ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​បឋម​​ថ្ងៃ​អង្គារ​នៅ​រដ្ឋ Georgia មាន​ភាព​ច្របូក​ច្របល់​


ពលរដ្ឋចូលរួមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយនៅក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Georgia ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃ​អង្គារ​បានគ្របដណ្តប់​លើ​ព័ត៌មាននៃ​ការបោះឆ្នោត​បឋម​មួយ​ដែល​មាន​នឹងជ្រើសរើសបេក្ខជន​សំខាន់ៗ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។​

ភាព​ច្របូកច្របល់​នេះ​កើត​ឡើង​ដោយ​កត្តា​រួម​ផ្សំ​នៃ​ម៉ាស៊ីន​បោះឆ្នោតថ្មី​ដើរ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មិន​ដំណើរការ ឬ​មិន​ត្រូវ​បាន​ដឹក​មក​ការិយាល័យ​បោះឆ្នោត​ទាន់​ពេលវេលា បុគ្គលិក​ស្ម័គ្រ​ចិត្ត​ដែល​មិន​ចេះ​ប្រើ​ម៉ាស៊ីន​នេះ និង​កង្វះខាត​សន្លឹកឆ្នោត​បណ្តោះអាសន្ន សុទ្ធ​តែ​ជា​កត្តា​ដែល​បាន​នាំ​ឲ្យ​អ្នក​បោះឆ្នោត​ត្រូវ​ឈរ​តម្រង់ជួរ​យ៉ាង​វែង​និង​ជា​ច្រើន​ម៉ោង​រហូត​ដល់​យប់។ អ្នក​បោះឆ្នោត​ជា​ច្រើន​ក៏​សម្រេច​ចិត្ត​លែង​បោះឆ្នោត​ក្រោយ​ពី​រង់​ចាំ​យូរ​ពេក។​

វិបត្តិជំងឺ​រាតត្បាត​ជំងឺ​កូវីដ១៩​ក៏​រួម​ចំណែក​ដល់​បញ្ហា​កាល​ពី​ថ្ងៃ​អង្គារ​ដែរ ដោយ​ពលរដ្ឋ១,២​លាន​នាក់​ក្នុងរដ្ឋ​នេះ​សម្រេច​នៅ​ផ្ទះ​និង​បោះឆ្នោត​តាម​សំបុត្រ​ផ្ញើតាម​ប្រៃសណីយ៍ ជាជាង​ទៅ​បោះ​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​ធ្វើ​ឲ្យ​អាច​ឆ្លង​កូវីដ១៩​បាន។ ការ​បារម្ភ​នេះ​ក៏​ធ្វើ​ឲ្យ​ការិយាល័យ​បោះឆ្នោត​ខ្វះ​បុគ្គលិក​ស្ម័គ្រ​ហើយ​អាជ្ញាធរត្រូវ​បង្ខំ​បន្ថយ​ចំនួន​ការិយាល័យ​បោះឆ្នោត។

បញ្ហា​ក្នុង​ថ្ងៃ​បោះឆ្នោត​បឋម​នេះ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូទាំង​រដ្ឋ ប៉ុន្តែ​ភាព​ច្របូកច្របល់​បាន​កើត​ឡើង​ខ្លាំង​ជាង​គេ​នៅ​ស្រុក Fulton County ដែល​ហ៊ុំ​ព័ទ្ធ​ធានី​រដ្ឋ Georgia ​គឺ​ទី​ក្រុង Atlanta និង​ស្រុក DeKalb County ដែល​ស្រុក​ទាំង​ពីរ​មាន​ប្រជាពលរដ្ឋភាគ​ច្រើន​ជា​អាមេរិកាំង​ដើម​អាហ្រ្វិក។​

ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ​ក៏​បាន​ធ្វើ​ឡើង​នៅ​រដ្ឋ Nevada, South Carolina, North Dakota និង West Virginia ដោយ​អាជ្ញាធរ​រដ្ឋ​ទាំង​នេះ​ក៏​បាន​ផ្ញើ​សន្លឹក​ឆ្នោត​ឲ្យ​ពលរដ្ឋណា​ដែល​ចង់​បោះ​តាម​ប្រៃសណីយ៍​ដើម្បី​ជៀសវាង​ការ​ឆ្លង​កូវីដ​១៩​នៅ​ការិយាល័យ​បោះឆ្នោត៕

XS
SM
MD
LG