ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ត្រៀម​ចាប់ផ្ដើម​ការ​ជួបជុំ​នយោបាយ​ឡើង​វិញ​ដែល​កន្លង​មក​បង្អាក់​ដោយ​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump ថ្លែងនៅក្នុងការជួបជុំធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅទីក្រុង Minneapolis រដ្ឋមីនីសូតា កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មាន​គោល​បំណង​ចាប់ផ្ដើម​ការ​ជួបជុំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ឡើង​វិញ​ នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ ទោះបីជា​លោក​កំពុងពិនិត្យ​មើល​លើ​ទីតាំង​ដែល​ត្រូវ​ធ្វើ និង​លើ​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ ទាក់ទិន​នឹង​បញ្ហា​ជំងឺ​កូវីដ១៩ ក៏​ដោយ។

គម្រោង​ជួបជុំ​នយោបាយ​របស់​លោក Trump ត្រូវ​បាន​បង្អាក់​ភ្លាមៗ​កាល​ពី ៣ ខែ​មុន នៅ​ពេល​ដែល​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ បាន​បង្អាក់​ដល់​ដំណើរការ​ភាគ​ច្រើន​របស់​ប្រទេស។ ប៉ុន្តែ លោក​ចង់​ចាប់ផ្ដើម​ការ​ជួបជុំ​យុទ្ធនាការ​នេះ​ឡើង​វិញ។

ការ​ចង់​ចាប់ផ្ដើម​ធ្វើ​ការ​ជួបជុំ​នយោបាយ​នេះ​ឡើង​វិញ​របស់​លោក Trump បាន​កើត​ឡើង ​ចំ​ពេល​ដែល​ការ​ស្ទង់​មតិ​ផ្ទៃ​ក្នុង និង​ការ​ស្ទង់​មតិ​សាធារណៈ​បង្ហាញ​ថា យុទ្ធនាការ​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​របស់​លោក​ដើម្បី​ប្រជែង​នឹង​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​មាន​ការ​លំបាក។

ការ​ពិចារណា​លើ​ការ​រៀបចំ​ឡើង​វិញ​នូវ​យុទ្ធនាការ​ស្វែង​រក​សំឡេង​ឆ្នោត​របស់​លោក​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ព្យាយាម​សម្រប​ទៅ​តាម​ដំណើរការ​ធម្មតា​បែប​ថ្មី នៅ​ពេល​ដែល​កំពុង​ទប់ទល់​ជាមួយ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ ​ដំណើរ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និងការ​តវ៉ា​រាប់​សប្ដាហ៍​នៅ​ទូទាំង​ប្រទេស​ ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ជាតិ​សាសន៍៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG