ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តី​ទន់ភ្លន់​ មាន​សុទិដ្ឋិនិយម​​របស់​លោក​​ត្រាំធ្វើ​ឲ្យ​មានការ​ជជែក​ដេញ​ដោល​នៅ​​រដ្ឋ​ធានី​វ៉ាស៊ីនតោន


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​ប៊ិ​ច​ទៅ​លោក Jim Mattis រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក្រោយ​ពេល​លោក​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ក្នុង​ការ​កសាង​យោធាអាមេរិក​ឡើង​វិញ​ នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មករា។
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​ប៊ិ​ច​ទៅ​លោក Jim Mattis រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក្រោយ​ពេល​លោក​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ក្នុង​ការ​កសាង​យោធាអាមេរិក​ឡើង​វិញ​ នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មករា។

មួយ​ថ្ងៃ​ក្រោយ​ពី​សុន្ទរកថា​របស់​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ​ទៅ​កាន់​សម័យ​ប្រជុំ​សភា​រួម​ រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ផ្តោត​លើ​សម្តី​ទន់ភ្លន់​ និង​ប្រកប​ដោយ​សុទិដ្ឋិនិយម​ជាង​មុន​របស់​លោក​ប្រធានាធិបតី។

ឥឡូវ​នេះ ​ពួក​អ្នកគាំទ្រ ​ពួក​អ្នក​រិះគន់​ និង​អ្នក​វិភាគ ​កំពុង​ឆ្ងល់​ថា​តើ​ការ​ផ្លាស់​ប្តូរ​នេះ​មាន​មួយ​រយៈ​ពេល​ខ្លី​ ឬ​ស្ថិត​នៅ​រហូត។ នេះជា​សំណួរ​ដ៏​សំខាន់​មួយ​នៅ​ពេល​ដែល​សភា​ចាប់​ផ្តើម​កាងារ​ពី​របៀប​វារៈ​ក្នុង​ប្រទេស​ដ៏​ធំមួយ​របស់​លោក​ប្រធានា​ធិបតី​ត្រាំ។

លោក​ប្រធានា​ធិបតី ត្រាំ ជួប​ជាមួយ​ពួក​មេដឹកនាំ​សភា​ខាង​គណបក្ស​សាធារណរដ្ឋនៅ​សេតវិមាន​ដើម្បី​ពិភាក្សា​ពី​ការ​ធ្វើ​ឲ្យ​ជឿន​លឿន​នូវ​របៀប​វារៈ​នយោបាយ​ដ៏​ធំ​របស់​លោក។​ លោក​ប្រធានា​ធិបតី ​ត្រាំ ​បាន​មាន​ប្រសាសន៍​ថា៖ «យើងមក​ទី​នេះ​ដើម្បីចាប់​ផ្តើម​ដំណើរ​ការ។ ដំណើរការ​នេះ​ចាប់​ផ្តើម​នៅ​ពេល​ឥឡូវ​នេះ ​ហើយ​យើង​គិតថា ​យើង​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ‍»។

លោក​ប្រធានា​ធិបតី ត្រាំ កំពុង​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ​សម្រាប់​សុន្ទរកថា​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ទៅ​កាន់​សម័យ​ប្រជុំ​សភា​រួម​ ជាពិសេស​សម្តី​ប្រកប​ដោយ​ភាពទន់​ភ្លន់ ​និង​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំង​ឡើង​របស់​លោក។​ លោក​ប្រធានា​ធិបតី​ ត្រាំ​និយាយ​ថា៖ «ខ្ញុំ​កំពុង​សុំ​ឲ្យ​អស់​លោក ​អ្នក ​ដែល​កំពុង​មើល​នៅ​យប់​នេះ​ ចាប់​យក​ឱកាស​នេះ ​មាន​ជំនឿ​ជឿ​ជាក់​ខ្លួន​ឯង ​មាន​ជំនឿ​ជឿ​ជាក់​នៅ​ថ្ងៃ​អនាគត ​ហើយ​និង​ជឿ​ជាក់​ប្រទេស​អាមេរិក‍»។

លោក​ Jeremy Mayer​ អ្នក​វិភាគ​បាន​និយាយ​តាម​ប្រព័ន្ធ​ Skype​ ថា​ វា​ជាព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​លោក​ប្រធានា​ធិបតី។

«នេះ​ជា​សុន្ទរកថា​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ដែល​បាន​ឃើញ​លោក​ធ្វើ ​ហើយ​ខ្ញុំ​បាន​ពិនិត្យ​មើល​លោក​យ៉ាង​ដិត​ដល់​បំផុត។ មាន​ការ​សម្រប​សម្រួល ​ភាព​ស្ងប់​ស្ងាត់ ការ​អំពាវនាវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ធ្វើការ​ជាមួយ​គ្នា។​ ការណ៍​នេះ ​លោក​ អ្នក ​មិន​ធ្លាប់​បាន​ឮ​នៅ​ក្នុង​វោហាសាស្រ្ត​របស់​លោកដូណាល់ ​ត្រាំ‍ ទេ​ពី​មុន​មក»។

