ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump ​ជំទាស់​នឹង​ការ​ផ្តល់​ប្រាក់​ថ្មី​ឱ្យ​ដល់​ប្រៃសណីយ៍​ ​ពី​ព្រោះ​វា​អាច​បង្កើន​ការ​បោះឆ្នោត​ដោយ​ផ្ញើ​តាម​ប្រៃសណីយ៍


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅព្រលានយន្តហោះអន្តរជាតិ Yuma ក្នុងរដ្ឋអារីហ្សូណា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅព្រលានយន្តហោះអន្តរជាតិ Yuma ក្នុងរដ្ឋអារីហ្សូណា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៣​ ខែសីហា​ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​(Donald Trump) ​បាន​និយាយ​ថា​ លោក​ជំទាស់​ការ​ទាមទារ​របស់​ពួក​ប្រជា​ធិបតេយ្យ​ឱ្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​ថ្មី​របស់​សេវា​ប្រៃសណីយ៍​សហរដ្ឋអាមេរិក ពីព្រោះ​វា​បើក​ផ្លូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ដែល​លោក​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា​ ​ការ​ធ្វើ​ដូច្នេះ​នាំ​ឱ្យ​មាន​ការ​លួច​បន្លំ​យ៉ាង​ធំធេង​ប្រឆាំង​នឹង​លោក។​

លោក ​Trump​ បាន​និយាយ​ប្រាប់​បណ្តាញ​ទូរទស្សន៍​ Fox Business ​ថា៖​ «នៅ​ពេល​នេះ​ ពួក​ប្រជា​ធិបតេយ្យ​ត្រូវ​ការ​ទឹក​ប្រាក់​នេះ​ដើម្បី​ធ្វើ​ឱ្យ​សេវា​ប្រៃសណីយ៍​មាន​ដំណើរ​ការ​ ដើម្បី​ឱ្យ​សេវា​នេះ​ប្រមូល​យក​សន្លឹក​ឆ្នោត​រាប់​លាន​ទាំង​នេះ។ ​ក៏​ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​មិន​សម្រេច​បានការ​ទាមទារ​ទាំង​ពីរ​នោះ​ទេ​មាន​ន័យ​ថា​ លោក​អ្នក​មិន​អាច​មាន​ការ​បោះឆ្នោត​សាកល​ផ្ញើ​តាម​ប្រៃសណីយ៍​ទេ​ ​ពី​ព្រោះ​ពួក​គេ​គ្មាន​ឧបករណ៍​សម្រាប់​បំពេញ​កិច្ចការ​នេះ​ទេ»។​

លោក ​Trump ​បាន​និយាយ​ថា៖​ «ការ​ទាមទារ​សុំ​ទាំង​នេះ​ត្រូវការ​ទឹក​ប្រាក់​២៥​ពាន់​លាន​ដុល្លារ​សម្រាប់​ការិយាល័យ​ប្រៃសណីយ៍​និង​៣​ពាន់​៥រយ​លាន​ដុល្លារ​សម្រាប់​ការ​បោះឆ្នោត​តាម​រយៈ​ប្រៃសណីយ៍។​ ប្រសិន​បើ​យើង​មិន​មាន​ការ​ព្រមព្រៀង​គ្នា​ទេ ​មាន​ន័យ​ថា​ ​ពួក​គេ​មិន​អាច​មាន​ប្រាក់​ទេ។​ ការណ៍​នេះ​មាន​ន័យ​ថា​ ​ពួក​គេ​មិន​អាច​មាន​ការ​បោះឆ្នោត​សាកល​តាម​រយៈ​ប្រៃសណីយ៍​ទេ។ ការ​បោះឆ្នោត​បែប​នេះ​មិន​អាច​កើត​មាន​បាន​ទេ»។

ការ​ចរចា​របស់​សេតវិមាន​ជា​មួយ​ពួក​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​ក្រុម​ប្រឆាំង​មាន​រួម​បញ្ចូល​ការ​ពិភាក្សា​គ្នា​អំពី​ការ​ផ្តល់​ប្រាក់​ឱ្យ​សេវា​ប្រៃសណីយ៍​ដោយ​មាន​កញ្ចប់​ជំនួយ​ធំ​ជាង​មុន​សម្រាប់​ក្រុម​អ្នក​គ្មាន​ការងារ​ធ្វើ​ សម្រាប់​គ្រួសារ​អាមេរិកាំង​ សម្រាប់​វិស័យ​ធុរកិច្ច​ និង​សម្រាប់​រដ្ឋាភិបាល​មូលដ្នាន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាត​ត្បាត​ជា​សាកលនៃ​វីរុស​កូរ៉ូណា​មិន​ស្រាក​ស្រាន្តនៅ​ក្នុង​ស.រ.អា.។​

ក៏​ប៉ុន្តែ​កិច្ច​ចរចា​គ្នា​នេះ​បាន​បរាជ័យ​កាល​ពី​សប្តាហ៍​ទីមួយ​ខែ​សីហា​អំពី​ការ​ផ្តល់​ប្រាក់​ឱ្យ​សេវា​ប្រៃសណីយ៍​និង​ទំហំ​នៃ​ជំនួយ​ឯ​ទៀតៗនៅ​ពេល​មាន​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដោយ​ពួក​ប្រជា​ធិបតេយ្យ​អំពាវនាវ​ឱ្យ​ចំណាយ​ច្រើន​ជាង​មុន​ហើយ​ពួក​សាធារណរដ្ឋ​ចង់​ឱ្យ​ចំណាយ​តិច​ជាង​មុន។ ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​មាន​កិច្ច​ចរចា​គ្នា​ជា​ថ្មី​បាន​បរាជ័យ​កាល​ពី​សប្តាហ៍​ទី​មួយ​នៃ​ខែ​សីហា​ដោយ​ពួក​ប្រជា​ធិបតេយ្យ​អំពាវនាវ​ឱ្យ​មាន​ចំណាយ​ច្រើន​ជាង​មុន​ ​ហើយ​ពួក​សាធារណរដ្ឋ​ចង់ឱ្យ​មាន​ចំណាយ​តិច​ជាង​មុន។​ កិច្ច​ខិត​ខំប្រឹង​ប្រែង​ធ្វើឱ្យ​មាន​ការ​ចរចា​គ្នា​ជា​ថ្មី​មិន​បាន​ផល​ទេ​កាល​ពីថ្ងៃ​ពុធ​ទី​១២ ខែ​សីហា។​ កាល​ពី​ខែ​មីនា អ្នក​សាធារណរដ្ឋ​លោក​ Trump ​បាន​និយាយ​អំពី​ហេតុផល​មួយ​ទៀត​ដែល​លោក​ជំទាស់​នឹង​ការ​បង្កើន​ចំណាយ​សម្រាប់​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍ដែល​អាច​នាំ​ឱ្យ​មាន​សន្លឹក​ឆ្នោត​ច្រើន​សម្រាប់​ក្រុម​ប្រជា​ធិបតេយ្យ។​

លោក​បាន​និយាយ​កាល​ណោះ​ថា​ ​ការ​បោះឆ្នោត​បែប​នេះ​អាច​បណ្តាល​ឱ្យ​មាន​«ការ​បោះឆ្នោត​មួយ​ដែល​ បើ​សិន​លោក​អ្នក​យល់​ព្រម​គឺ​ នឹង​មិន​មាន​អ្នក​សាធារណរដ្ឋ​ណា​ម្នាក់​ជាប់​ឆ្នោត​ទៀត​ទេ»។​

លោក​ Trump ​បាន​និយាយ​ប្រឆាំង​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍ ​ដោយ​អះអាង​ថា​ ​ការបោះឆ្នោត​បែប​នេះ​នាំ​ឱ្យ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ ទោះ​ណា​ជាអំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ស.រ.អា.​មាន​តិច​តួច​ក៏ដោយ។​ កាល​ពី​អាទិត្យ​ទី​មួយ​នៃ​ខែ​សីហា ​ លោក​និយាយ​ដោយ​មិន​រារែក​ទេ​ថា​ ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ជា​ការ​ល្អ​ប្រសើរ​នៅ​ក្នុង​រដ្ឋ​ Florida ​ ពី​ព្រោះ​ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​មើល​ការ​ខុស​ត្រូវ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​អភិបាល​រដ្ឋ​សាធារណរដ្ឋ​ពីរ​នាក់​ដែល​គាំទ្រ​លោក។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ពួក​អ្នក​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​បាន​ប្តឹង​សុំ​រារាំង​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នៅ​ក្នុង​រដ្ឋ ​Nevada ​នៅ​ភាគ​ខាង​លិច​ស.រ.អា.​ដែល​មាន​អភិបាល​រដ្ឋ​ជា​អ្នក​ប្រជា​ធិបតេយ្យ​និង​ជា​អ្នក​រិះគន់​លោក​ Trump ​ជា​ខ្លាំង​យូរយារ​មក​ហើយ។ ​មាន​រដ្ឋ​ចំនួន​៥​ក្នុង​បណ្តា​រដ្ឋ​ទាំង​អស់​៥០​នៃ​ប្រទេស​អាមេរិក​ដែល​បាន​ធ្វើ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ស្ទើរតែ​ទាំង​ស្រុង។​ នៅ​ឆ្នាំ​នេះ​មាន​រដ្ឋាភិបាល​រដ្ឋ​ជា​ច្រើន​បាន​ចាត់​វិធាន​ការ​សម្រួល​ការ​បោះឆ្នោត​ដោយ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ដើម្បី​បន្ថយ​ការ​ភ័យ​ខ្លាច​របស់​ពួក​អ្នក​បោះឆ្នោតដែល​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណាបើ​គេ​ទៅ​កន្លែង​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ដែល​នៅ​ទី​នោះ​ពួក​គេ​នឹង​នៅ​ជិត​មនុស្ស​ឯ​ទៀតៗ។​

ក្រុម​ប្រជា​ធិបតេយ្យ​បាន​រិះគន់​លោក ​Trump ​ថា​ ខិតខំ​បន្ថយ​ជំនួយ​ថ្មី​ដល់​សេវា​ប្រៃសណីយ៍។​

លោក​ Chris Coons ​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ MSNBC ​ថា៖​ «ជា​ដំបូង​ខ្ញុំ​សង្ឃឹម​ថា​ ​នេះមិន​មែន​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដោយ​មាន​ចេតនា​បោះ​បង់​ចោល​ការ​បោះឆ្នោត​ទេ។ កាលពី​ពេល​ថ្មីៗ​ ​ខ្ញុំ​ខ្លល់​ខ្វាយ​ខ្លាំង​ដោយ​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​សេវា​ប្រៃសណីយ៍​ ​រៀបចំ​ដោយ​នាយក​ទូទៅ​នៃ​សេវា​ប្រៃសណីយ៍​ដែល​ខ្ញុំ​សូម​រំឭក​ថា​ គាត់​ជា​អ្នក​ផ្តល់​ប្រាក់​ច្រើន​ដល់​ការ​ឃោសនា​បោះឆ្នោត​របស់​លោក ​Trump»។​

លោក​ Louis DeJoy​ នាយក​ទូទៅ​នៃ​សេវា​ប្រៃសណីយ៍​ដែល​បាន​ធ្វើ​វិភាគ​ទាន​២​លាន​៧​សែន​ដុល្លារ​ដល់​លោក ​Trump ​និង​អ្នក​សាធារណរដ្ឋ​ឯ​ទៀតៗ ​ចាប់​តាំង​ពីឆ្នាំ​២០១៧​មក​ បាន​បញ្ជា​ឱ្យ​កាត់​ការ​បង់ប្រាក់​សម្រាប់​ធ្វើការ​ហួស​ម៉ោង​របស់​ពួក​អ្នក​ធ្វើការ​ខាង​ប្រៃសណីយ៍​នៅ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ខាង​ហិរញ្ញ​វត្ថុ​ធ្ងន់ធ្ងរ​របស់​ទីភ្នាក់ងារ​នេះ ​ ប៉ុន្តែ​ពួក​អ្នក​រិះ​គន់​ថ្លែង​ថា​ ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​យឺតយូរ​ការ​ប្រគល់​សំបុត្រ​ឱ្យ​ប្រជា​ពលរដ្ឋ។​

ក្រៅពី​លទ្ធភាព​មាន​ការ​បន្លំ​សន្លឹកឆ្នោត​ ការ​ពង្រីក​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​និង​គណបក្ស​សាធារណ​រដ្ឋ​ ហើយ​ជួន​កាល​បណ្តាល​ឱ្យ​មាន​ការ​សង្ស័យ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទាំង​នេះ​ជា​ច្រើន​សប្តាហ៍​ផង​ដែរ។ ​

ក្រុម​អ្នក​បោះឆ្នោត​រាប់​ម៉ឺន​នាក់​បាន​សុំ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ច្រើន​ជាង​ការ​បោះឆ្នោត​កាលពី​ពេល​មុនៗ​ជា​ជាង​ទៅ​កាន់​ស្ថានីយ៍​បោះឆ្នោត​នៅ​ក្នុង​អគារ​រដ្ឋាភិបាល ​សាលា​រៀន​ វិហារ​គ្រឹស្ត​សាសនា​ ស្ថានីយ៍​ឡាន​ទឹក​ពន្លត់​អគ្គីភ័យ ​និង​កន្លែង​ឯ​ទៀតៗ​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

ដោយសារ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ទំនង​ជា​នឹង​មាន​កំណើន​ខ្លាំង​ ​ ពួក​អ្នក​វិភាគ​នយោបាយ​ស.រ.អា.​ច្រើន​នាក់​បាន​ព្រមាន​ថា​ ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​អាច​ត្រូវ​ពន្យារ​ពេល​ហួស​ពី​ថ្ងៃ​បោះឆ្នោត​នោះ ហើយ​អាច​នាំ​ឱ្យ​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​របស់​លោក​ Trump​ជាមួយ​បេក្ខជន​ប្រជា​ធិបតេយ្យ​លោក​ Joe Biden​ មានភាព​មិន​ប្រាកដ​ប្រជា​ជា​ច្រើន​ថ្ងៃ​ឬ​ច្រើន​សប្តាហ៍​ថែម​ទៀត​ផង៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG