ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ លោក​ Trump​ មាន​ការ​គាំទ្រ​តិច​ជាង​លោក​ Biden​ ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា


រូបផ្គុំចូលគ្នាបង្ហាញពីបេក្ខជនប្រធានាធិបតីគណ​បក្សប្រជាធិបតេយ្យលោក Joe Biden (ឆ្វេង) និងលោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

ការ​ស្ទង់​មតិ​នយោបាយនៅសហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ច្រើន​ឡើងៗ​ថា​ ពលរដ្ឋអាមេរិកាំង​មិន​ពេញ​ចិត្ត​នឹង​ការ​បំពេញ​ការងារ​របស់​លោក​ប្រធានាធិបតី​ Donald Trump ​ទេ ហើយ​ថា​ លោក​ចាញ់​លោក​អតីត​អនុ​ប្រធានាធិបតី​ Joe Biden ​គូ​ប្រជែង​របស់​លោក ​នៅ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​លោក​ដើម្បី​ឱ្យ​បាន​កាន់​តំណែង​បួន​ឆ្នាំ​មួយ​អាណត្តិ​ទៀត ​នៅ​ក្នុង​សេតវិមាន។​

នៅ​ក្នុង​ការស្ទង់​មតិ​ថ្មីៗ​បំផុត​មួយ ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៨​ ខែ​មិថុនា​ បណ្តាញ​ទូរទស្សន៍ ​CNN ​បាន​និយាយ​ថា​ ​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​ដែល​ CNN ​បាន​ស្ទង់មតិ​កាលពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​មិថុនា​ បង្ហាញ​ការ​មិន​យល់​ស្រប​នឹង​ការណ៍​ដែល​លោក​ Trump​ ចាត់​ចែង​ការងារ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​ដោយ​មាន​សំឡេង​ ៥៧ ភាគរយទល់​នឹង​ ៣៨ ភាគរយ​ ហើយ​ថា​ លោក​ចាញ់​លោក​ Biden​ ដោយ​មាន​សំឡេង​ ៥៥ ភាគរយទល់​នឹង ​៤១ ភាគរយ ​ក្នុង​ពេល ​៥ ​ខែ ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា។

នៅ​ក្នុង​ tweet​ មួយ​ ដែល​ឆ្លើយ​តប​នឹង​ការ​ស្ទង់​មតិ​ដោយ​ CNN​ នេះ​ លោក​ Trump ​បាន​ចំអក​ថា ​ការ​ស្ទង់​មតិ​នេះ​ «ក្លែង​ក្លាយ​ដូច​ការ​រាយ​ការណ៍​របស់​ CNN»​ ដែរ។​ លោក ​Trump ​បាន​និយាយ​ថា​ លោក​មាន​ «សំឡេង​គាំទ្រ​ដដែល​ ហើយ​អាក្រក់​ជាង​នេះ​ផង​ពេល​ប្រកួត​ប្រជែង​នឹង​លោកស្រី​ Hillary ​ដែល​ជា​មនុស្ស​ទុច្ចរិត»​ ដែល​ជា​ការ​ហៅ​ឈ្មោះ​បែប​ចំអក​មើល​ងាយ​ដល់​លោកស្រី​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ដែល​បាន​ចាញ់​លោក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ កាល​ពី​ឆ្នាំ ​២០១៦។​

ជា​ញឹក​ញយ​លោក​ Trump​ បាន​អួត​អំពី​ការ​គាំទ្រ​លោក​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ ក៏​ប៉ុន្តែ​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ក្រុម​ប្រជា​ធិបតេយ្យ​ក៏​បាន​ជំទាស់​ដែ រ​នឹង​តំណែង​ប្រធានាធិបតី​របស់​លោក។ នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ការ​ស្ទង់​មតិ​ដោយ ​CNN​ បាន​បង្ហាញ​ថា​ ក្រុម​អ្នក​បោះឆ្នោត​ឯករាជ្យ​គាំទ្រ​ឱ្យ​លោក ​Biden ​កាន់​តំណែង​ប្រធានាធិបតី​ ហើយ​មាន​តែ​ ៤១ ភាគរយ​ទេ​ដែល​គាំទ្រ​លោក ​Trump។​

អត្រា​គាំទ្រ​លោក ​Trump ​កម្រិត​ទាប​នេះ​កើត​មាន​ឡើង​ នៅ​ពេល​ក្រុម​អ្នក​បោះឆ្នោត​វាយ​តម្លៃ​ចំណាត់​ការ​របស់​លោក​ទាក់ទង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ក្នុង​ពេល​បី​ខែ​មក​នេះ​ និង​ចំណាត់​ការ​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ ​ទាក់​ទង​នឹង​បាតុកម្ម​នៅ​ទូទាំង​ប្រទេស ​កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ ​ប្រឆាំង​នឹង​ការ​ស្លាប់​លោក​ George Floyd ​ដែល​ជា​បុរស​ស្បែក​ខ្មៅ​ស្លាប់​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​ដោយ​ប៉ូលិស​នៅ​ក្នុង​ក្រុង ​Minneapolis ​រដ្ឋ​ Minnesota។​

