ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​យោធា​បរទេស​កាន់​តែ​ច្រើន​ ដើម្បី​តទល់​នឹង​ចិន


លោក ​ Mark Esper រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក និង​រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម Ngo Xuan Lich កំពុង​ពិនិត្យ​សន្តិសុខ​កិត្តិយស​ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ២០១៩។
លោក ​ Mark Esper រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក និង​រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម Ngo Xuan Lich កំពុង​ពិនិត្យ​សន្តិសុខ​កិត្តិយស​ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ២០១៩។

របាយការណ៍​ស​ផ្នែក​ការពារ​ជាតិ​បាន​ជំរុញ​ឲ្យ​វៀតណាម​ពង្រឹង​បន្ថែម​កាន់​តែ​ខ្លាំង​នូវ​ទំនាក់​ទំនង​​ជាមួយ​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហើយ​បើ​អាច​ទៅ​រួច​ពង្រឹង​ទំនាក់​ទំនង​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ជា​គូប្រជែង​របស់​ចិន។

តាម​រយៈ​របាយការណ៍​ស ​ផ្នែក​ការពារ​ជាតិ​ដែល​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ វៀតណាមនឹង​បន្ត​ស្វែង​រក​ទំនាក់​ទំនង​យោធា​កាន់​តែ​រឹងមាំនៅ​ក្រៅ​ប្រទេស នៅ​ពេលដែល​ប្រទេស​ចិន​កំពុង​ប្រឈម​ទៅ​លើ​ការ​ទាម​ទារ​អធិបតេយ្យភាព​លើ​ដែន​សមុទ្រ។​ អ្នក​កវិភាគ​រំពឹង​ថា ​ការ​ស្វែង​រក​នេះ​នឹង​ធ្វើ​ឲ្យ​មាន​សមយុទ្ធ​យោធា​កាន់​តែ​ច្រើន​ជាមួយ​ប្រទេស​មហា​អំណាច​បស្ចិម​ប្រទេស ​និង​ការ​ទិញ​សព្វាវុធ​ឆាប់ៗ​នេះ។

ប្រទេស​ដែល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​នឹង​«លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ»​ នៅ​ក្រៅ​ប្រទេស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ទៅវិញ​ទៅ​មក។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​វៀតណាម​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​វិច្ឆិកា។

របាយការណ៍​ជា​ភាសា​អង់គ្លេស​សរសេរ​ថា​ នៅ​ពេល​ស្ថាន​ការណ៍​ត្រឹមត្រូវ​ហើយ ​«វៀតណាម​នឹង​ពិចារណា​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​ការពារ​ដែល​ចាំ​បាច់​និង​សម​ស្រប​ហើយនឹង​ធ្វើ​ទំនាក់​ទំនង​យោធា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ​និង​ផល​ប្រយោជន៍​រួម ​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​កម្រិត​សហគមន៍​អន្តរជាតិ»។

ឯកសារ​នោះ​សង្កត់​ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ​និង​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​ភាព​ប្រទូសរ៉ាយ​ជាមួយ​ចិនចំពោះ​ «​ដំណើរ​ការ​រយៈពេល​យូរ ​ពិបាក​ និង​ស្មុគស្មាញ ​និង​ពាក់​ព័ន្ធ​ជាមួយ​ប្រទេស​និង​ភាគី​ជា​ច្រើន»។​ ប្រទេស​ជិត​ខាង​ក្នុង​ទ្វីប​អាស៊ី​ទាំង​ពីរ​ ដែល​មាន​ជម្លោះ​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ​រាប់​សតវត្សរ៍​មក​ហើយ​នោះ ​ពេល​នេះ​កំពុង​ប្រកួត​ប្រជែង​ទាមទារ​អធិបតេយ្យភាព​លើ​ព្រំដែន​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នក​វិភាគ​និយាយ​ថា ​ឯកសារ​នេះ​បញ្ជាក់​ពី​ការ​ផ្ដល់​អាវុធ​ជឿន​លឿន​ពី​ប្រទេស​នានា​ដូចជា​ រុស្ស៊ី ​និង​ការ​ចូល​រួម​សមយុទ្ធ​ការពារ​ជាតិ​ចម្រុះ​ជាតិ​សាសន៍។​ ព្រឹត្តិការណ៍​មួយ​នោះ​គឺ​ ការ​ធ្វើ​សមយុទ្ធ​រវាង​សមាជិក​អាស៊ាន​ដែល​មាន​១០​ប្រទេស​ជាមួយ​នឹង​ប្រទេស​គូ​ប្រជែង​ចម្បង​របស់​ចិន ​គឺ​សហរដ្ឋ​អាមេរិក ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំមុន។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​មួយ​ចំនួន​នៃ​សមាគម​អាស៊ាន អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី Alexander Fomin និង​លោក Mark Esper រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ជួប​គ្នា​នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​ខែ​វិច្ឆិកា ២០១៩។
រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​មួយ​ចំនួន​នៃ​សមាគម​អាស៊ាន អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី Alexander Fomin និង​លោក Mark Esper រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ជួប​គ្នា​នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​ខែ​វិច្ឆិកា ២០១៩។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម ​និង​មនុស្ស​ជាតិ ​នៅ​ទីក្រុង​ហូជីមិញ​ បាន​និយាយ​ថា៖ «បើ​យើង​អាន​ដោយ​វិភាគ យើង​ឃើញ​ថា វៀតណាម​បង្ហាញ​តម្រុយ​ពី​លទ្ធភាព​ថា ខ្លួន​ប្រហែល​ជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត​ ប៉ុន្តែ​ថា​តើ​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុណ្ណា​នោះ​ គេ​មិន​បាន​និយាយ​ឲ្យ​ច្បាស់​ទេ​នៅ​លើ​របាយការណ៍​នោះ។

