ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ឆ្លង​កូវីដ១៩ ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​លើស​២​លាន​​នាក់


រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងនៅភាគខាងជើងរដ្ឋ Virginia ខណៈអាជ្ញាធររដ្ឋអនុញ្ញាតឲ្យអាជីវកម្មមួយចំនួនដំណើរការឡើងវិញ នៅទីក្រុង Alexandria រដ្ឋ Virginia កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងនៅភាគខាងជើងរដ្ឋ Virginia ខណៈអាជ្ញាធររដ្ឋអនុញ្ញាតឲ្យអាជីវកម្មមួយចំនួនដំណើរការឡើងវិញ នៅទីក្រុង Alexandria រដ្ឋ Virginia កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ចំនួនផ្លូវការ​នៃ​ករណី​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ ដែល​បង្ក​ជំងឺ​កូវីដ១៩​ នៅសហរដ្ឋ​អាមេរិក​បាន​កើន​លើស​ ២ ​លាន​នាក់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

តួលេខ​ដែល​ផ្សាយ​ដោយ​គេហទំព័រ​មណ្ឌល​ព័ត៌មាន​កូវីដ១៩ ​របស់​សាកលវិទ្យាល័យ Johns Hopkins របស់​អាមេរិក បង្ហាញ​ថា នៅ​ពេល​នេះ សហរដ្ឋ​អាមេរិក​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណាដែល​ត្រូវ​គេ​រាយការណ៍​ចំនួន​ ២.០០០.៦០០​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ចំនួន​អ្នក​ស្លាប់ ១១២.៩២៥​ ករណី។ តួលេខ​នេះ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ប្រទេស ​ដែល​មាន​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ពី​កូវីដ១៩ ​ច្រើន​ជាង​គេ។

អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ Harvard បាន​ទស្សន៍ទាយ​ថា ចំនួន​អ្នក​ស្លាប់​ពី​កូវីដ១៩​ នៅ​អាមេរិក​នឹង​កើន​ទ្វេ​ដង​ នៅ​ត្រឹម​ខែ​កញ្ញា។​

ក្នុង​សប្តាហ៍​នេះ ​មាន​រដ្ឋ​ចំនួន ​២១ របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍អំពី​ចំនួន​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ច្រើនបំផុត​ ដែល​ពួក​គេ​មិន​ធ្លាប់​មាន ដោយ​ករណី​ឆ្លង​កើន​ខ្លាំង​នេះ​ មាន​នៅ​បណ្តា​រដ្ឋ​ភាគ​ខាង​លិច​ និង​រដ្ឋ​និរតី​សហរដ្ឋ​អាមេរិក ​ដូច​ជា​រដ្ឋ Arizona New Mexico Texas និង Utah។ ចំនួន​ឆ្លងកើន​ឡើង​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​អាជ្ញាធរ​តាម​រដ្ឋ​នានា​បាន​ចាប់​ផ្តើម​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សេដ្ឋកិច្ច​សង្គម រួម​ទាំង​ក្នុង​អំឡុង​ទិវារំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​អាមេរិក​ ឬ Memorial Day កាល​ពី​ចុង​ខែឧសភា​ ដែល​កត់​សម្គាល់​ការ​ចាប់​ផ្តើម​នៃ​វិសមកាល​រដូវ​ក្តៅ។

អ្នក​ជំនាញ​ក៏​បារម្ភ​ថា បាតុកម្ម​ទូទាំង​សហរដ្ឋ​អាមេរិក​អស់​ជាង​ពីរ​សប្តាហ៍​មក​នេះ​ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​ដែល​បាន​ស្លាប់ក្រោម​សមត្ថកិច្ច​ប៉ូលិស នឹង​នាំ​ឲ្យ​មាន​ការ​ឆ្លង​កាន់​តែ​កើន​ឡើង​ដោយ​រូបភាព​តាម​វីដេអូ​បង្ហាញ​ថា ក្រុម​បាតុករ​បាន​ដើរ​ប្រគៀក​គ្នា​ បើ​ទោះ​បី​ពួក​គេ​ជា​ច្រើន​បាន​ពាក់​ម៉ាស់​ក៏​ដោយ។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ អង្គការ​សុខភាព​ពិភពលោក WHO បាន​កំណត់​ថា ​អាមេរិក​ឡាទីន​ជាកន្លែង​ផ្ទុះ​រាតត្បាតថ្មី​ខ្លាំង​ជាង​គេ ដោយ​មាន​អ្នក​ស្លាប់​ពី​កូវីដ១៩ សរុប​ក្នុង​ទ្វីប​នេះ​ចំនួន​ជាង​ ៧០.០០០ ​នាក់។ ប្រទេស​ប្រេស៊ីល​នៅ​ពេល​នេះជា​ប្រទេស​រង​ផលប៉ះពាល់​ខ្លាំង​ជាងគេ​ទី​២ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ហើយ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ប្រេស៊ីលមានករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​ជាង ​៧៧២.០០០ ​នាក់ និង​ចំនួន​អ្នក​ស្លាប់​ជិត​ ៤០.០០០ ​នាក់។

នៅ​ទូទាំង​ពិភពលោក ករណី​ឆ្លង​បាន​កើន​ឡើង​ដល់​ជាង ​៧,៤ លាន​នាក់ និង​ការ​ស្លាប់​ចំនួន​ ៤១៧.០០០​ ករណី៕

XS
SM
MD
LG