ក្រុមសកម្មជនខ្មែរដែលគាំទ្រគណបក្សនយោបាយទាំងពីរនៅសហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពឃោសនាយ៉ាងមមាញឹកជួយដល់បេក្ខជនប្រធានាធិបតី ដែលពួកគេគាំទ្រក្នុងការបោះឆ្នោត ដែលនឹងរៀបចំឡើងនៅថ្ងៃទី៣ខែវិច្ឆិកាខាងមុខនេះ។
ដោយសារតែជំងឺកូវីដ១៩កំពុងតែឆ្លងរាលដាលយ៉ាងច្រើននៅសហរដ្ឋអាមេរិកហើយក្រុមសកម្មជនមិនអាចចុះតាមលំនៅដ្ឋាន និងជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដូចរាល់ដង ពួកគេខ្លះបានងាកមកប្រើប្រាស់បណ្តាញសង្គម និងទូរស័ព្ទសម្រាប់ធ្វើយុទ្ធនាការឃោសនានេះ។
លោក សាវីន ជូ សកម្មជន គណបក្សសាធារណរដ្ឋនៅទីក្រុងហ្វីឡាដែលហ្វៀ រដ្ឋផេនស៊ីលវេនៀ បានបញ្ជាក់ប្រាប់វីអូអេថា៖
«រៀងរាល់ថ្ងៃគឺថាខាងគណៈកម្មការសាធារណរដ្ឋសហរដ្ឋអាមេរិកប្រចាំហ្វីឡាដែលហ្វៀនេះ ជាពិសេសខ្ញុំក៏បានទូរស័ព្ទទៅបងប្អូនខ្មែរយើងឲ្យមើលកម្មវិធីរបស់បេក្ខជនទាំងពីរនាក់គឺ ចូសិហ្វ បៃដឹន និង ដូណាល់ ត្រាំ។ ដូច្នេះគេបានយល់ដឹងដំណើរការរបស់ដូណាល់ត្រាំ និងគេបានដឹងនូវដំណើរការរបស់លោក ចូសេហ្វ បៃដឹន»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋនឹងត្រូវប្រកួតប្រជែង នឹងលោកចូ បៃដឹន អតីតអនុប្រធានាធិបតីដែលមកពីគណបក្សប្រជាធិបតេយ្យក្នុងពេលដែលមានការរិះគន់ជាច្រើនលើការដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងគ្រាមានជំងឺរាតត្បាតសាកលនេះ។
លោក សាវីន ជូ ពេញចិត្តនឹងស្ថានភាពសេដ្ឋកិច្ចនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតីត្រាំហើយមានសុទ្ទិដ្ឋិនិយមថាមហាសេដ្ឋីអចលនទ្រព្យនេះនឹងជាប់ឆ្នោតជាថ្មីនៅអណត្តិទី២។
លោកសាវីន ជូ បានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំបានជួបខ្មែរមួយចំនួនប្រហែលជាមួយខែមុននេះ គឺជួបប្រជុំជាមួយខ្មែរគេថាគេគាំទ្រដូណាល់ត្រាំ។ ពីមុនគេអត់ហ៊ាននិយាយទេប៉ុន្តែ ឥឡូវគេហ៊ាននិយាយថាគេនឹងបោះឆ្នោតឲ្យដូណាល់ ត្រាំគេដឹងថាដូណាល់ត្រាំដឹងពីគម្រោងការរបស់កុម្មុយនីស្តពីព្រោះកុម្មុយនីស្តជារបបមួយដែលធ្វើឲ្យពិភពលោកមិនល្អ ហើយដូណាល់ត្រាំមានគម្រោងការដើម្បីកម្ទេចកុម្មុយនីស្តកុំឲ្យដំណើរការទៅមុខទៀត»។