វៀតណាម ​និង​ចិន

ប្រទេស​ព្រុយណេ ​ចិន​ ម៉ាឡេស៊ី ​ហ្វីលីពីន ​កោះ​តៃវ៉ាន់ ​និង​វៀតណាម ​ប្រកួត​ប្រជែង​គ្នា​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល​ដែល​មាន​ទំហំ ​៣,៥ ​លាន​គីឡូម៉ែត្រ​ការ៉េ ឬ​ក៏​ទាមទារ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​នេះ។​ ប្រទេស​ទាំង​នេះ​បាន​ផ្ដល់​តម្លៃ​លើ​ផ្លូវ​ទឹក​ ​ដែល​លាត​សន្ធឹង​ដែនដី​កោះ​តៃវ៉ាន់ ​ដល់​ប្រទេស​សិង្ហបុរី ​ ថាជា​តំបន់​សម្បូរ​ធន​ធាន​មច្ឆាជាតិ​និង​ថាមពល​របស់​ប្រទេស។

ប្រទេស​ចិន​បាន​នាំ​មុខ​ដោយ​ប្រើ​ប្រាស់​យោធា​ និង​បច្ចេក​វិទ្យា​ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ ដើម្បី​ចាក់​បំពេញ​ដី​នៅ​ក្នុង​សមុទ្រ​បង្កើត​បាន​ជា​កូន​កោះ​តូចៗ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន។​ កោះ​ខ្លះ​គឺក្លាយជា​រោង​ទុក​យន្តហោះ​និង​វាល​ចុះ​ចត​យន្តហោះ។

សកម្មភាព​យោធា​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​នេះ ​ធ្វើ​ឲ្យ​វៀតណាម​ខឹង​សម្បា​ ជា​ពិសេស​ដោយ​សារ​តែ​ចិន​គ្រប់​គ្រង​កោះ​ Paracel ​ដែល​ប្រជុំ​ទៅ​ដោយ​កោះ​តូចៗ​ចំនួន​១៣០ ​ដែល​ភាគី​ទាំង​ពីរ​បាន​ទាមទារ​យក​ធ្វើ​ជា​របស់​ខ្លួន​តែ​រៀងៗ​ខ្លួន។ ​ប្រទេស​ទាំង​ពីរ​បាន​ប្រឈ​មុខ​ដាក់​គ្នា​ក្នុង​ការ​វាយប្រហារ​លើ​ដែន​សមុទ្រ​ដ៏​ប្រល័យ​កាល​ពី​ទសវត្សរ៍​៧០ ​និង​ ៨០​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​ដល់​ភាគី​វៀតណាម ដែល​មាន​ការ​ខឹង​សម្បា​ស្រាប់​ដោយសារ​ជម្លោះ​ដែន​ដី​ចំនួន​ពីរ​លើករួច​មក​ហើយ​នោះ។

នាវា​ស្រាវជ្រាវ​ថាមពល​មួយ​របស់​ចិន​បាន​បង្ក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​វៀតណាម ​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​នាវា​នោះ​ល្បាត​នៅ​ជិត​តំបន់​ដែល​មាន​ប្រេង​កាត ​និង​ឧស្ម័ន​ នៅ​ក្នុង​តំបន់​ខាង​វៀតណាម ​ហើយ​ក៏​ស្ថិត​ក្នុង​តំបន់​ផ្ទៃ​សមុទ្រ​ ដែល​ចិនទាម​ទារ​ផង​ដែរ។