CNN ​បាន​និយាយ​ថា​ អត្រា​គាំទ្រ​លោក​ Trump ​បាន​ចុះថយ​ ៧%​ កាលពី​ខែ​មុន ​គឺ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ ចាប់​តាំង​ពី​ខែ​មក រា​ឆ្នាំ ​២០១៩ ​មក។ បណ្តាញ​ទូរទស្សន៍​នេះ​បាន​ថ្លែង​ថា​ ​អត្រា​គាំទ្រ​លោក​ Trump ​មាន​ចំនួន ​៣៨ ភាគរយ ស្រដៀង​គ្នា​នឹង​អត្រា​គាំទ្រ​អតីត​ប្រធានាធិបតី​ពីរ​នាក់​ គឺ​លោក ​ Jimmy Carter ​កាល​ពី​ឆ្នាំ​ ១៩៨០​ និង​លោក ​George H.W. Bush​ កាល​ពី​ឆ្នាំ​ ១៩៩២​ នៅ​ពេល​លោក​ទាំង​ពីរ​នាក់​បាន​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ។​

ការ​ស្ទង់​មតិ​របស់​ CNN ​បាន​និយាយ​ថា​ ​ឥទ្ធិពល​បាតុកម្ម​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក ​Floyd ​ទៅ​លើ​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​មាន​ច្រើន​ក្រាស់​ក្រែល ដោយ​ពួក​គេ​ថ្លែង​ថា​ នៅ​ពេល​នេះ​ទំនាក់​ទំនង​ខាង​ពូជសាសន៍​នៅ​ក្នុង​ស.រ.អា.​ ក៏​មាន​សារៈ​សំខាន់​ដូច​បញ្ហា​នានា​ នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ឯ​ទៀតៗ​ដែរ​ ដូច​ជា​បញ្ហា​សេដ្ឋកិច្ច​និង​ការ​ថែ​ទាំ​សុខ​ភាព​ជា​ដើម។​

អ្នកដែល​បាន​ត្រូវ​ស្ទង់​មតិ​ បាន​និយាយ​ថា​ ពួក​គេ​យល់​ថា​ លោក​ Biden ​អាច​ដោះស្រាយ​បញ្ហា​ទំនាក់​ទំនង​ខាង​ពូជសាសន៍​បាន​ល្អ​ប្រសើរ​ជាង​លោក ​Trump ​គឺ​មាន​សំឡេង ​៦៣ ភាគរយ​ទល់​នឹង​ ៣១ ភាគរយ។ ​ក្នុង​ការ​ស្ទង់​មតិ​ទាក់ទង​ដំណោះ​ស្រាយ​ខាង​ពូជសាសន៍​ ​ក្រុម​អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ​គាំទ្រ​លោក ​Biden​ ច្រើន​លើស​លប់​គឺ ​៩១ ភាគរយ​ទល់​នឹង ​៤ ភាគរយ។​

លោក ​Biden ​ក៏​មាន​សំឡេង​គាំទ្រ​ឈ្នះ​លោក​ Trump ​ដែរ​ទាក់​ទង​នឹង​ការ​ស្ទង់​មតិ​អំពី​ចំណាត់​ការ​ប្រឆាំង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ គឺ​មាន​សំឡេង ​៥៥ ភាគរយ​ទល់​នឹង ​៤១ ភាគរយ។ ​ចំណែក​ឯ​ ការស្ទង់​មតិ​អំពី​ការ​ចាត់ចែង​សេដ្ឋកិច្ច​ ​ក្រុម​អ្នក​បោះឆ្នោត​គាំទ្រ​លោក ​Trump ​ច្រើន​ជាង​គឺ​មាន ​៥១ ភាគរយ​ទល់​នឹង​៤៦ភាគរយ។​

ការ​ស្ទង់​មតិ​ជាតិ​នៅ​ក្នុង​សហរដ្ឋអាមេរិកបានបង្ហាញ​យ៉ាង​ទៀង​ទាត់​ថា​ លោក​ Biden ​នាំមុខ​លោក​ Trump​ នៅ​ក្នុង​ការ​ស្ទង់​មតិ​ទាំងអស់​ចំនួន ​៤០ ​លើក ​ក្នុង​ខែ​ឧសភា ​និង​ការ​ស្ទង់​មតិ​៩​ទៀត ​ក្នុង​ខែ​មិថុនា​ គឺ​រហូត​មក​ដល់​ពេល​នេះ។​

លទ្ធផល​ការ​ស្ទង់មតិ​ទាំង​អស់​ចងក្រង​ដោយ​គេហទំព័រ​ Real Clear Politics ​បង្ហាញ​ថា​ លោក​ Biden​ នាំ​មុខ​លោក ​Trump ​៤៩,៩ ភាគរយទល់​នឹង ​៤២,១ ភាគរយ។ ​ការ​ប្រមូល​ផ្តុំ​លទ្ធ​ផល​ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ​ ដោយ​គេហទំព័រ​នេះ​បង្ហាញ​ថា ​ក្រុម​អ្នក​បោះឆ្នោត​មិន​ពេញ​ចិត្ត​នឹង​តំណែង​ប្រធានាធិបតី​របស់​លោក ​Trump ដោយ​មាន​សំឡេង ​៥៤,២ ភាគរយទល់​នឹង​ ៤២,៨ ភាគរយ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG