ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Trump បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺកូវីដ១៩​នៅ​មន្ទីរពេទ្យ​យោធា


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើកដៃដាក់អ្នកសារព័ត៌មាន ខណៈលោកត្រៀមធ្វើដំណើរចាកចេញពីសេតវិមាន ទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed បន្ទាប់ពីលោកបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០។

នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បានទៅដល់មន្ទីរ​ពេទ្យ​យោធា​ជាតិ Walter Reed ដើម្បីសម្រាកព្យាបាលជំងឺកូវីដ១៩ រយៈពេល «ពីរបីថ្ងៃ» ដែលជាវិធានការការពារ និងតាមការណែនាំរបស់គ្រូពេទ្យនិងក្រុមអ្នកជំនាញវេជ្ជបណ្ឌិត។

លោក​ Trump បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង បន្ទាប់​ពី​លោក​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ ដោយ​លោក​បាន​ឡើង​ឧទ្ធម្ភាគចក្រ Marine One ចាកចេញ​ពី​សេតវិមាន ឆ្ពោះទៅ​កាន់​មន្ទីរ​ពេទ្យ​យោធា​ជាតិ Walter Reed ខណៈ​នៅសហរដ្ឋអាមេរិកជំងឺកូវីដ១៩នេះ បានសម្លាប់មនុស្សជាង ២០៥.០០០នាក់។

លោក​ប្រធានាធិបតី Trump បាន​ដើរ​ចេញ​ពី​សេតវិមាន ហើយ​បាន​លើក​មេដៃ​ឡើង​លើ (ដែល​បង្ហាញ​ស្មារតី​ល្អ) ប៉ុន្តែ​លោក​មិន​បាន​និយាយ​អ្វី​នោះ​ទេ។ ក្រុម​អាកាសយានិក ទីភ្នាក់ងារ​ការពារ​ប្រធានាធិបតី និង​បុគ្គលិក​សេតវិមាន បាន​ពាក់​ម៉ាស់​ដើម្បី​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​លោក​ប្រធានាធិបតី Trump ឡើង​ឧទ្ធម្ភាគចក្រ។

នៅក្នុងវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter លោកប្រធានាធិបតី Trump បានថ្លែងអរគុណដល់សារនានាដែលបានផ្ញើជូនពរដល់លោក និងភរិយាគឺលោកស្រី Melania Trump។

លោកក៏បានថ្លែងបន្ថែមថា៖ «ខ្ញុំយល់ថា ខ្ញុំមានសុខភាពល្អ ប៉ុន្តែយើងនឹងធ្វើកិច្ចការចាំបាច់ ដើម្បីឲ្យបានរើបពីជំងឺនេះ»។

មន្ត្រី​សេតវិមាន ឲ្យ​ដឹង​ថា ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​របស់​លោក​ប្រធានាធិបតី​រយៈពេល​«ពីរបី​ថ្ងៃ» នេះ គឺជា​វិធានការ​ការពារ​ ហើយ​ថា លោក​ប្រធានាធិបតី នឹង​ធ្វើកិច្ចការ​របស់​លោក​ពី​បន្ទប់​សម្រាក​របស់​លោក នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ដែល​មាន​បំពាក់​ទៅ​ដោយ​សម្ភារៈ​គ្រប់បែបយ៉ាង​ ដែល​អនុញ្ញាត​ឲ្យ​លោក​បំពេញ​កាតព្វកិច្ច​ផ្លូវការ​របស់​លោក​បាន។

អ្នកនាំ​ពាក្យ​សេតវិមាន​អ្នកស្រី Kayleigh McEnany បាន​ថ្លែង​ថា៖ «លោក​ប្រធានាធិបតី Trump នៅ​តែ​មាន​ស្មារតី​ល្អ មាន​រោគសញ្ញា​ស្រាល និង​កំពុង​ធ្វើ​កិច្ចការ​របស់​លោក​ពេញ​មួយ​ថ្ងៃ»។

អ្នកនាំ​ពាក្យ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ជា​វិធានការ​ការពារ​និង​ជា​ការ​ណែនាំ​ពី​គ្រូពេទ្យ​និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​លោក​ប្រធានាធិបតី នឹង​ធ្វើការ​ពី​ការិយាល័យ​របស់​លោក ដែល​ស្ថិត​ក្នុង​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed រយៈពេល​ពីរបី​ថ្ងៃ»។

នៅ​ថ្ងៃ​សុក្រ​នេះ មន្ត្រី​សេតវិមាន ក៏​បាន​ឲ្យ​ដឹង​ថា លោក Trump ត្រូវបាន​ចាក់​ថ្នាំ​ដែល​ផ្សំ​ឡើង​ពី​សារធាតុអង់ទីករ​បែប​ពិសោធន៍​មួយ ដោយ​គ្រូពេទ្យ​ប្រចាំ​សេតវិមាន។

ក្នុង​រយៈពេល​ជាង​មួយ​ខែ​មុន​ពេល​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មក​ដល់ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ របស់​លោក​ Trump ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​សារ​លើ​បណ្តាញ​ Twitter របស់​លោក បន្ទាប់​ពី​លោក​បាន​ត្រឡប់​ពី​ចូលរួម​កម្មវិធី​រៃអង្គាស​ថវិកា​សម្រាប់​សកម្មភាព​នយោបាយ​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែ​តុលា៕

XS
SM
MD
LG