ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ថ្លែង​ពី​គោលនយោបាយ​ទៅ​កាន់​សភា​និង​ប្រទេស​អាមេរិក


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ទៅ​កាន់​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ 
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ទៅ​កាន់​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ 

នៅ​ក្នុង​សុន្ទរកថា​លើកដំបូង​របស់​លោក​នៅ​ខាង​មុខ​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​គូស​សង្កត់​ពី​សេចក្តី​លម្អិត​នៃ​គោលនយោបាយ​ដែល​មាន​គោល​បំណង​បង្រួប​បង្រួម​ប្រទេស​ដែល​បាន​បែកបាក់​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដ៏​ល្វីង​ជូរចត់។​ នៅ​ក្នុង​ផ្នែក​​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់ VOA ​បាន​ពិនិត្យ​មើល​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដែល​បាន​ចែក​រំលែក​ការ​គិត​របស់​ពួកគេ​ពី​សម្តី​របស់​លោក​ប្រធានា​ធិបតី។​

វា​ជា​យប់​សម្រាប់​កីឡាបូលីង​នៅ​ក្នុង​ទីក្រុង Holms រដ្ឋ Pennsylvania ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣០​នាទី​ខាង​ក្រៅ​ទីក្រុង ​Philadelphia​ ដែល​ជា​អតីត​រដ្ឋធានី​របស់​សហរដ្ឋ​អាមេរិក កីឡាបូលីង​បាន​ចាប់​ផ្តើម ​ហើយ​សុន្ទរកថា​ដោយ​ប្រធានា​ធិបតីត្រាំ​ទៅ​កាន់​សភា ​ហើយ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ក៏ចាប់​ផ្តើម​ដែរ។ «ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក មិត្តភក្តិ ឬ​គូ​សត្រូវ នឹង​ដឹងថា ​ប្រទេស​អាមេរិក​ខ្លាំង ​អាមេរិក​មាន​មោទនភាព ​ហើយ​អាមេរិក​មាន​សេរី‍ភាព»។

ក៏ប៉ុន្តែ ដូចជា​ពួកមន្រ្តី​ជាប់​ឆ្នោត​ផ្សេង​ទៀត​ដែរ ប្រជា​ពលរដ្ឋ​អាមេរិក​មាន​ការបែក​បាក់​គ្នាពី​ខ្លឹមសារ​សុន្ទរកថា​របស់​លោក​ប្រធានា​ធិបតី។ លោក Bryan Gallagher ជា​អ្នកគាំ​ទ្រ​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា៖ «ដើម្បី​នាំ​ប្រាក់​ និង​ការងារ​មកប្រទេស​អាមេរិក​វិញ មនុស្ស​គ្រប់​គ្នា នៅទី​បញ្ចប់​និយាយ​អំពី​សេដ្ឋ​កិច្ច​និង​កម្មករ​អាមេរិកាំង។ តើ​មាន​អ្វី​ខុស​អំពី​បញ្ហា​នេះ?‍»។ លោក Pete Harwan ជា​អ្នក​គាំទ្រ​លោកស្រី​គ្លីនតុន។ «តើ​ប្រធានា​ធិបតី​ត្រាំ ​នឹង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាង​ដូចម្តេច​ទៅ​នៅពេល​ដែល​លោក​កាត់​បន្ថយ​ពន្ធដារ​នោះ?។​ដើម្បី​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ ​លោកប្រធានា​ធិបតី ​ចាំបាច់​បង្កើន​ពន្ធ​ដារ​ពួក​អ្នកមាន។ នេះ​ជារបៀបដែល​លោកអ្នក ​ត្រូវ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ប្រទេស​នេះ‍»។

នៅ​ម្ខាង​ទៀត​នៃ​ប្រទេស​នៅ​ក្នុង​ទីក្រុង Las Vegas ​ភាគ​ខាង​លិច​ក្នុង​រដ្ឋ Nevada នៅ ឯ​ពិធីជប់​លៀង​មួយ​ដែល​រៀប​ចំ​ដោយ​ជន​ជាតិ​ចិន ​អាមេរិកាំង​សម្រាប់​លោក​ត្រាំ បញ្ហា​នៅ​តែ​មាន​អំពី​ទស្សនៈ​របស់​ប្រធានា​ធិបតី​សម្រាប់​ប្រទេស​អាមេរិក។ លោក Chris Villasenor ​ជា​អ្នក​គាំទ្រ​ប្រធានា​ធិបតី​ត្រាំ ​និយាយ​ថា៖ «មក​ទល់​ពេល​នេះ ការ​សន្ទនា​ជា​ការ​ល្អ​ពិតប្រាកដ។មិន​ទាន់​ធ្វើអ្វីនៅ​ឡើយ​ទេ។ បញ្ហា​ទាំងអស់​ស្ថិត​នៅ​លើ​តុ ក៏ប៉ុន្តែ ពួកគេ​កំពុង​ចាប់ផ្តើម​ដោយ​និយាយ​ថា សូម​រង់ចាំ។ ខ្ញុំ​ចង់ធ្វើ​កិច្ចការ​នោះ។ សូមចាំ​មើល ​តើ​មាន​អ្វីនឹង​កើត​ឡើង‍»។

នៅ​ក្នុង​រដ្ឋ​តិចសាស ​លោក Jeff Olsen ជា​អ្នក​អប់រំ ​និង​អតីត​យុទ្ធជន​និយាយ​ថា ​លោក​ចូល​ចិត្ត​អ្វី​ដែល​ឮ​ពី​ប្រធានា​ធិបតី​ត្រាំ។

«ខ្ញុំ​មាន​អារម្មណ៍​គ្រាន់​បើ​ខ្លាំង​ណាស់​ក្រោយ​ពី​ឮ​សុន្ទរកថា​នេះ​កាល​ពី​៥​សប្តាហ៍​មុន។ យើង​ទាំង​អស់​គ្នា​ជា​ជន​ជាតិ​អាមេរិកាំង។ យើង​ទាំងអស់​គ្នា​ចង់​ឃើញអ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​អាមេរិក ក៏ប៉ុន្តែ ​ខ្ញុំ​គិតថា ​មាន​សំឡេង​ប្រកប​ដោយ​ការ​បង្រួប​បង្រួម​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​អ្វី​ដែល​លោក​បាន​និយាយកាល​ពី​រសៀល‍»។

លោក John នៅ​ក្នុង​រដ្ឋ Iowa និយាយ​ថា​ លោក​មិនមែន​ជា​អ្នក​គាំទ្រ​លោក​ត្រាំ​ទេ ប៉ុន្តែ ​លោក​កំពុង​សង្ឃឹម​ថា នឹង​មាន​រឿង​ល្អ​កើតឡើង។

«ខ្ញុំ​មិនមែន​ជា​អ្នក​សាធារណរដ្ឋ​ទេ។ ខ្ញុំ​មិនមែន​ជា​អ្នក​គាំទ្រ​លោក​ត្រាំ​ទេ ​ក៏ប៉ុន្តែ ​លោក ​អ្នក​ ត្រូវ​តែ​ផ្តល់​ឱកាស​ឲ្យ​លោក។ លោក​បាន​ឈ្នះ​ឆ្នោត ​ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ក្រៅ​ពី​គាំទ្រ​លោក​ហើយ​សង្ឃឹម​ថា ​លោក​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ»។

ក៏ប៉ុន្តែ ត្រឡប់​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​វិញ ពួក​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្រោម​ដំណក់​ទឹកភ្លៀង​ដើម្បី​តវ៉ា​ប្រឆាំង​ប្រធានាធិបតី។ មនុស្ស​ដូចជា​លោក Sheldon Cohen មាន​ជំងឺ​មហារីក​ដែល​ត្រូវ​បានចាត់​ទុក​ថាបាន​ទទួល​ការធានា​ពីច្បាប់​ថែទាំ​សុខភាព​របស់​អតីត​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ដែល​ឥឡូវ​នេះ កំពុង​ស្ថិត​នៅ​ក្រោម​រិះគន់​ពី​ប្រធានា​ធិបតី​ដូណាល់ ត្រាំ។

«ខ្ញុំ​ផ្តល់​ពិន្ទុ​ខ្ពស់​ដល់​លោក​ជា​ប្រធាន​ខាង​ចាត់ចែង​កម្មវិធី​កម្សាន្ត ​ហើយ​និង​ជា​ប្រធានា​ធិបតី​ធ្វើ​ឲ្យ​មាន​ការ​ចលាចល។ ​ខ្ញុំ​ផ្តល់​ពិន្ទុ​ធ្លាក់​ដល់​លោក​លើ​ការ​ដឹកនាំហើយ​និង​ខាង​បង្រួប​បង្រួម​ប្រទេស‍»។

ប្រធានាធិបតី​ទី​៤៥​របស់អាមេរិក​ ទើបតែ​កាន់​តំណែង​ជាង​១​ខែតែ​ប៉ុណ្ណោះ។ លោកបាន​បង្កើត​ទាំង​មិត្តភក្តិ ​និង​សត្រូវ ខណៈ​ដែល​ប៉ុនប៉ងធ្វើ​ទៅ​តាម​ការ​សន្យា​ក្នុង​យុទ្ធនា ការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក។ ថាតើ​លោក​ធ្វើ​បាន​ប៉ុន្មាន​អាស្រ័យ​ទៅ​លើ​ពួក​សមាជិក​សភា​នៅ​ក្នុង​បន្ទប់​នេះ ​ហើយ​និង​ពួក​អ្នក​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ដែល​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ពួកគេ​ឲ្យ​មកកាន់​សភា​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG