មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានព្រមានថា អាជ្ញាធរប្រទេសនេះត្រូវចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតជាលើកទី២នៃជំងឺកូវីដ១៩ ក្រោយពីគេឃើញមានការឆ្លងវីរុសកូរ៉ូណាកើនឡើងយ៉ាងគំហុកនៅតំបន់ទីក្រុងសេអ៊ូល។
មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង CDC កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ការឆ្លងថ្មីចំនួន ៤៥ ករណី ដែលភាគច្រើនបានកើតនៅតំបន់ក្រុងសេអ៊ូល ដែលនៅទីនោះអាជ្ញាធរកំពុងប្រឹងប្រែងយ៉ាងលំបាកក្នុងការបង្ការការចម្លងថ្មី។
ក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃពុធ ប្រធាន CDC កូរ៉េខាងត្បូងថ្លែង ពេលនេះមានចង្វាក់នៃការចម្លងកំពុងកើតឡើងហើយ ប្រសិនបើគេមិនអាចផ្តាច់វាបានទេ នឹងអាចមានការផ្ទុះរាតត្បាតជាទ្រង់ទ្រាយធំកើតឡើង។ មន្ត្រីនោះបញ្ជាក់ថា ការឆ្លងថ្មីនេះលេចឡើង ក្រោយពីអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតសកម្មភាពសង្គម។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រឆាំងនឹងការដាក់វិធានការរឹតត្បិតខ្លាំងឡើងវិញ និងការតម្រូវឲ្យរក្សាគម្លាតពីគ្នា ដោយបារម្ភថា វិធានការតឹងតែងទាំងនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចដែលផុយស្រួយស្រាប់។
ប៉ុន្តែមន្ត្រីសុខាភិបាលថា នៅពេលពលរដ្ឋចូលរួមសកម្មភាពសង្គមឡើងវិញ ពួកគេកាន់តែពិបាកតានដានការចម្លងរបស់វីរុសនេះ ហើយក្រុមមន្ត្រីបានទទូចឲ្យសាធារណជនកូរ៉េខាងត្បូងបន្តពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នាក្នុងសង្គម៕