ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងភរិយា Melania Trump បានឆ្លងជំងឺកូវីដ១៩


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងភរិយាគឺលោកស្រី Melania Trump ចូលរួមថ្ងៃទី៤នៃមហាសន្និបាតនៃគណបក្សសាធារណរដ្ឋនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងភរិយាគឺលោកស្រី Melania Trump ចូលរួមថ្ងៃទី៤នៃមហាសន្និបាតនៃគណបក្សសាធារណរដ្ឋនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ថា លោក​និង​លោកស្រី Melania Trump ដែល​ជាភរិយា​របស់​លោក​បាន​ធ្វើ​តេស្ត​ឃើញវិជ្ជមាន​ថាមាន​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩។។

ក្នុងសារ​របស់​លោក​បញ្ជូន​សារ​តាម​ Twitter ​នា​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃសុក្រ​ម៉ោង ១២:៥៤នាទី ម៉ោង​នៅ​សហរដ្ឋអាមេរិក​ភាគខាង​កើត លោក Trump បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «យប់​នេះ ភរិយា​ខ្ញុំ​និង​ខ្ញុំ បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថាមានកូវីដ​១៩ ។ យើង​នឹង​ចាប់ផ្តើម​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គេ (ធ្វើ​ចត្តាឡីស័ក) ​និង​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​ជា​សះស្បើយ​ជា​បន្ទាន់។ យើង​នឹង​ឆ្លង​ផុត​ស្ថានភាព​នេះ​ជាមួយ​គ្នា» ។

ប្រហែល ​១១ ​នាទី​ក្រោយ​ការ​បង្ហោះសារ​នេះ សេតវិមាន​បាន​ចេញកំណត់​ហេតុមួយ​ពី​លោក Sean Conley ដែល​ជា​វេជ្ជបណ្ឌិត​របស់​លោក​ប្រធានាធិបតី​ ដោយ​លោក​បាន​បញ្ជាក់​ថា​លោក​ប្រធានាធិបតី​និង​ភរិយា​របស់​លោក បាន​ធ្វើ​តេស្តវិជ្ជមាន​មាន​ជំងឺ​កូវីដ​១៩។

លោក​វេជ្ជបណ្ឌិត Conley បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​នោះក្នុង​ន័យ​ដើម​ថា៖ «លោក​ប្រធានាធិបតី និង​ភរិយា ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ល្អ​នា​ពេល​នេះ ហើយ​អ្នក​ទាំងពីរ​គ្រោង​នឹង​ស្ថិត​ក្នុង​វិមាន​ប្រធានាធិបតីដែល​ស្ថិត​ក្នុង​សេតវិមាន ក្នុង​អំឡុង​ពេល​សម្រាក​ព្យាបាល​ជំងឺ»។

លោក​វេជ្ជបណ្ឌិត​រូបនេះ​បាន​បន្ថែម​ថា លោក​រំពឹង​ថា លោក​ប្រធានាធិបតី Trump «នឹង​បន្ត​កាតព្វកិច្ច​របស់​លោក​ដោយ​គ្មាន​ការ​រំខាន ខណៈ​ពេល​កំពុង​សម្រាក​ព្យាបាល ហើយ​ខ្ញុំ​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​ដល់​អ្នកគ្រប់គ្នា​នា​ពេល​ខាងមុខ​នេះ»។

លោក​វេជ្ជបណ្ឌិត Conley បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី​និង​ភរិយា​របស់​លោក មាន​សុខភាព​ល្អ​នៅ​ពេល​នេះ ហើយ​អ្នក​ទាំង​ពីរ មាន​គម្រោង​ស្ថិត​នៅ​គេហដ្ឋាន​ក្នុង​សេតវិមាន​ក្នុង​អំឡុង​ពេល​នៃ​ការព្យាបាល​នេះ»។

ក្នុង​សេចក្តី​ថ្លែងការណ៍​លោក Sean Conley វេជ្ជបណ្ឌិត​ប្រចាំ​សេតវិមាន​និយាយ​ថា លោក​រំពឹង​ថា លោក​ប្រធានាធិបតី​នឹង​អាច​បំពេញ​ការងារ​របស់​លោក​ដោយ​មិន​មាន​ការ​បង្អាក់ ។

នៅក្នុង​សារ​ធ្វីតធឺ​ដាច់​ដោយ​ឡែក​មួយ លោកស្រី Melania Trump បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ស្រប​ពេល​ដែល​ពលរដ្ឋអាមេរិកាំង​ជា​ច្រើននាក់​បាន​ឆ្លងកាត់ការធ្វើដូច្នេះ​ក្នុង​ឆ្នាំ​នេះ ខ្ញុំ​និង​លោក​ប្រធានាធិបតី កំពុង​រក្សា​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​នៅ​វិមាន​ប្រធានាធិបតី បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រកឃើញ​ថា បាន​ឆ្លង​ជំងឺ​កូវីដ១៩។ យើង​មាន​សុខភាព​ល្អ​ធម្មតា ហើយ​ខ្ញុំ​បាន​ពន្យារ​ពេល​រាល់​សកម្មភាព​របស់​ខ្ញុំ​ដែល​បាន​គ្រោង​ទុក​ពី​មុន។ សូម​ថែរក្សា​ខ្លួន​អ្នក​ឲ្យ​មាន​សុវត្តិភាព​ ហើយ​យើង​នឹង​ឆ្លង​ផុត​ផល​លំបាក​ពី​ជំងឺ​នេះ​ជាមួយ​គ្នា»។

ការ​ប្រកាស​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា អ្នក​ស្រី Hope Hicks អ្នក​ជំនួយការ​របស់សេតវិមាន​បាន​ធ្វើ​តេស្ត​មានវីរុស​កូរ៉ូណា​ដែលបង្ក​ជំងឺ​កូវីដ១៩​ ដែល​បាន​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​ជាង ​២ ​សែន​នាក់ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

មន្ត្រី​សេតវិមាន​ម្នាក់​បាន​និយាយ​ថា «យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទាំងអស់​របស់​លោក​ប្រធានាធិបតី Trump បាន​ត្រូវ​បញ្ជា​ឲ្យ​លុបចោល​ទាំងអស់»។

ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគ​ហ៊ុន​សហរដ្ឋ​អាមេរិក​ដាំក្បាល​ចុះ​ភ្លាមៗ និង​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump តែ​ប្រមាណ​មួយ​ខែ​ប៉ុណ្ណោះ​ មុនការ​បោះឆ្នោត​ទល់​នឹង​លោក​អតីត​អនុប្រធានាធិបតី Joe Biden ដែល​កំពុង​នាំ​មុខ​ក្នុង​ការ​ស្ទង់​មតិ៕

XS
SM
MD
LG