ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងកម្ពុជាផងស្វាគមន៍ការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះមេដឹកនាំអាស៊ានដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាមេរិក អាស៊ានពិសេសលើកទី៨ នៅក្នុងពេលបញ្ចប់កិច្ចប្រជុំពីរថ្ងៃរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមករា ដែលផ្តោតជាសំខាន់លើបញ្ហាវិវាទសមុទ្រចិនខាងត្បូង និង បញ្ហាជនភៀសខ្លួន រ៉ូហ៊ីងយ៉ាប្រទេសភូមានោះ។
នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសវៀតណាមដែលជាប្រធានកិច្ចប្រជុំ អាស៊ានដែលវៀតណាមជាម្ចាស់ផ្ទះឆ្នាំនេះបន្តពីថៃ។
កិច្ចប្រជុំកំពូលអាមេរិក អាស៊ានពិសេសត្រូវគេដឹងថាគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២០ក្នុងទីក្រុងឡាវេហ្គាស (Las Vegas) រដ្ឋនេវ៉ាដា (Nevada)។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់តាមខ្លឹមសារដើមថា៖ «យើងសូមស្វាគមន៍ចំពោះការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកោះប្រជុំកំពូលពិសេសដើម្បីរំលឹកខួបលើកទី៥ នៃដៃគូជាយុទ្ធសាស្ត្ររវាង អាមេរិក និង អាស៊ាននៅឆ្នាំនេះ ហើយនឹងធ្វើរបាយការណ៍ទៅជូនមេដឹកនាំប្រទេស ដើម្បីសម្រេចជាចុងក្រោយ»។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានប្រកាសកាលពីចុងឆ្នាំថា លោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន តាមការអញ្ជើញរបស់លោក ត្រាំ ក្នុងពេលមេដឹកនាំអាស៊ានផ្សេងកំពុងពិចារណា។
ការអញ្ជើញរបស់លោក ត្រាំកើតឡើងក្រោយពេលដែលលោក ត្រាំ បានលុបចោល ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងបាងកកប្រទេសថៃកាលពីដើមខែ វិច្ឆិកាឆ្នាំ២០១៩ ដែលបណ្តាលឲ្យមានភាពរអាក់រអួលនិងការអន់ចិត្តពីមេដឹកនាំ អាស៊ានខ្លះ។
លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជាបានដឹកនាំគណបក្សប្រតិភូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្នុងខេត្ត ញ៉ាចាង ប្រទេសវៀតណាម។
សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានជាប្រធានឬម្ចាស់ផ្ទះបានបញ្ជាក់ថា អាស៊ានបានបញ្ជាក់ពីការពង្រីកតួនាទីរបស់ខ្លួនក្នុងការជួយចំពោះបញ្ហា រ៉ូហ៊ីងយ៉ា លើបញ្ហាមនុស្សធម៌ ដំណើរការមាតុភូមិនិវត្តន៍និងការអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងរដ្ឋ Rakhine ក្រៅពីបារម្ភចំពោះជម្លោះដណ្តើមកម្មសិទ្ធិដែនទឹកនៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសចិនដែលគ្រប់គ្រងស្ទើរតែទាំងស្រុងនោះ ហើយបង្កើនភាពតានតឹង ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពក្នុងតំបន់ជាដើម៕