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមានចំនួនជាង៣៣ម៉ឺននាក់គិតត្រឹមឆ្នាំ២០១៥។ នេះបើតាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew។ ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនបានមកដល់សហរដ្ឋអាមេរិកក្នុងឋានៈជាជនភៀសខ្លួនក្រោយពីការដួលរលំរបបខ្មែរក្រហមក្នុងខែមករាឆ្នាំ១៩៧៩។ សហរដ្ឋអាមេរិកបានទទួលយកពួកគេចំនួនប្រហែល១៥ម៉ឺននាក់ទៅដាក់តាមរដ្ឋនានាហើយ រដ្ឋដែលមានខ្មែររស់នៅច្រើនគឺរដ្ឋកាលីហ្វញ៉ា ម៉ាស្សាឈូសិត វ៉ាស៊ីនតោន ផេនស៊ីលវេនៀនិងតិចសាស។
បើទោះបីជាពួកគេជួបប្រទះស្ថានភាពក្រីក្រខ្លាំងបើប្រៀបធៀបទៅនឹងពលរដ្ឋអាស៊ីអាមេរិកាំងដទៃទៀត ក៏ពលរដ្ឋខ្មែរមួយចំនួនបានជោគជ័យក្នុងជីវភាពរស់នៅនិងជីវិតនយោបាយដោយបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅថ្នាក់រដ្ឋ និងក្រុមប្រឹក្សាក្រុងជាដើម។
អ្នកស្រី ប៉ង់ ចំប៉ា សកម្មជននៃគណបក្សប្រជាធិបតេយ្យនៅរដ្ឋម៉ាស្សាឈូសិតបានប្រើវិធីនិយាយទាក់ទងតាមទូរស័ព្ទសម្រាប់ទាក់ទាញការគាំទ្រ ព្រោះវាជាមធ្យោបាយដែលសំខាន់ជាងគេក្នុងអំឡុងពេល រឹតត្បិតឲ្យមានគម្លាតសង្គមនេះ។
អ្នកស្រី ប៉ង់ ចំប៉ា ធ្លាប់គាំទ្រលោកស្រីអេលីហ្សាបែត វ៉រឹន (Elizabeth Warren) សមាជិកព្រឹទ្ធសភា រដ្ឋម៉ាស្សាឈូសិតកាលពីយុទ្ធនាការឃោសនាស្វែងរកការគាំទ្រជាបេក្ខជនប្រធានាធិបតីបានចាប់ផ្តើមដំបូងនៅក្នុងជួរគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែដោយសារលោកស្រីវ៉រឹនបានដកខ្លួនចេញពីការប្រកួត អ្នកស្រីចំប៉ា គាំទ្រលោកចូ បៃដឹនបន្តទៀត។
អ្នកស្រី ប៉ង់ ចំប៉ាបានបញ្ជាក់ថា៖
«ខាងគណបក្សប្រជាធិបតេយ្យគេត្រូវការបេក្ខជនណាដែលគេគិតថាមានឱកាសឈ្នះ គឺមិនត្រឹមតែទាក់អារម្មណ៍ខាងប្រជាធិបតេយ្យទេគឺអាចទាក់អារម្មណ៍ខាងសាធារណរដ្ឋដែរ ម្ល៉ោះហើយគេថាលោកចូ បៃដឹនមានគោលនយោបាយកណ្តាលដែលអាចរួបរួមខាងគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យចូលជាមួយគ្នា»។
អ្នកស្រី ប៉ង់ ចំប៉ា យល់ថាលោកប្រធានាធិបតីដូណាល់ ត្រាំផ្តោតលើមុខជំនួញប្រចាំគ្រួសាររបស់គាត់ច្រើនជាងលើសេដ្ឋកិច្ចប្រទេសជាតិក្នុងរយៈពេលជាង៣ឆ្នាំមកនេះហើយបើទោះជាលោកជាប់ឆ្នោតជាថ្មីក៏នឹងមិនផ្លាស់ប្តូរវិធីដឹកនាំរបស់លោកដែរ។
អ្នកស្រីប៉ង់ ចំប៉ា បានបញ្ជាក់ថា៖
«ម្ល៉ោះហើយយើងត្រូវទទួលស្គាល់ថាយើងជ្រើសរើសប្រធានាធិបតីណាដែលស្រឡាញ់ប្រជាជន ស្រឡាញ់ប្រទេសហើយមិនសូវជាស្រឡាញ់របរជំនួយផ្ទាល់ខ្លួនខ្លាំងពេកពីព្រោះវាធ្វើឲ្យរអាក់រអួលមិនដឹកនាំប្រទេសច្បាស់លាស់ហើយធ្វើឲ្យប្រទេសឡើងលេខ១»។
លោក ចូ បៃដឹន គឺជាបេក្ខជនប្រធានាធិបតីផ្លូវការរបស់ គណបក្សប្រជាធិបតេយ្យក្រោយពីលោកឈ្នះបានប្រតិភូនៅក្នុងបក្សលើសចំនួន១៩៩១នាក់ដែលជាចំនួនចាំបាច់សម្រាប់ទទួលការតែងតាំងកាលពីដើមខែមិថុនា។ នេះគឺជាការឈរឈ្មោះជាលើកទី៣ របស់លោកបៃដឹនដែលមានអាយុ៧៧ឆ្នាំដើម្បីទៅកាន់តំណែងនៅសេតវិមាន។
លោក បៃដឹន ឃោសនាដោយឈរលើសមិទ្ធិផលការងារ ដែលលោកបានបំពេញក្នុងរយៈពេល៨ឆ្នាំជាមួយនឹងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងបុគ្គលិកលក្ខណៈសមរម្យ ដែលអាចឈ្នះលោកប្រធានាធិបតីដូណាល់ ត្រាំ។ រីឯលោកដូណាល់ ត្រាំ ដែលមានអាយុ៧៣ឆ្នាំនិងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកតែងតែឃោសនាពីគោលនយោបាយតឹងរ៉ឹងលើជនអន្តោប្រវេសន៍ខុសច្បាប់ដោយត្រូវគិតគូពីពលរដ្ឋអាមេរិកាំងមុនគេ។ លោកយល់ ថាប្រទេសចិនបានកេងចំណេញសេដ្ឋកិច្ចសហរដ្ឋអាមេរិកហើយបានដំឡើងពន្ធគយលើទំនិញរបស់ចិនជាច្រើនមុខដែលនាំឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក គុជ ចាន់លី ជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនៅរដ្ឋម៉ារីឡែន។ លោកតែងតែចូលរួមឃោសនាមិនដែលខានប៉ុន្តែនាំនេះលោកត្រូវសម្របវិធីឃោសនាតាមស្ថានភាពសុខាភិបាលដែរ។
លោកបានបញ្ជាក់ថា៖
«បើសិនជាគ្មានការរឹតបន្តឹងលើការធ្វើដំណើរដោយសារតែមេរោគកូវីដហ្នឹងទេ ខ្ញុំតែងតែដាក់ស្លាកលើរថយន្តរបស់ខ្ញុំហើយបើកឲ្យគេឃើញនូវឈ្មោះបេក្ខជនដែលខ្ញុំគាំទ្រ»។
សហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាជិត២លាននាក់និងមានអ្នកស្លាប់ជាង១១ម៉ឺននាក់។ វីរុសដ៏ប្រល័យនេះបានបង្ខំឲ្យសហរដ្ឋអាមេរិកបិទសកម្មភាពពាណិជ្ជកម្មដែលបណ្តាលឲ្យមនុស្សអត់ការងារធ្វើជាង៣៨,៥លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ។
លោក គុជ ចាន់លី បានធ្វើការឃោសនាតាមហ្វេសប៊ុកនិងទូរស័ព្ទបញ្ចុះបញ្ចូលមិត្តភក្តិនិងបងប្អូនរបស់លោកឲ្យគាំទ្រលោកចូ បៃដឹន។ លោកចាន់លីយល់ថាវោហាសាស្ត្រនិងគោលនយោបាយរបស់លោកប្រធានាធិបតីត្រាំធ្វើឲ្យបែកបាក់ប្រទេសជាតិ៖
