មន្ត្រីជាន់ខ្ពស់ស.រ.អា.ម្នាក់បាននិយាយថារដ្ឋមន្ត្រីការបរទេសនៃអង្គការអូតង់បាននិយាយថាពួកគេនឹងប្រកែកមិនព្រម «ទាក់ទងដូចធម្មតាជាមួយប្រទេសរុស្សីទេ» រហូតដល់ពេលណាដែលរដ្ឋាភិបាលក្រុងមូស្គូ «ដកកងកម្លាំងនិងការគាំទ្ររបស់ខ្លួនដល់ពួករណបនៅក្នុងតំបន់ Donbas ហើយប្រគល់ការត្រួតត្រាតំបន់គ្រីម៉េទៅឱ្យប្រទេសអ៊ុយក្រែនវិញ»។
ការទាមទារនេះដែលបានត្រូវ tweet ដោយលោកស្រី Heather Nauert អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា.ត្រូវចំពេលគ្នាជាមួយការអញ្ជើញទៅដល់ក្រុង Bruxelles នៃលោក Mike Pompeo ដែលបានទទួលការអនុម័តកាលពីពេលថ្មីៗនេះឱ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស.រ.អា.ដើម្បីចូលរួមក្នុងការប្រជុំពួករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រហើយនេះជាសារខ្លាំងមួយដល់ពួកសម្ព័ន្ធមិត្តក្នុងអង្គការអូតង់នៅថ្ងៃទីមួយដែលលោកចូលកាន់តំណែងនេះ។
លោក Pompeo បានមានប្រសាសន៍ប្រាប់ការប្រជុំរដ្ឋមន្ត្រីនេះថា «ខ្ញុំបានឡើងជិះយន្តហោះហើយធ្វើដំណើរជាបន្ទាន់មកកាន់ទីនេះ។ មានហេតុផលល្អដើម្បីមកទីនេះ។ កិច្ចការដែលកំពុងត្រូវធ្វើនៅទីនេះនៅថ្ងៃនេះ មិនអាចកាត់ថ្លៃបានទេហើយគោលដៅរបស់យើងមានសារៈសំខាន់ហើយបេសកកម្មនេះមានន័យខ្លាំងណាស់ដល់ស.រ.អា.»។
ដោយ tweet ក្នុងដំណាក់ការដំបូងនៃទស្សនកិច្ចក្នុងក្រុង Bruxelles លោកស្រី Nauert បាននិយាយជាថ្មីទៀតអំពីចំណុចសំខាន់ៗដោយលោកស្រីបានថ្លែងថាអង្គការអូតង់ «មានសារៈសំខាន់ជាងពេលណាៗទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់» ហើយថាការផ្តោតការយកចិត្តទុកដាក់នៅពេលសព្វថ្ងៃនេះគឺមានទៅលើ» ការឈ្លានពានបន្តទៅទៀតរបស់ប្រទេសរុស្សីនិងសមត្ថភាពរបស់ប្រទេសនេះក្នុងការគំរាមកំហែង បង្ខិតបង្ខំ ធ្វើឱ្យអន្តរាយនិងលុកលុយប្រទេសជិតខាង»។
លោកស្រី Nauert ក៏បាន tweet ដែរថាទាហានអ៊ុយក្រែន២២នាក់បានត្រូវរបួសកាលពី៤៨ម៉ោងមុននេះនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែកក្កដាមក ដោយលោកស្រីបានបន្ថែមសេចក្តីថា «កងកម្លាំងដឹកនាំដោយរុស្សីបានបង្កើនការវាយប្រហារតាមកាំភ្លើងធំលើជនជាតិអ៊ុយក្រែនដែលការពារប្រទេសរបស់ពួកគេ។ ប្រទេសរុស្សីត្រូវតែបញ្ឈប់ការឈ្លានពាននេះហើយអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk ឱ្យបានពេញលេញ»៕