកបានទទួលស្គាល់ថា មេដឹកនាំអាស៊ានមួយចំនួននៅមិនទាន់អាចរំសាយចិត្តជាមួយសហរដ្ឋអាមេរិកបាន ដោយសារលោក ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ (TPP) ហើយលោកត្រាំមិនឲ្យតម្លៃទៅលើយន្តការពហុភាគីដែលដឹកនាំដោយអាស៊ាន ហើយលោក ត្រាំ មិនបានចូលរួមប្រជុំកន្លងទៅនៅទីក្រុងបាងកក ដោយគ្រាន់តែបញ្ជូនមន្ត្រីថ្នាក់ទាបប៉ុណ្ណោះទៅចូលរួម។
«អ៊ីចឹងធ្វើឲ្យគេអាក់អន់ចិត្តច្រើននៅតំបន់នេះ។ អ៊ីចឹងទេ វត្តមានការទូតរបស់អាមេរិកនៅក្នុងតំបន់ហ្នឹងវាធ្លាក់ចុះ។ តួនាទីសន្តិសុខនៅតែសំខាន់ ក៏ប៉ុន្តែតួនាទីសេដ្ឋកិច្ចរបស់អាមេរិកត្រូវតែជំរុញបន្ថែម ជាពិសេសផ្នែកពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅក្នុងតំបន់ហ្នឹង បើមិនអ៊ីចឹងទេ ការទូត សេដ្ឋកិច្ចហ្នឹងអាចចាញ់ចិនដាច់ឆ្ងាយ ពីព្រោះថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងកំពុងតែគេហៅថា ធ្វើពាណិជ្ជកម្ម ក៏ដូចជាមានការវិនិយោគចិនហ្នឹងចូលមកច្រើន។ អ៊ីចឹង វាអាចគ្របដណ្តប់ទៅលើតួនាទីសេដ្ឋកិច្ចរបស់អាមេរិក ហើយទី៤ហ្នឹងគឺទំនាក់ទំនងមនុស្សនិងមនុស្សរវាងប្រជាជនអាមេរិកនិងប្រជាជនអាស៊ីអាគ្នេយ៍ហ្នឹង ធ្វើយ៉ាងម៉េចឲ្យមានការផ្លាស់ប្តូរឲ្យបានច្រើន ជាពិសេសលើវិស័យអប់រំ និងវប្បធម៌ហ្នឹង»។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកត្រូវការតំបន់អាស៊ីអាគ្នេយ៍ដែរ។
«ពីព្រោះអាហ្នឹងមានសារៈសំខាន់ណាស់ ពីព្រោះថា អាមេរិកក៏មិនចង់បាត់បង់អាស៊ាន ឬក៏អាស៊ីអាគ្នេយ៍ហ្នឹងទេ។ អ៊ីចឹងត្រូវតែពង្រឹងនូវតួនាទីក៏ដូចជាឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាគឺលោក W Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីពិភាក្សា និងប្រគល់លិខិតលោក ត្រាំ អញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់កិច្ចប្រជុំកំពូលអាមេរិកអាស៊ាន នៅរដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក។
អ្នកទាំងពីរក៏បានជួបពិភាក្សាចុងក្រោយ កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ អំពីបញ្ហាទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកផងដែរ បន្ថែមលើបញ្ហាសំខាន់ៗមួយចំនួនទៀតផងនោះ។
លោក Murphy បានបង្ហោះសារតាមប្រព័ន្ធទ្វីតធឺរបស់លោកថា៖ «នៅក្នុងកិច្ចប្រជុំរបស់យើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងខ្ញុំបានពិភាក្សាអំពីកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានខាងមុខនៅក្នុងរដ្ឋនេវ៉ាដា កិច្ចខិតខំប្រឹងប្រែងនានាដើម្បីធានាការរីកចម្រើននៅកម្ពុជា ផ្នែកលទ្ធិប្រជាធិបតេយ្យ និងរដ្ឋអធិបតេយ្យរុងរឿងពេញលេញ ហើយនិងបន្តបោះជំហានទៅកាន់ការពង្រឹងទំនាក់ទំនងរវាងពលរដ្ឋយើងទាំងពីរ»។
ក្រុមមេដឹកនាំប្រទេសអាស៊ានទាំង១០ប្រទេស ទំនងជាមានតែលោក Rodrigo Duterte មេដឹកនាំប្រទេសហ្វីលីពីនទេ បានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុនថាលោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក តាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំនោះ។ ប្រទេសរបស់លោកកំពុងមានវិវាទរឿងដែនកម្មសិទ្ធិជាមួយចិន។
រឿងនេះត្រូវគេដឹងថាកើតឡើង ដោយសារបញ្ហាមួយចំនួន ដែលគេគិតថា អាចទាក់ទងនឹងការដែលអាមេរិករឹតត្បិតទិដ្ឋាការដល់មន្ត្រីហ្វីលីពីន ហើយនិងការដែលលោក ត្រាំ មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន នៅក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបណ្តាលឲ្យបណ្តាមេដឹកនាំអាស៊ានខ្លះមិនសប្បាយចិត្ត។
ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានប្រកាសជាច្រើនលើកមុនគេថា នឹងចូលរួមក្នុងកិច្ចប្រជុំអាមេរិកអាស៊ាន នៅខែមីនា តាមការអញ្ជើញរបស់លោក ត្រាំ។
«ការប្រជុំអាស៊ាននិងអាមេរិកនៅឡាវេហ្គាស់ ខ្ញុំសូមផ្តាំទៅប្រជាពលរដ្ឋខ្មែរនៅអាមេរិកថា ខ្ញុំនឹងទៅដល់ឡាវេហ្គាស់ នៅថ្ងៃទី១២ ខែមីនា ហើយថ្ងៃទី១៣ អាចមានលទ្ធភាព ខ្ញុំវាយកូនហ្គោលនៅឡាវេហ្គាស ទៅវាយកូនហ្គោលនៅដែនដីអាមេរិកតែម្តង ព្រោះខ្ញុំមិនធ្វើដំណើរថ្ងៃ១៣ទេ។ ខ្ញុំទៅថ្ងៃទី១២តែម្តង ឲ្យវាស្រួល។ ថ្ងៃទី១៤(មីនា) ប្រជុំ ថ្ងៃ១៥ ជួបពលរដ្ឋខ្មែរ ហើយថ្ងៃទី១៦ បានខ្ញុំចាកចេញ ហើយពេលនោះ ខ្ញុំក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តែម្តង»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងប្រាប់ VOA ជាចុងក្រោយតាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃពុធ ដែលមានខ្លឹមសារដើមថា៖ «សម្តេចតេជោ នាយករដ្ឋមន្ត្រីបានឆ្លើយតបទៅលោកប្រធានាធិបតីអាមេរិករួចហើយថា សម្តេចនឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិសេសនេះ»។
ដោយឡែកលោកបានបញ្ជាក់ជំហររបស់កម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូងថា៖ «(កម្ពុជា) លើកទឹកចិត្តឲ្យប្រទេសពាក់ព័ន្ធ ឬប្រទេសដែលទាមទារអធិបតេយ្យភាពក្នុងសមុទ្រចិនខាងត្បូងបន្តពិភាក្សាដោះស្រាយបញ្ហាដោយសន្តិវិធី»។
អ្នកការទូតអាស៊ីអាគ្នេយ៍មួយរូបបានថ្លែងប្រាប់ VOA ថា ក្រុមមេដឹកនាំអាស៊ានសឹងទាំងអស់បានសម្រេចចិត្តថា នឹងទៅចូលរួមប្រជុំតាមការអញ្ជើញរបស់លោក ត្រាំ លើកលែងតែប្រទេសហ្វីលីពីនចេញ ដែលទំនងបញ្ជូនត្រឹមថ្នាក់រដ្ឋមន្ត្រីការបរទេស។
ក្នុងចំណោមបញ្ហាជាច្រើន ដែលកិច្ចប្រជុំកំពូលអាស៊ានអាមេរិកអាចផ្តោតលើដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ជាពិសេសកម្មវិធីនុយក្លេអ៊ែរបស់កូរ៉េខាងជើង ជាបញ្ហាសន្តិសុខមួយសំខាន់ បញ្ហាសេដ្ឋកិច្ច វិនិយោគ សង្គម វប្បធម៌ បញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបញ្ហាជាច្រើនទៀតដែលគេមិនអាចដឹងច្បាស់ថា តើអាមេរិកនិងអាស៊ានអាចសម្រេចបាននូវគោលជំហររួមយ៉ាងដូចម្តេចជាពិសេសទាក់ទងនឹងបញ្ហា ដែលក្តៅជាងគេ ដូចជាសមុទ្រចិនខាងត្បូង បញ្ហាសន្តិសុខនិងនយោបាយនោះ៕