ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានព្រលះខ្លាំងៗជាសាធារណៈដាក់ប្រទេសអាល្លឺម៉ង់ នៅពេលចាប់ផ្ដើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការអូតង់នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដោយចោទប្រកាន់ប្រទេសអាល្លឺម៉ង់ថាជា «ចំណាប់ខ្មាំង» របស់ប្រទេសរុស្ស៊ី។
លោក ត្រាំ បានព្រលះដូច្នេះ ដោយសារតែអាល្លឺម៉ង់បានគាំទ្រឲ្យមានកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នសមុទ្របាល់តិកជាមួយនឹងរុស្ស៊ី។
នៅក្នុងអំឡុងពេលជំនួបអាហារពេលព្រឹកដ៏តឹងតែងមួយជាមួយនឹងអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg នៅថ្ងៃពុធនេះ លោក ត្រាំ បាននិយាយថា ប្រទេសអាល្លឺម៉ង់បានចំណាយថវិការាប់ពាន់លានដុល្លារទៅឲ្យប្រទេសរុស្ស៊ី។
លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា វា «ពិតជាមិនសមរម្យ» ទេ ដែលសហរដ្ឋអាមេរិកចំណាយថវិកាច្រើនជាងបណ្ដាប្រទេសសមាជិកអង្គការអូតង់ដទៃទៀត ដើម្បីការពារទ្វីបអឺរ៉ុប។
លោក ត្រាំ បានទាមទារឲ្យសមាជិកអង្គការអូតង់រួមចំណែកថវិកាបន្ថែមទៀតទៅឲ្យសម្ព័ន្ធភាពផ្នែកការពារ ដែលជាគ្រឹះដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការយោធារបស់បស្ចិមប្រទេសក្រោយសម័យសង្គ្រាមលោកលើកទីពីរ។
លោក Jens Stoltenberg បានតបវិញដោយសង្កត់ធ្ងន់ថា សមាជិកអង្គការអូតង់មានលទ្ធភាពធ្វើការជាមួយគ្នា ទោះបីជាពួកគេមានទស្សនៈខុសគ្នាក៏ដោយ។
គេរំពឹងថា លោក ត្រាំ នឹងនៅបន្តតតាំងជាមួយនឹងសមាជិកអង្គការអូតង់ដទៃទៀតអំពីការរួមចំណែកថវិកាផ្នែកយោធារបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ ដែលកិច្ចប្រជុំនេះបានធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតជាយូរមកហើយរបស់សហរដ្ឋអាមេរិក មានភាពតានតឹង៕