ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ជួបជុំ​គ្នា​តាម​អនឡាញ និង​រួម​គ្នា​ប្រឆាំង​នឹង​លោក Trump


នៅក្នុងរូបផ្គុំដែលថតចេញពីវីដេអូនេះ បង្ហាញ​អំពី​អ្នកស្រី Michelle Obama ដែល​ជា​ភរិយា​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama និង​លោក​សមាជិក​ព្រឹទ្ធសភា Bernie Sanders មក​ពីរដ្ឋ Vermont ថ្លែង​នៅក្នុង​រាត្រី​ទីមួយ​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០។
នៅក្នុងរូបផ្គុំដែលថតចេញពីវីដេអូនេះ បង្ហាញ​អំពី​អ្នកស្រី Michelle Obama ដែល​ជា​ភរិយា​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama និង​លោក​សមាជិក​ព្រឹទ្ធសភា Bernie Sanders មក​ពីរដ្ឋ Vermont ថ្លែង​នៅក្នុង​រាត្រី​ទីមួយ​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០។

អភិបាល​រដ្ឋ Michigan អ្នកស្រី Gretchen Whitmer បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក Joe Biden និង​អ្នកស្រី Kamala Harris នឹង​ដឹកនាំ​ដោយ​ធ្វើ​ជា​ឧទាហរណ៍​ជាក់ស្ដែង។ ពួកគេ​ដឹង​ថា​ សុខភាព​របស់​ពលរដ្ឋ​យើង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​យើង»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​បាន​បើក​សន្និបាត​ជាតិ​គណបក្ស​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។ សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​នេះ​មាន​រយៈពេល ៤ ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២០ ខែ​សីហា​នេះ ដែល​ប្រព្រឹត្ត​ទៅ​ទាំងស្រុង​តាម​អនឡាញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ ពួកគេ​សង្ឃឹម​ថា សន្និបាត​ជាតិ​គណបក្ស​នេះ​ នឹង​ជួយ​ជំរុញ​ឲ្យ​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ក៏​ជា​អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ផង​នោះ ទទួល​បាន​ជ័យជម្នះ​លើ​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

អតីត​ភរិយា​ប្រធានាធិបតី​លោកស្រី Michelle Obama សមាជិក​ព្រឹទ្ធសភា​ប្រកាន់​គំនិត​កំណែទម្រង់​ខ្លាំង​នៃ​រដ្ឋ Vermont លោក Bernie Sanders និង​អតីត​អភិបាល​រដ្ឋ Ohio ខាង​គណបក្ស​សាធារណរដ្ឋ​លោក John Kasich ដែល​ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី Trump ម្នាក់ គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ថ្លែង​គាំទ្រ​បេក្ខភាព​របស់​លោក Biden វ័យ ៧៧ ឆ្នាំ នៅ​យប់​ទី​មួយ​នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​នេះ។

អភិបាល​រដ្ឋ Michigan អ្នកស្រី Gretchen Whitmer បាន​ថ្លែង​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​វិបត្តិការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដោយ​អ្នកស្រី​បាន​លើកឡើង​អំពី​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋបាល​អតីត​ប្រធានាធិបតី លោក Barack Obama និង​អតីត​អនុប្រធានាធិបតី​លោក Biden ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​បំពេញ​ការងារ​ក្នុង​អាណត្តិ​របស់​ខ្លួន​នៅ​ឆ្នាំ​២០០៩។

អ្នកស្រី Whitmer បាន​ថ្លែង​ថា៖ «ប្រជាធិបតេយ្យ​គឺ​ជា​កីឡា​មួយ​ដែល​ទាមទារ​ឲ្យ​លេង​ជា​ក្រុម ជាពិសេស​សម្រាប់​ពេល​ឥឡូវ​នេះ»។ អ្នកស្រី​បាន​ស្នើ​ឲ្យ​អ្នក​ទស្សនា​សាក​ស្រមើស្រមៃ​មើល​ថា សហរដ្ឋអាមេរិក​មាន​តេស្ត​រក​ជំងឺ​កូវីដ១៩ ​គ្រប់គ្រាន់សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ ហើយ​សិស្សានុសិស្ស​ទាំងអស់​អាច​ត្រឡប់​ទៅ​សាលារៀន​វិញ​បាន​ដោយ​សុវត្ថិភាព។​

អ្នកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក Joe Biden និង​អ្នកស្រី Kamala Harris នឹង​ដឹកនាំ​ដោយ​ធ្វើ​ជា​ឧទាហរណ៍​ជាក់ស្ដែង។ ពួកគេ​ដឹង​ថា​ សុខភាព​របស់​ពលរដ្ឋ​យើង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​យើង»។

លោក​ប្រធានាធិបតី​ Trump ក្នុង​ពេល​ឈប់​សំចត​នៅ​អាកាសយានដ្ឋាន​ក្រុង Minneapolis កាល​ពី​ថ្ងៃ​ច័ន្ទ​មុន​នឹង​បន្ត​ដំណើរ​ទៅ​ឃោសនា​បោះឆ្នោត​នៅ​ក្រុង Mankato រដ្ឋ Minnesota ​បាន​ចំអក​ឲ្យ​កិច្ចប្រឹងប្រែង​របស់​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​លោកថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​សើច​ចំអក​ដែរ​ថា៖ «នៅ​ពេល​ដែល​យើង​ដឹង​ថា​សុន្ទរកថា​ណា​មួយ​ត្រូវ​គេ​ថត​ទុក​មុន​នោះ វា​ដូច​ជា​ជា​សុន្ទរកថា​នោះ​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​សោះ​ មិន​អញ្ចឹង?»

វីដេអូថ្មីៗបំផុត

XS
SM
MD
LG