របាយ​ការណ៍​ស្រដៀង​គ្នា​ជាមួយ​នឹង​សេចក្ដី​សម្រេចរបស់​គណៈ​កម្មាធិការ​កណ្ដាល​បក្ស​កុម្មុយនីស្ត ​ឆ្នាំ​២០១៨ ​អំពាវ​នាវ​ឲ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​ដូច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឈ្មោះ ​VnExpress​ International ​បាន​ចុះ​ផ្សាយ​ថាជា​ «ប្រទេស​មាន​អំណាច​ខាង​សមុទ្រ» ។

ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​កាន់​តែ​ច្រើន

របាយ​ការណ៍​នេះ​ដែល​ចេញ​ផ្សាយ​លើក​ដំបូង​ចាប់​ពី​ឆ្នាំ​២០០៩​មក​ ត្រូវ​បាន​បង្ហាញ​បន្ទាប់​ពី​វៀតណាម​បាន​បង្កើន​បន្តិច​ម្ដងៗ​នូវ​ភាព​ជាដៃ​គូ​សរុប​ ២៨ ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ ដោយ​ភាព​ជា​ដៃ​គូ​ខ្លះ​ស្ថិត​នៅ​លើ​ផ្នែក​យោធា។​ ឥណ្ឌា​និង​វៀតណាម​ បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ឆ្នាំ ​២០១៨ ដើម្បី​ពង្រឹង​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ការពារ​ជាតិ​ ហើយ​យោធា​វៀតណាម​ក៏​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​នៅ​ស្ថាប័ន​ការពារ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​រួច​ហើយ​ដែរ។

លោក​ Nguyen ​និយាយ​ថា ​តាម​អ្វី​ដែល​សរសេរ​នៅ​ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ថា ​មន្ត្រី​វៀតណាម​មាន​ភាព​ទុក​ចិត្ត​ថា ​ពួក​គេ​អាច​ចូលរួម​សមយុទ្ធ​ណា​មួយ​រវាង​អាស៊ាន​និងសហរដ្ឋ​អាមេរិក​នា​ពេល​អនាគត។

លោក ​Collin Koh ​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​សមុទ្រ​ នៅ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang​ និយាយ​ថា​ របាយ​ការណ៍​សរសេរ​ថា ​ប្រទេស​វៀតណាម​នឹង​មិន​ទំនាក់​ទំនង​ប្រទេស​មួយ ទៅ​ វាយ​ប្រហារ​ប្រទេស​ផ្សេង​ទៀត​ទេ។​ ការ​ប្ដេជ្ញា​នេះ​រារាំង​ការ​ចុះ​សម្ព័ន្ធ​មិត្ត​ណា​មួយ​នា​ពេល​អនាគត។ ​មូលដ្ឋាន​ទ័ព​បរទេស​ក៏​ត្រូវ​បាន​គេ​គិត​ថា​មិន​អាច​កើត​មាន​បាន​ដែរ។

លោក​ Carl Thayer ​សាស្ត្រចារ្យ​ជើង​ចាស់​នៅ​សាកល​វិទ្យាល័យ ​New South Wales ​នៅ​ប្រទេស​អូស្ត្រាលី​និយាយ​ថា ​របាយការណ៍​នេះ​មិន​បាន​ធ្វើឲ្យ​បំផ្លាញទំនាក់​ទំនង​យោធា​ដ៏ស្អិត​រមួត​ជា​មួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ។

លោក Mark Esper រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ពិភាក្សា​ជាមួយ​មន្ត្រី​នៅ​បណ្ឌិត្យ​សភា​ការទូត​វៀតណាម នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ២០១៩។
លោក Mark Esper រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ពិភាក្សា​ជាមួយ​មន្ត្រី​នៅ​បណ្ឌិត្យ​សភា​ការទូត​វៀតណាម នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ២០១៩។

លោក​ Thayer និយាយ​ថា៖ «គេ​ប្រហែល​ជា​ចង់​ដឹង​អំពី​រឿង​នេះ​ ដោយ​សារ​តែ​វាមាន​ភាព​ស្រពិច ស្រពិល​ខ្លាំង​ ចំពោះអ្វី​ដែល​គេប្រើ​សកម្មភាព​មិន​សមរម្យលើ​វៀតណាម​ នោះ​វៀតណាម​នឹង​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក។​ ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​ មិន​បាន​បង្ហាញ​ចំណុច​នេះ​ច្បាស់​ទេ»។​ សូម្បី​ពេល​លោក​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ Mark Esper ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា ​ក៏​លោក​បាន​និយាយ​អ្វី​ដែល​ហៅ​ថា​ «ភាព​ជា​ដៃ​គូ​ក្នុង​វិស័យ​ការពារ»​នោះ​ដែរ។

ការ​លក់​សព្វាវុធ

អ្នក​វិភាគ​និយាយ​ថា​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​យោធា​ជា​មួយ​បរទេស​អាច​ជា​ប្រផ្នូល​ថា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​បន្ថែម​ទៀត​ក្នុង​ការ​ទិញ​សព្វាវុធ​ពី​រុស្ស៊ី ​ឥណ្ឌា ​និង​ចុង​បញ្ចប់​ទិញ​ពី​សហរដ្ឋ​សហរដ្ឋ​អាមេរិក។

កាល​ពី​ឆ្នាំ​២០១៨​ ប្រទេស​វៀតណាម​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បញ្ជា​ទិញ​ពី​អ្នក​ផ្គត់​ផ្គង់​យន្ត​ហោះ​និង​នាវា​មុជ​ទឹក​ជាយូរ​មក​ហើយ ​នោះ​គឺ​ប្រទេស​រុស្ស៊ី។​ កាល​ពី​២​ឆ្នាំ​មុន​ ប្រទេស​ឥណ្ឌា​បាន​ពង្រីក​ប្រាក់​កម្ចី​រហូត​ដល់​៥០០​លាន​ដុល្លារ ​សម្រាប់​ការ​ទិញ​សម្ភារៈ​យោធា។​ ប្រទេស​ចិន​ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​ឥណ្ឌា​នោះ​បាន​ជំទាស់​នឹង​កិច្ច​ព្រង​ព្រៀង​នេះ។

មន្ត្រី​នៃ​រដ្ឋបាល​របស់​លោក​ ដូណាល់ ត្រាំ ​បាន​ពិចារណា​លក់​អាវុធ​ដល់​ប្រទេស​វៀតណាម។ ​កាល​ពី​ឆ្នាំ​២០១៨ ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ខ្លួន​ចង់​ឲ្យ​វៀតណាម​ទិញ​អាវុធ​យុទ្ធភ័ណ្ឌ​ពី​សហរដ្ឋ​អាមេរិក​ច្រើន​ថែម​ទៀត​បើ​ទោះ​បី​ជា​នៅ​ក្នុង​តម្លៃ​មួយ​ដែល​វៀតណាម​ពិបាក​នឹង​ចំណាយ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​យោធា​ «ព័ត៌មាន​ការពារ​ជាតិ»។ ​កាល​ពី​៤​ឆ្នាំ​មុន ​ក្រុង​វ៉ាស៊ីនតោន​បាន​ដក​ទណ្ឌកម្ម​ចំពោះ​ការ​ទិញ​លក់​អាវុធ​ទៅ​កាន់​ប្រទេស​វៀតណាម និង​បញ្ចប់​អ្វី​ដែល​នៅ​សេស​សល់​ពី​សង្គ្រាម​វៀតណាម។

របាយការណ៍​មិន​បាន​លើក​ឡើង​ពី​ការ​ចំណាយ​លើ​វិស័យ​ការពារ​ទេ ហើយ​ក៏​មិន​បាន​បង្ហាញ​លម្អិត​អំពី​ជម្លោះ​របស់​វៀតណាម​ជាមួយ​ចិន​ ហើយ​ក៏​មិន​បាន​យក​គោល​ដៅ​លើ​រដ្ឋាភិបាល​កុម្មុយនីស្ត​ដូច​គ្នា​នេះ​ដែរ។

លោក​ Koh ​និយាយ​ថា៖ ​«ខ្ញុំ​គិត​ថា ​របាយ​ការណ៍​នេះ​ព្យាយាម​បង្ហាញ​អព្យក្រឹត​រវាង​តម្រូវ​ក្នុង​ការ​បញ្ចូន​សញ្ញា​មួយ ​ហើយ​ស្រប​ជាមួយ​គ្នា​នោះ​វា​ព្យាយាម​បង្ហាញ​ថា​ប្រទេស​នេះ​មិន​ធ្វើ​ការ​អុជ​អាល​ដល់​ភាគី​ជាក់​លាក់​ណា​មួយ​ទេ»៕

XS
SM
MD
LG