ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋ Arizona និង​រដ្ឋ Iowa


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ Yuma នៅ​ទីក្រុង Yuma នៃ​រដ្ឋអារីហ្សូណា កាលពី​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ Yuma នៅ​ទីក្រុង Yuma នៃ​រដ្ឋអារីហ្សូណា កាលពី​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០។

នៅ​ក្នុង​រដ្ឋ Arizona ដែល​ជារដ្ឋ​​ដែល​អាច​កំណត់​លទ្ធផល​បោះឆ្នោត​​ដ៏​ក្ដៅ​គគុក​មួយ លោក Trump បាន​បញ្ជាក់​ថា «ការ​រស់រាន​មាន​ជីវិត​របស់​ប្រទេស​ជាតិ​យើង​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់»។

ស្រប​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ កំពុង​រៀបចំ​សន្និបាត​ជាតិ លោក​ប្រធានាធីបតី Donald Trump កាល​ពី​ថ្ងៃ​អង្គារ​ បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​អំពី​បញ្ហា​អន្តោប្រវេសន៍ ដើម្បី​ប្រឆាំង​នឹង​គូ​ប្រជែង​របស់​លោក​គឺ​លោក Joe Biden មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ បញ្ហា​អន្តោ​ប្រវេសន៍​នេះ​ ក៏​ជា​ប្រធាន​បទ​សំខាន់​បំផុត​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump កាល​ពី​ឆ្នាំ ២០១៦ ផងដែរ។

ស្របពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ជួបជុំ​គ្នា​តាម​អនឡាញ​ដើម្បី​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី Trump និង​ដើម្បី​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ លោក Trump បាន​ដាក់​គោលដៅ​ទៅ​លើ​អ្នក​បោះឆ្នោត​នៅ​ក្នុងរដ្ឋដែល​អាច​កំណត់​លទ្ធផល​បោះឆ្នោត​សំខាន់​ពីរ ​គឺ​រដ្ឋ Iowa និង​រដ្ឋ Arizona និង​ស្វះស្វែង​ទាក់​ទាញ​សន្លឹក​ឆ្នោត​ពី​ក្រុម​អ្នក​បោះឆ្នោត​ជា​ស្រ្តី។

នៅ​ក្នុង​រដ្ឋ Arizona ដែល​ជារដ្ឋដែល​អាច​កំណត់​លទ្ធផល​បោះឆ្នោតដ៏​ក្ដៅ​គគុក​មួយ លោក Trump បាន​បញ្ជាក់​ថា «ការ​រស់រាន​មាន​ជីវិត​របស់​ប្រទេស​ជាតិ​យើង​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់» នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ហើយ​ស្របពេល​នោះ​ដែរ លោក​បាន​រិះគន់​លើ​អ្វី​ដែល​លោក​ហៅ​ថា «គោល​នយោបាយ​ឆ្កួត​លីលា និង​សាហាវ​ព្រៃផ្សៃ» របស់​លោក Biden ដែល​ជា​គូ​ប្រជែង​របស់​លោក។

លោក Trump ថ្លែង​ដូច្នេះ​ថា៖ «គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក Biden គឺ​ជា​គោល​នយោបាយ​ជ្រុល​ហួសហេតុ ព្រហើន និង​គ្រោះថ្នាក់។ គោល​នយោបាយ​នេះ​ត្រូវតែ​បរាជ័យ ហើយ​វា​នឹង​បរាជ័យ​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ»។

នៅ​ក្នុង​ទីក្រុង Cedar Rapid រដ្ឋ Iowa លោក Trump បាន​បញ្ជាក់​ចំពោះ​អ្នក​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ Derecho ថា៖ «យើង​បាន​ដោះស្រាយ​ជូន​អ្នក ហើយ​យើង​នឹង​តែងតែ​ដោះស្រាយ​ជូន​រដ្ឋ Iowa»។ លោក Trump ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​អភិបាល​ក្រុង Cedar Rapid បាន​ជំរុញ​លោក​ឲ្យ​ពិចារណា​បង្កើន​ថវិកា​សហព័ន្ធ​សម្រាប់​បញ្ហា​គ្រោះ​មហន្តរាយ​ដើម្បី​ជួយ​ជន​រងគ្រោះ​នៅ​ក្នុង​ទីក្រុង​នេះ៕

XS
SM
MD
LG