ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើសុន្ទរកថាទទួលយកការតែងតាំងនៅក្នុងទីក្រុង Jacksonville រដ្ឋ Florida នៅខែសីហា។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សន្និបាតជាតិគណបក្សសាធារណរដ្ឋ កាលពីដំបូងត្រូវបានគ្រោងធ្វើឡើងនៅទីក្រុង Charlotte រដ្ឋ North Carolina ក៏ប៉ុន្តែ គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពខ្លះក្នុងសន្និបាតរបស់គណបក្ស រួមមានសុន្ទរកថាទទួលយកការតែងតាំងរបស់លោក ត្រាំ នឹងត្រូវលើកទៅធ្វើនៅរដ្ឋ Florida វិញ។
លោកប្រធានាធិបតី ត្រាំ បានទទូចថា លោកចង់ឲ្យការធ្វើសុន្ទរកថារបស់លោកនៅកន្លែងសន្និបាតនោះមានការចូលរួមរបស់មនុស្សដ៏ច្រើន ដោយមិនឃ្លាតនៅឆ្ងាយពីគ្នានិងដោយមិនពាក់ម៉ាស់ដែល ជាវិធានការដែលត្រូវបានគេប្រើនៅជុំវិញពិភពលោកដើម្បីបញ្ឈប់ការរាលដាលនៃមេរោគកូរ៉ូណា។
លោកស្រី Ronna McDanniel ប្រធានគណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគណបក្សសាធារណរដ្ឋ រំភើបចិត្តដើម្បីចូលរួមពិធីក្នុងឱកាសដ៏អស្ចារ្យនៅក្នុងទីក្រុង Jacksonvilleនេះ។ លោកស្រីបានមានប្រសាសន៍ទៀតថា រដ្ឋ Florida ជាផ្លូវដ៏សំខាន់មួយឆ្ពោះទៅកាន់ជ័យជម្នះនៅឆ្នាំ២០២០នេះ ហើយពួកគណបក្សសាធារណរដ្ឋរំពឹងថា នឹងនាំពិធីដ៏អស្ចារ្យនេះនិងការរីកលូតលាស់សេដ្ឋកិច្ចទៅឲ្យរដ្ឋ Florida។
ការិយាល័យរបស់លោក Ray Cooper អភិបាលរដ្ឋ North Corolina ខាងគណបក្សប្រជាធិបតេយ្យបានព្យាយាមធ្វើផែនការជាមួយពួកគណបក្សសាធារណរដ្ឋ ដែលរួមទាំងការពិចារណាវិធានការការពារមេរោគកូរ៉ូណានៅក្នុងការរៀបចំសន្និបាតនេះ៕