អង្គការអូតង់បានប្រកាសថា ខ្លួននឹងបណ្តេញអ្នកការទូតរុស្ស៊ី៧នាក់ហើយនឹងបដិសេធពុំព្រមទទួលស្គាល់ជាផ្លូវការ៣នាក់ទៀតដែលជាផ្នែកមួយនៃការឆ្លើយតបដែលមានការសម្របសម្រួលគ្នាយ៉ាងខ្លាំង និងជាលក្ខណៈអន្តរជាតិដល់ការវាយប្រហារដោយប្រើភ្នាក់ងារធ្វើឲ្យខូចសរសៃប្រសាទលើអតីតភ្នាក់ងារមុខ២របស់រុស្ស៊ីហើយនិងកូនស្រីរបស់លោកក្នុងចក្រភពអង់គ្លេស។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា «នៅថ្ងៃនេះ ខ្ញុំបានដកការទទួលស្គាល់បុគ្គលិក៧នាក់របស់បេសកកម្មរុស្ស៊ីប្រចាំនៅអង្គការអូតង់។ ខ្ញុំក៏នឹងបដិសេធការព្យួរសំណើទទួលស្គាល់បុគ្គលិក៣នាក់ទៀតដែរ។ ការណ៍នេះនឹងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់រុស្ស៊ីថា មានការខាតបង់ និងផលវិបាកសម្រាប់ឥរិយាបទដែលមិនអាចទទួលយកបានរបស់ពួកគេ»។
លោកអគ្គលេខាធិការអង្គការអូតង់ Stoltenberg បាននិយាយទៀតថា ក្រុមប្រឹក្សាមហាសមុទ្រអាត្លង់ទិកខាងជើង ក៏បានកាត់បន្ថយចំនួនអតិបរមារបស់បេសកម្មរុស្ស៊ីប្រចាំនៅអង្គការអូតង់ពីចំនួនទាំងអស់២០នាក់មកនៅត្រឹម១០នាក់។
ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីចំណាត់ការស្រដៀងគ្នាដោយសហរដ្ឋអាមេរិកនិងប្រទេសជាង២០ទៀតបន្ទាប់ពីការដាក់ថ្នាំបំពុលលោក Sergei Skripal អតីតចារបុរសនិងកូនស្រីរបស់លោកឈ្មោះ Yulia ដែលត្រូវគេរកឃើញថា បានបាត់បង់ស្មារតីនៅលើកៅអីនៅឯឧទ្យាន Salisbury នៅដើមខែនេះ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចផ្សេងទៀត បានស្តីបន្ទោសរុស្ស៊ីចំពោះការវាយប្រហារនេះ៕