លោក ​John Fortier ​និយាយ​ថា​ ការផ្លាស់​ប្តូរសម្តី​របស់​លោក​ ត្រាំ អាច​ជួយ​បញ្ចុះ​ បញ្ចូលសភា​ឲ្យ​គាំទ្រការ​ធ្វើ​កំណែ​ទម្រង់​ខាង​ការ​ថែទាំ​សុខភាព​ និង​ពន្ធដារ។​

លោក​និយាយ​ថា៖ «លោក​នៅ​មិន​ទាន់​បាន​បង្ហាញ​នូវ​សេចក្តី​លម្អិត​យ៉ាង​ច្រើន​ ហើយ​និង​ថា​តើ​ធ្វើ​យ៉ាង​ដូចម្តេច​នៅ​ឡើយ​ទេ។ ដូច្នេះ ​លោក​ត្រូវ​បង្ហាញ​ភាព​ជាមេដឹកនាំ​ហើយ​និងបង្ហាញ​ថា លោក​មាន​វិធី​ដើម្បី​ធ្វើ​ការ​ជាមួយ​ពួក​គណបក្ស​សាធារណរដ្ឋ​ដែល​ភាគ​ច្រើន​យល់​ស្រប​ជាមួយ​លោក ក៏ប៉ុន្តែ ​មាន​ឧបសគ្គ​យ៉ាង​ច្រើន​នៅ​ខាង​មុខ។ខ្ញុំ​គិតថា នេះ​ជា​អ្វី​ដែល​លោក​ប្រធានា​ធិបតី​ត្រូវ​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ‍»។

ក៏​ប៉ុន្តែ ​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​ច្រើន​នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យ ​រួមទាំង​លោក ​Chuck Schumer ​មេដឹក​នាំ​សំឡេង​ភាគ​តិច​របស់​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ផង។

លោក Chuck Schumer ថ្លែង​ថា៖ «សុន្ទរកថា​របស់​លោក​ជានិច្ចកាល​ខុស​ពី​រឿង​ជាក់​ស្តែង។​ លោក​និយាយ​ទៅ​កាន់ពួក​អ្នកធ្វើ​ការងារ​របស់​ប្រទេស​អាមេរិក។​ ពួកគេ​ជាអ្នក​គាំទ្រ​ដ៏​សំខាន់​របស់​លោក។ ក៏ប៉ុន្តែ ​របៀប​ដែល​លោក​គ្រប់​គ្រងស្ថិត​នៅ​ក្រុម​ស្តាំ​និយម ដែល​អ្នក​ទទួល​ផល​ប្រយោជន៍​ពិសេស​ប្រឆាំង​នឹង​អ្នក​ខំ​ធ្វើ​ការងារ‍»។

លោក​ James Thurberដែល​ជា​អ្នក​ជំនាញ​និយាយ​ថា ការ​ស្ទង់​មតិ​ថ្មី​២​បាន​បង្ហាញ​ថា ​ពួក​អ្នក​បោះឆ្នោត​មាន​ប្រតិកម្ម​ប្រកប​ដោយ​ការ​ពេញ​ចិត្តដល់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ​ជាវិស័យ​មួយ​ដែល​លោក​ប្រធានា​ធិបតី​អាច​ប្រើ​ប្រាស់​ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​លោក។

«លោក​មាន​ការគាំទ្រ​ទាប​បំផុតជាង​ប្រធានា​ធិបតី​ណាៗ​ទាំង​អស់​ក្នុង​ការ​ស្ទង់មតិ​ដោយ​ទទួលបាន​៤០​ភាគរយចាប់​តាំង​ពី​យើង​បាន​វាស់​វែងប្រជា​ប្រិយភាពរបស់​ប្រធានា​ធិបតី​ចាប់​តាំង​ពី​ប្រធានា​ធិបតី​ Dwight Eisenhower​ មក‍»។

លោក ​Jeremy Mayrer​ និយាយ​ថា ពួក​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិប តេយ្យ​កំពុង​មានការ​ងឿង​ឆ្ងល់​ថា​តើ​ការ​និយាយ​ទន់​ភ្លន់ ​ប្រកប​ដោយ​របៀប​រៀបរយ​របស់ប្រធានាធិបតី ​ត្រាំ ​នឹង​ស្ថិត​ស្ថេរ​ដែរ​ឬ​ទេ។

«ប្រធានា​ធិបតី​ត្រាំ ​បាន​បង្ហាញ​កាល​ពី​យប់​មុន​ថា នៅទី​បញ្ចប់ ​លោក​កំពុង​ធ្វើ​ការងារ​ដូចជា​ប្រធានា​ធិបតី​ពិតប្រាកដ។ ក៏ប៉ុន្តែ ការ​ធ្វើ​ការងារ​ពិត ​នៅមិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ ​ថាតើ​លោក​អាច​ធ្វើ​បាន​ឬទេ‍»។

ការណ៍​នេះអាចជា​បញ្ហា​ដ៏​លំបាក​មួយ ​ប្រសិនបើ​លោក​ ត្រាំ​ ធ្វើតាម​ការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោកនោះ៕

ប្រែ​សម្រួលដោយ ​ជឹង ​ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG