លោក John Kasich អតីតអភិបាលរដ្ឋ Ohio ខាងគណបក្សសាធារណរដ្ឋ បានប្ដូរការគាំទ្រគណបក្សរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយលោកបានថ្លែងនៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ ដើម្បីគាំទ្រដល់បេក្ខភាពរបស់លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ សម្រាប់តំណែងប្រធានាធិបតី។
លោក Kasich បានថ្លែងក្នុងសុន្ទរកថារបស់លោកដែលបានថតទុកជាមុន ដែលត្រូវបានចាក់ផ្សាយនៅយប់បើកសន្និបាតជាតិគណបក្សប្រជាធិបតេយ្យថា៖ «ខ្ញុំគឺជាសមាជិកគណបក្សសាធារណរដ្ឋអស់មួយជីវិតមកហើយ ប៉ុន្តែការគាំទ្រគណបក្សសាធារណរដ្ឋជាអាទិភាពទីពីរប៉ុណ្ណោះ គឺនៅពីក្រោយការទទួលខុសត្រូវរបស់ខ្ញុំសម្រាប់ប្រទេសរបស់ខ្ញុំ។ ដូច្នេះហើយបានជាខ្ញុំសម្រេចចេញមុខនៅក្នុងសន្និបាតនេះ។ ជាធម្មតា រឿងបែបនេះប្រហែលជានឹងមិនកើតឡើងទេ ប៉ុន្តែនេះមិនមែនជាពេលធម្មតាទេ»។
លោក Kasich គឺជាគូប្រជែងដ៏ស្វិតស្វាញបំផុតមួយរូបរបស់លោកប្រធានាធិបតី Donald Trump ក្នុងអំឡុងការដណ្ដើមយកការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ លោកក៏ជាបេក្ខជនដែលបានដកខ្លួនក្រោយគេបង្អស់ចេញពីការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីកាលពីពេលនោះផងដែរ។ លោក Kasich ប្រហែលជាសមាជិកគណបក្សសាធារណរដ្ឋដ៏សំខាន់បំផុត ដែលប្រឆាំងនឹងការបោះឆ្នោតឲ្យលោក Trump សម្រាប់អាណត្តិថ្មីផង និងជាអ្នកដែលគាំទ្រលោក Biden ខាងគណបក្សប្រជាធិបតេយ្យផង។
សុន្ទរកថារបស់លោក Kasich ដែលត្រូវបានស្វាគមន៍យ៉ាងច្បាស់ក្រឡែតពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ត្រូវបានសមាជិកគណបក្សសាធារណរដ្ឋដែលប្រកាន់គំនិតអភិរក្សនិយមមួយចំនួន ច្រានចោលថា ជាការធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបង្ហាញពីការមិនស្មោះស្ម័គ្រចំពោះគណបក្សសាធារណរដ្ឋ។ សូម្បីតែសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនដែលប្រកាន់គំនិតកំណែទម្រង់ខ្លាំងបានត្អូញត្អែរថា លោក Kasich ត្រូវបានគណបក្សផ្ដល់តម្លៃខ្ពស់ពេក ដែលលោកមិនសមនឹងទទួលបាន នៅយប់ទីមួយនៃសន្និបាតជាតិរបស់គណបក្ស៕