ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ​ មាន​បំណង​កាត់​បន្ថយ​ផ្ទៃដី​របស់​ឧទ្យាជាតិ​នៅក្នុង​រដ្ឋ Utah


អ្នក​គាំទ្រ​ម្នាក់​នៃ​បូជនីយដ្ឋាន​ជាតិ Bears Ears and Grand Staircase-Escalante រាំ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Salt Lake។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​គ្រោង​នឹង​កាត់​ទំហំ​ផ្ទៃដី​របស់​ឧទ្យាជាតិ​ធំៗ​ចំនួន​ពីរ​ស្ថិត​នៅ​ប៉ែក​ខាងលិច​នៃ រដ្ឋUtah ដោយ​លោក​បាន​ថ្កោល​ទោស​នូវ​អ្វី​ដែល​លោក​ពណ៌នា​ថា​ជា​ការរំលោភ​យក​ដី​សហព័ន្ធ​ដោយ​រដ្ឋាភិបាល។

លោក ត្រាំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Salt Lake ក្នុង​រដ្ឋUtah ដើម្បី​ធ្វើ​ការ​ប្រកាស​ដក​ចេញ​នូវ​បទបញ្ជា​នានា​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​ពីរ

រូប​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោក Bill Clinton និង​លោក Barack Obama ដែល​បាន​បង្កើត​ឧទ្យានជាតិ​ Bears Ears National Monument ដែល​មាន​ផ្ទៃ​ដី​៥សែន​២ម៉ឺន៦ពាន់ហិកតា និង​ឧទ្យានជាតិ Grand Staircase-Escalante National Monument ដែល​មាន​ផ្ទែ​ដី៧សែន៦ម៉ឺន៩ពាន់ហិចតា។

បទបញ្ជា​របស់​លោក ត្រាំ​ នឹង​កាត់​បន្ថយ​ទំហំ​ឧទ្យាជាតិ Bears Ears ចំនួន៨៥​ភាគរយ​ និង​កាត់បន្ថយ​ទំហំ​ឧទ្យានជាតិ Grand Staircase ចំនួន​ពាក់កណ្តាល​ ប៉ុន្តែ​ត្រូវ​តែ​ទទួល​បាន​ការ​ផ្តល់​សច្ចានុមតិ​ពី​សភា​ជា​មុន​សិន។ លោក ត្រាំ​មាន​បំណង​អភិវឌ្ឍ​ឧទ្យានជាតិ​ទាំងនេះ​បន្ថែម​ទៀត​ ដោយ​រួម​ទាំង​ការខួង​យក​រ៉ែ និង​ការចិញ្ចឹមគោ​នៅ​លើ​វាលស្មៅ​ក្នុង​ឧទ្យាន​នេះ​ផងដែរ។

ខណៈ​ធ្វើ​ដំណើរ​ចាកចេញ​ពី​រដ្ឋធានី វ៉ាស៊ីតោន ​លោក ត្រាំ​បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​រដ្ឋ Utah និង​រដ្ឋផ្សេងៗ​ទៀត​ចង់​បាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ វា​នឹង​ក្លាយ​ទៅ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​រឿង​ដ៏​អស្ចារ្យ​នានា​ នៅ​ក្នុង​ប្រទេសនេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ ការណ៍​នេះ​មានសារៈសំខាន់​ណាស់​សម្រាប់​សិទ្ធិ​របស់​រដ្ឋ និង​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​ទាំងអស់​ក្នុងរដ្ឋUtah»។

ក៏ប៉ុន្តែ​ភ្លាមៗ​នោះ​ ពលរដ្ឋ​ជនជាតិ​ដើម​អាមេរិកាំង​ និង​ក្រុម​អ្នក​បរិស្ថាន​បាន​ប្តេជ្ញា​ថា​ នឹង​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​រារាំង​បទបញ្ជា​របស់លោក ត្រាំ​ ដោយ​ពួកគេ​និយាយ​ថា​ ការកំណត់​ឲ្យ​ឧទ្យានជាតិ​មាន​ទំហំ​ធំ​ ចាំបាច់​ត្រូវ​តែ​រក្សា​ទុក​ដដែល​ ដើម្បី​ការពារ​សត្វព្រៃ​ ទីកន្លែង​ពិសិដ្ឋ​ និង​វត្ថុបុរាណ​ដែល​មាន​អាយុកាល​រាប់​សតវត្សរ៍​ជាដើម៕

XS
SM
MD
LG