ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​អំពាវនាវ​ឲ្យ​បន្ត​ស្មារតី​អាមេរិកាំង


លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ និង​លោក​អនុប្រធានាធិបតី Mike Pence និង​លោក Paul Ryan ទះ​ដៃ​សម្រាប់​លោកស្រី Carryn Owens ដែល​ជា​ភរិយា​របស់​លោក Ryan Owensកងទ័ព​ជើង​ទឹក​ពិសេស Navy Seal នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ និង​លោក​អនុប្រធានាធិបតី Mike Pence និង​លោក Paul Ryan ទះ​ដៃ​សម្រាប់​លោកស្រី Carryn Owens ដែល​ជា​ភរិយា​របស់​លោក Ryan Owensកងទ័ព​ជើង​ទឹក​ពិសេស Navy Seal នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​បែកបាក់​គ្នា​ឱប​ក្រសោប​យក​អ្វី​ដែល​លោក​ប្រធានា​ធិបតី​ហៅ​ថា «ការ​ពង្រឹង​ស្មារតី​អាមេរិក‍​ឡើង​វិញ»។ ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​សម័យ​ប្រជុំ​សភា​រួម​​មួយ ​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​បញ្ចេញ​របៀប​វារៈ​ដ៏​ធំមួយ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​មាន​ដំណើរ​ការ​ឡើង​វិញ រឹត​បន្តឹង​ព្រំ​ដែន ​បង្កើន​ការ​ចំណាយ​ខាង​យោធា និង​ផ្លាស់ប្តូរ​ការ​ថែទាំ​សុខភាព។​ វា​ជា​អាទិភាព​ខាង​នយោបាយ​ដែល​​ប្រាកដ​ប្រឈម​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​នៅ​ក្នុង រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។​

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ទទួល​ការ​ស្វាគមន៍​ពី​ពួក​គណបក្ស​សាធារណរដ្ឋ​ ហើយ​និង​ការ​ស្វាគមន៍​ប្រកប​ដោយ​ការ​គួសម​ពី​ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅពេល​ដែល​លោក​ប្រធានា​ធិបតី​គូស​សង្កត់​ពី​អាទិភាព​នៃ​គោល​នយោបាយ​របស់​លោក ​រួម​មាន​ការ​សន្យា​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដើម្បី​ការពារ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក។​ លោក​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​បាន​ថ្លែង​ថា៖ «យើង​ចង់ឲ្យ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​ទទួល​បាន​ជោគជ័យ ​ក៏ប៉ុន្តែភាព​ជោគជ័យ​នេះ​មិន​អាច​កើត​មាន​ឡើង​ក្នុង​បរិយាកាស​នៃ​ការ​ច្របូក​ច្របល់​គ្មាន​ច្បាប់​ទម្លាប់នោះ​ទេ។​ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​សុច្ចរិតភាព និង​នីតិរដ្ឋ​ឡើង​វិញ​ដល់​ព្រំ​ដែន​របស់​យើង។​ ដោយ​មូលហេតុ​នេះ ​យើង​នឹង​ចាប់​ផ្តើម​ស្ថាបនា​របង​ដ៏​ធំ​មួយ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​របស់​យើង‍​នា​ពេល​ឆាប់ៗ​នេះ»។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​របៀប​វារៈ​របស់​លោក ​នឹង​ប្រាប់​ឲ្យ​ដឹង​ជា​មុន​នូវ​អ្វី​ដែល​លោក​ប្រធានា​ធិបតី​ហៅ​ថា «ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី​នៃ​ភាព​ដ៏​អស្ចារ្ស​របស់​ប្រទេស​អាមេរិក‍» ដែល​នឹង​រួម​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ពន្ធដារ ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សម្រាប់​កម្មករ​អាមេរិកាំង​ហើយ​និង​លុប​ចោល​ និង​ជំនួស​ច្បាប់​ថែទាំ​សុខភាព​របស់​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា។ លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ច្បាប់​ថែទាំ​សុខភាព Obamacare ​កំពុង​ដួល​រលំ ​ហើយ​យើង​ត្រូវ​តែ​ចាត់​វិធានការ​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់‍»។ លោក​ប្រធានា​ធិបតី​ត្រាំ​ក៏​បាន​សន្យា​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​មាន​សុវត្ថិភាព​ពី​ពួក​ភេរវជន ក៏ប៉ុន្តែ ក៏​បាន​ស្នើ​ផ្តល់​អ្វី​ដែល​លោក​ប្រធានា​ធិបតី ​បាន​ហៅ​ថា ការ​ចូល​រួម​ដោយ​ផ្ទាល់ ដោយ​ខ្លាំង ​និង​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​ពិភពលោក​ដែរ។ «អាមេរិក​កំពុង​មាន​ឆន្ទៈ​ស្វែង​រក​មិត្តភក្តិ​ថ្មី ហើយ​ធ្វើ​ដៃគូ​ថ្មី ​ដែល​ចែក​រំលែក​ផលប្រយោជន៍​គ្នា។ ​យើង​ចង់​បាន​ភាព​ស្រុះ​ស្រួល​គ្នា ​និង​ស្ថិរភាព​មិន​មែន​សង្គ្រាម​ និង​ជម្លោះ​ទេ‍»។

លោក​ប្រធានា​ធិបតី​ត្រាំ ​ក៏​បាន​គោរព​វិញ្ញាណក្ខន្ធ​លោក Ryan Owens កងទ័ពជើង​ទឹក​ពិសេស Navy Seal ដែល​ត្រូវ​បាន​ស្លាប់កាល​ពី​ខែ​មករា​ក្នុង​អំឡុង​នៃ​ការ​វាយ​ឆ្មក់​ទៅ​លើ​ទីតាំង​របស់​ក្រុម al-Qaida ​នៅ​ក្នុង​ប្រទេស​យ៉េម៉ែន ដោយ​មាន​លោកស្រី Carryn ភរិយា​មេម៉ាយ​របស់​លោក​ជា​ភ្ញៀវ​ស្ថិត​នៅ​ក្នុង​សាល​រដ្ឋ​សភា។ លោក​ប្រធានា​ធិបតី​ត្រាំបាន​ថ្លែង​បន្ត​ទៀត​ថា៖ «លោក Ryan បាន​ស្លាប់​ដូចជា​លោក​នៅ​រស់​អញ្ចឹង ​លោក​ជា​អ្នក​ធ្វើ​សង្គ្រាម​ និង​ជា​វីរជន​ដែល​ប្រយុទ្ធ​ប្រ​ឆាំង​ភេរវកម្ម​ហើយ​និង​ការពារ​ប្រទេស​របស់​យើង‍»។

លោក​ប្រធានាធិបតី​ត្រាំ​បាន​បន្ត​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​បន្ទាប់​ពី​ការ​បោះឆ្នោត​ដ៏​បែកបាក់​មួយ ​ហើយ​លោក​ប្រធានា​ធិបតី​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គិត​ពី​បញ្ហា​ធំៗ។ លោក​ប្រធានា​ធិបតី​ត្រាំ​ថ្លែង​ថា៖ «ពេល​វេលា​គិត​គូរ​បញ្ហា​តូចតាច ​បាន​ចប់​ហើយ។ ពេល​វេលា​សម្រាប់​ការ​ប្រយុទ្ធ​រឿង​កំប៉ិក​កំប៉ុក​ត្រូវ​ទុក​នៅ​ពី​ក្រោយ​យើង។​យើង​ត្រូវ​ការ​ភាព​ក្លាហាន​ដើម្បី​ចែក​រំលែក​សុបិន្ត​ដែល​បំពេញ​បេះដូង​របស់​យើង។​ភាព​ក្លាហាន​ដើម្បី​សម្តែង​នូវ​ក្តី​សង្ឃឹម​ដែល​ជំរុញ​ស្មារតី​របស់​យើង។ ហើយ​ទំនុក​ចិត្ត​នេះ​នឹង​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ និង​សុបិន្ត​ទាំង​នេះ​ទៅ​ជា​សកម្មភាព​មួយ‍»។

លោក Steve Beshear អតីត​អភិបាល​រដ្ឋ Kentucky បាន​ធ្វើ​ការ​ឆ្លើយ​តប​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ​ហើយ​បាន​រិះគន់​ប្រធានា​ធិបតី​ត្រាំ​ចំពោះ​ចំណាត់​ការ​របស់​លោក​ដើម្បី​លុប​ចោល​ច្បាប់​ថែទាំ​សុខភាពObamacareនិង​រឹតត្បិត​ជន​អន្តោ​ប្រវេសន៍។ លោក Steve Beshearនិយាយ​ថា៖ «លោក​ប្រធានា​ធិបតី​អាច​ និង​ត្រូវ​តែ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍។ ក៏ប៉ុន្តែ ​យើង​អាច​ការពារ​ប្រទេស​អាមេរិក​ដោយ​គ្មាន​បោះ បង់​ចោល​នូវ​គោលការណ៍ ​និង​កាតព្វកិច្ច​ខាង​សីលធម៌​របស់​យើង​ដើម្បី​ជួយ​អ្នក​ដែល​រត់​គេច​ខ្លួន​ពី​សង្គ្រាម​ និង​ភេរវកម្ម ​ហើយដោយ​គ្មាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខ្ចាត់​ព្រាត់​ និង​ដោយ​គ្មាន​ផ្តល់​ភាព​គ្រោះ​ថ្នាក់​ដល់​កង​ទ័ព​របស់​យើង​ដែល​កំពុង​ប្រយុទ្ធ​នៅ​ឯ​បរទេស‍»។

ហើយ​ឥឡូវ​នេះ ​ការ​ខិតខំ​ធ្វើ​ការងារ​បាន​ចាប់​ផ្តើម ​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ​ និង​សមាជិក​សភា​របស់​សហរដ្ឋ​អាមេរិកចាប់​ផ្តើម​ការងារ​ដើម្បី​ព្យាយាម​អនុវត្ត​របៀប​វារៈ​ដ៏​ធំនេះ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG