ពួកប្រជាធិបតេយ្យនៅក្នុងសភាស.រ.អា.បានអំពាវនាវដល់លោក Jeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យដកខ្លួនចេញពីការស៊ើបអង្កេតមួយស្តីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា. ឬមួយលាលែងចេញពីតំណែង ក្រោយពួកគេដឹងថាលោក Sessions បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំស.រ.អា.កាលពីឆ្នាំទៅ។
លោក Sessions បានគាំទ្រដល់ការឈរឈ្មោះរបស់លោក Donald Trump ជាបេក្ខជនប្រធានាធិបតី ហើយលោកបានបម្រើការជាទីប្រឹក្សាម្នាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកផងដែរនៅពេលលោកកាន់តំណែងជាសមាជិកព្រឹទ្ធសភាស.រ.អា.។
នៅក្រោយបានត្រូវជ្រើសរើសឱ្យដឹកនាំក្រសួងយុត្តិធម៌ លោក Sessions បានត្រូវសួរនៅក្នុងសវនាការសម្រាប់ការតែងតាំងកាលពីខែមករាថាតើលោកនឹងធ្វើបែបណាប្រសិនបើមានភស្តុតាងថាមាននរណាម្នាក់ពីក្រុមអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឱ្យលោក Trump បានទាក់ទងជាមួយពួករុស្ស៊ីនោះ។
លោក Sessions បានឆ្លើយថា «គេបានហៅខ្ញុំម្តង ឬពីរដងថាជាអ្នកតំណាងនៅក្នុងការឃោសនាបោះឆ្នោតនោះ ហើយខ្ញុំមិនបានទាក់ទងជាមួយពួករុស្ស៊ីទេ។ ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយអំពីបញ្ហានេះបានឡើយ»។
លោក Sessions បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី Sergei Kislyak កាលពីខែកក្កដានៅក្នុងពិធីមួយនៅខាងក្រៅមហាសន្និបាតជាតិនៃគណបក្សសាធារណរដ្ឋហើយបានជួបលោកទៀតកាលពីខែកញ្ញានៅក្នុងការិយាល័យលោកក្នុងវិមានសភាស.រ.អា.។
អ្នកស្រី Sarah Isgur Flores អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌បាននិយាយថា «គ្មានអ្វីនាំឱ្យយល់ខុសជាដាច់ខាត» អំពីសេចក្តីថ្លែងការណ៍ដែលលោក Sessions បានធ្វើនៅក្រោមការស្បថក្នុងសវនាការសម្រាប់ការតែងតាំងនោះ។ អ្នកស្រីបានថ្លែងថា លោក Sessions បានត្រូវសួរអំពីការទាក់ទងរវាងពួករុស្ស៊ី និងពួកអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យលោកTrump មិនមែនអំពីជំនួបដែលលោកមានក្នុងឋានៈលោកជាសមាជិកព្រឹទ្ធសភាទេ៕