«ខ្ញុំសង្កេតមើលទៅឃើញស្នាដៃរបស់លោកត្រាំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អនាគតប្រទេសជាតិរបស់យើង តាំងពីវិស័យសេដ្ឋកិច្ចឡើងទៅ តាំងពីការប្រកួតប្រជែងនឹងបរទេសគ្រប់បែបយ៉ាង តាំងពីអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលហើយនឹងបទឧក្រិដ្ឋជាច្រើន។ ជំពូកផ្សេងទៀតដែលក្រុមរបស់លោកបានប្រព្រឹត្តមានមួយចំនួនធំបានទទួលការផន្ទាទោសហើយបញ្ជូនទៅជាប់គុករួចហើយប៉ុន្តែនៅមានមួយចំនួនទៀតដែលកំពុងប្រព្រឹត្តនៅក្នុងជួររដ្ឋាភិបាលនៃលោកប្រធានាធិបតីដូណាល់ត្រាំ»។
ក្រៅពីការណែនាំអ្នកបោះឆ្នោតឲ្យយល់ពីជំហរនយោបាយរបស់បេក្ខជននីមួយៗ សកម្មជនក៏ត្រូវពន្យល់ពលរដ្ឋពីការបោះឆ្នោតតាមសំបុត្រផងដែរព្រោះវាជាវិធីថ្មីដែលរដ្ឋមួយចំនួនបានប្រើប្រាស់ក្នុងគ្រាដែលមានវិបត្តិសុខភាពនេះ។ ក្នុងពេលកន្លងមកអ្នកដែលបោះឆ្នោតតាមសំបុត្រត្រូវបញ្ជាក់ហេតុផលសមស្របដែលមានដូចជាអ្នកបោះឆ្នោតត្រូវធ្វើដំណើរទៅរដ្ឋផ្សេងឬជាប់បេសកកម្មក្រៅប្រទេសនៅថ្ងៃបោះឆ្នោត ហើយមិនអាចមកបោះដោយផ្ទាល់ជាដើម។
អ្នកស្រី ប៉ង់ ចំប៉ា បានបញ្ជាក់ថា៖
«នេះជាអ្វីថ្មីមួយដែលប្រជាជនខ្មែរយើងអត់ទាន់ធ្លាប់ ម្ល៉ោះហើយវាអាចធ្វើឲ្យយើងខកពេលនិងខាតការបោះឆ្នោតដែរបើសិនជាយើងអត់បង្រៀនប្រជាជនយើង»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ការបោះឆ្នោតតាមសំបុត្រដោយលោកចាត់ទុកថាវាធ្វើឲ្យមានការគៃបន្លំសន្លឹកឆ្នោត។ ប៉ុន្តែលោក គុជ ចាន់លីបានបោះឆ្នោតតាមសំបុត្រសម្រាប់ការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារសប្តាហ៍មុនហើយលោកសម្តែងទំនុកចិត្តលើវិធីថ្មីនេះព្រោះវាសមស្របទៅតាមស្ថានភាពវិបត្តិសុខភាពនៅពេលនេះ។
«ការពិសោធកន្លងមកហើយដែលយើងទទួលក្នុងលក្ខណៈជាអវិជ្ជមានវាធ្វើឲ្យការបោះឆ្នោតកាន់តែល្អឡើងៗទៅវិញពីព្រោះយើងបានរៀនមេរៀន។ ស្រុកអាមេរិកនេះគេឆាប់រៀនមេរៀនណាស់ហើយគេធ្វើការផ្លាស់ប្តូរតម្រូវទៅតាមហ្នឹងដូច្នេះហើយខ្ញុំជឿលើប្រព័ន្ធនៃការបោះឆ្នោត។ ទាំងការបំពេញក្រដាសស្នាមទៅឲ្យគេទៀតគឺថាពិបាកនឹងមានបរទេសណាមួយឬជនខិលខូចណាមួយគេធ្វើការបន្លំសន្លឹកឆ្នោតនេះណាស់។ ដូច្នេះខ្ញុំមានទំនុកចិត្ត»។
ទន្ទឹមនឹងគាំទ្របេក្ខជនប្រធានាធិបតី ពលរដ្ឋខ្មែរខ្លះក៏គាំទ្របេក្ខជនប្រចាំរដ្ឋហើយក៏ចូលរួមសកម្មភាពឃោសនានេះដែរ។
អ្នកស្រី ធិត គឹមហ៊ុន សាស្ត្រាចារ្យខាងបច្ចេកទេសឱសថសាស្ត្រនៃមហាវិទ្យាល័យសហគមន៍ Davidson នៅរដ្ឋណ័សការ៉ូឡាញណាបានចូលរួមជួយធ្វើយុទ្ធនាការឃោសនាជួយដល់បេក្ខជនដែលមកពីគណបក្សសាធារណរដ្ឋដោយបានជួយលោកថេត បាត់ (Ted Budd) សមាជិកសភាតំណាងរាស្ត្រមណ្ឌល១៣ នៃរដ្ឋណ័សការ៉ូឡាញណា និងលោកដែន ហ្វរ៉ែស (Dan Forest) សម្រាប់តំណែងអភិបាលរដ្ឋនិងចៅក្រម អេព្រិល ស្មីត (April Smith) សម្រាប់តំណែងចៅក្រមតុលាការកំពូលប្រចាំរដ្ឋ។
អ្នកស្រី ថិត គឹមហ៊ុន បានបញ្ជាក់ថាអ្នកស្រីបានចូលរួមធ្វើយុទ្ធនាការតាមបណ្តាញសង្គមដូចជាចែករំលែកបន្ត ចូលធ្វើអត្ថាធិប្បាយគាំទ្រ នៅរាល់ពេលដែលបេក្ខជនបានផ្សព្វផ្សាយតាមបណ្តាញសង្គម។ បន្ថែមពីលើនោះអ្នកស្រីបានស្ម័គ្រចិត្តដឹកស្បៀងចែកដល់ពលរដ្ឋចាស់ៗនៅក្នុងរដ្ឋដែលអាចមានហានីភ័យសុខភាពបើចេញពីផ្ទះ។
អ្នកស្រី គឹមហ៊ុន លើកទឹកចិត្តឲ្យពលរដ្ឋដទៃទៀតត្រូវចូលរួមសកម្មភាពនយោបាយរបស់អាមេរិកាំង៖
«នេះជាជំហានដែលខ្ញុំបានធ្វើមួយឆ្នាំ ពីរឆ្នាំហើយ អីចឹងខ្ញុំនឹងពង្រឹងពួកគាត់ឲ្យបានយល់ដឹងឲ្យបានច្រើនដែរដើម្បីពួកគាត់ជួយ ដោយសារក្នុងតួនាទីជាពលរដ្ឋខ្មែរអាមេរិកាំងយើងមានសារៈសំខាន់ណាស់ក្នុងការចូលរួមជាសំឡេងមួយនៅក្នុងសហគមន៍»។
បញ្ហារើសអើងពូជសាសន៍ពណ៍សំបុរ ក៏កំពុងតែក្លាយជាប្រធានបទក្តៅដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ផងដែរបន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ឈ្មោះចច ផ្លយ បានស្លាប់ក្រោយពីប៉ូលិសនៅរដ្ឋមីនីសូតាបានឃាត់ខ្លួននិងសង្កត់កគាត់កាលពីចុងខែឧសភា។
ពលរដ្ឋអាមេរិកាំងបានចេញមកធ្វើបាតុកម្មនៅស្ទើរតែគ្រប់រដ្ឋទាមទារយុត្តិធម៌ដល់ជនរងគ្រោះ និងឲ្យកែប្រែប្រព័ន្ធយុត្តិធម៌ ហើយលោកប្រធានាធិបតីត្រាំរងការរិះគន់ជាច្រើនលើវិធីដោះស្រាយរបស់លោកជាពិសេសការយកកងកម្លាំងឆ្មាំជាតិមករក្សាសន្តិសុខនៅរដ្ឋមួយចំនួននិងរដ្ឋធានីវ៉ាស៊ីនតោនក៏ដូចជាការប្រើកម្លាំងប៉ូលិសឲ្យបណ្តេញបាតុករអហិង្សាចេញពីមុខវិហារគ្រឹស្តសាសនាមួយនៅក្បែរសេតវិមានដើម្បីលោកបានទៅឈរថតរូបជាដើម។
លោក សាវីន ជូ បានការពារលោកត្រាំហើយថាបាតុកម្មនោះ គឺជារឿងនយោបាយប៉ុណ្ណោះនិងបានចាត់ទុកថាប្រទេសណាក៏មានការរើសអើងដែរប៉ុន្តែវាជារឿងបុគ្គលទេ។
ចំណែកអ្នកស្រី ធិត គឹមហ៊ុន យល់ថា ការចូលរួមសកម្មភាពនយោបាយ គឺកាន់តែជួយលុបបំបាត់ការរើសអើង។
«កាលណាយើងចូលរួមក្នុងការងារសហគមន៍ជាមួយនឹងអភិបាលរដ្ឋអាមេរិកាំងច្រើនវាធ្វើឲ្យមានភាពស្និទ្ធស្នាលហើយកាត់បន្ថយភាពរើសអើងច្រើនដោយសារយើង។ ធម្មតាមនុស្សជាតិយើងតែងតែព្រួយបារម្ភពីគ្នាទៅវិញទៅមក បើសិនជាមានការយកចិត្តទុកដាក់គឺសហគមន៍របស់យើងរាប់អានគ្នាបានល្អទៅវិញទៅមក»។
ក្រៅពីកត្តាសេដ្ឋកិច្ច នយោបាយ និងការរើសអើងជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិក សកម្មជនខ្មែរអាមេរិកាំងក៏ភ្ជាប់គោលនយោបាយការបរទេសរបស់បេក្ខជននីមួយៗទៅនឹងស្ថានភាពនយោបាយនៃប្រទេសកំណើតផងដែរ។
លោក ជា មាស រស់នៅរដ្ឋផឹនស៊ីលវេនៀ ជារដ្ឋដែល លោកត្រាំបានឈ្នះក្នុងការបោះឆ្នោតកាលពីជាង៣ឆ្នាំមុន។ លោកក៏បានបោះឆ្នោតគាំទ្រលោកប្រធានាធិបតីដូណាល់ ត្រាំដែរ។ ប៉ុន្តែសម្រាប់ការបោះឆ្នោតលើកនេះគឺលោក ជា មាស មិនទាន់សម្រេចចិត្តទេ។ លោកនឹងសម្រេចចិត្តគាំទ្របេក្ខជនណាមួយគឺអាស្រ័យលើកត្តាក្នុងស្រុកនិងនយោបាយការបរទេសរបស់ពួកគេ ជាពិសេសកត្តានយោបាយនៅកម្ពុជា។
លោក ជា មាស បានបន្ថែមថា លោកសង្កេតឃើញថារដ្ឋបាលលោកត្រាំមានទំនាក់ទំនងល្អជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សូម្បីក្នុងស្ថានភាពមិនច្បាស់លាស់ក៏ដោយហើយនៅបន្តជួយការកែទម្រង់រាល់ពេលវេលានិងផ្តល់ជំនួយដល់អង្គការក្រៅរដ្ឋាភិបាលដដែល។
លោកជា មាសបន្ថែមថា៖
«ទាំងនេះជាចំណុចសំខាន់ដែលខ្ញុំត្រូវក្តាប់យកថារដ្ឋាភិបាលរបស់លោកត្រាំ នេះនៅយ៉ាងម៉េចហើយម្យ៉ាងទៀតសូម្បីតែមានគំនាបរឿង EBA រឿងអីផ្សេងៗ រឿងដល់រំលាយគណបក្សអីក្តីក៏ប៉ុន្តែស្ថាប័នរបស់រដ្ឋមិនទាន់មានគំនាបអ្វីនៅឡើយទេសូម្បីតែច្បាប់ដែលអាមេរិកបានធ្វើក៏ដោយសារមានរឿងផ្ទាល់ខ្លួនហ្នឹងមិនទាន់ដំណើរការច្បាស់លាស់នៅឡើយទេបើសិនជារដ្ឋាភិបាលកែ»។
ការណ៍នេះត្រូវលោក សាវីន ជូ យល់ថាវាទាមទារឲ្យពលរដ្ឋខ្មែរអាមេរិកាំងត្រូវចូលរួមធ្វើសកម្មភាពនយោបាយនៅសហរដ្ឋអាមេរិកឲ្យបានកាន់តែសកម្មដើម្បីរដ្ឋបាលថ្មីមើលឃើញនិងជួយបំពេញតាមការចង់បានរបស់សហគមន៍ខ្មែរផងដែរ៕