ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក William Barr​ ត្រូវ​បាន​គណបក្សប្រជាធិបតេយ្យ​​សួរចម្លើយ​ពាក់ព័ន្ធ​នឹង​របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller


មេធាវី​ William Barr ចូល​សវនាការ​នៅមុខ​នឹង​គណកម្មការ​ចៅក្រម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០១ ខែ ឧសភា ឆ្នាំ២០១៩។
មេធាវី​ William Barr ចូល​សវនាការ​នៅមុខ​នឹង​គណកម្មការ​ចៅក្រម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០១ ខែ ឧសភា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​លោក William Barr បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ នៅ​ក្នុង​សវនាការ​ព្រឹទ្ធសភា​ កាល​ពី​ថ្ងៃពុធ​ ចាប់តាំង​ពី​ការ​ចេញ​ផ្សាយ​របាយកាណ៍​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller​ ស្តី​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ហើយ​លោក​បាន​ប្រឈម​នឹង​ការ​រិះគន់​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ពាក់ព័ន្ធនឹង​ចំណាត់ការ​របស់​លោក​ចំពោះ​របាយការណ៍​ស៊ើបអង្កេត​នេះ។

​សេចក្តី​រាយការណ៍​របស់​លោក Michael Bowman នៃ VOA​ បាន​ឲ្យ​ដឹង​ថា​ លោក Barr បាន​ការពារ​របាយការណ៍​សង្ខេប​របស់​លោក​ទៅ​លើ​ការសនិដ្ឋាន​របស់​លោក Mueller​ បន្ទាប់​ពី​មាន​ការចេញផ្សាយ​លិខិត​មួយ​ ដែល​បង្ហាញ​ពី​ការជំទាស់​របស់​លោក​រដ្ឋអាជ្ញា​ពិសេស​ចំពោះ​ការសន្និដ្ឋាន​របស់​លោក Barr។

លោក​រដ្ឋមន្ត្រី​យុត្តិធម៌ William Barr ដែល​ជា​បុគ្គល​ដំបូង​គេ​ម្នាក់ បាន​បង្កើត​ចំណាប់​អារម្មណ៍​ពី​សាធារណជន​ទៅ​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​លោក Robert Mueller ​បាន​ចូល​ខ្លួន​ឆ្លើយបំភ្លឺ​នៅ​ចំពោះ​មុខគណៈកម្មាធិការ​ព្រឹទ្ធសភា។ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​លោក​រដ្ឋមន្ត្រី Barr​ ថា​បាន​បង្វែរ​ខ្លឹមសារ​របាយការណ៍​ស៊ើបអង្កេត ​ដើម្បី​ជួយ​លោកប្រធានាធិបតី Donald Trump។

លោកស្រី Mazie Hirono សមាជិក​គណៈកម្មាធិការ​នីតិកម្ម​របស់​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖

«លោក​បាន​ប្រើប្រាស់​ការិយាល័យ​យុត្តិធម៌​របស់​លោក​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​យល់​ថា​ លោក​ប្រធានាធិបតី​រួចផុត​ពី​ការ​ចោទប្រកាន់​នានា។ លោក​បាន​ដាក់​អំណាច​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ និង​ក្រសួង​យុត្តិធម៌​គាំទ្រ​កិច្ចប្រឹងប្រែង​ទំនាក់ទំនង​សាធារណៈ​ដើម្បី​ជួយ​ការពារ​លោក​ប្រធានាធិបតី Trump»។

លោក Trump បាន​អះអាង​ដោយ​ខ្លួន​លោក​ផ្ទាល់​ថា​ លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​នៅ​ក្នុង​ការ​ចូលជ្រៀតជ្រែក​របស់​រុស្ស៊ី​ឡើយ​ បន្ទាប់​ពី​លោក Bar​r ចេញ​ផ្សាយ​សេចក្តី​សង្ខេប​នៃ​របាយការណ៍​ស៊ើបអង្កេត​របស់​លោក Mueller ។

បន្ទាប់​មក​មាន​ការ​ចេញផ្សាយ​របាយការណ៍​ដែល​រៀបរាប់​លម្អិត​អំពី​សកម្មភាព​ផ្លូវ​ច្បាប់​គួរ​ឲ្យ​សង្ស័យ​ជាច្រើន​របស់​លោក Trump និង​ក្រុមការងារ​របស់​លោក។

នៅក្នុង​សប្តាហ៍​នេះ ​មាន​សេចក្តីរាយការណ៍​អំពី​លិខិត​មួយច្បាប់​ដែល​លោក Mueller ​បាន​សរសេរ​ជូន​លោក Barr ដោយ​បាន​ចោទប្រកាន់​ថា​ សេចក្តី​សង្ខេប​របស់​លោក​រដ្ឋមន្ត្រី​យុត្តិធម៌​មិន​បាន​បញ្ជូល​អត្ថន័យ​ពេញលេញ​នៃ​របាយការណ៍ស៊ើបអង្កេត​នេះ​ទេ​ និង​បាន​បង្ក​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ពី​សាធារណជន​អំពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី។

លោក Chris Coons សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​សមាជិក​គណៈកម្មាធិការ​នីតិកម្ម​នៃ​ព្រឹទ្ធសភា ​បាន​និយាយ​ថា៖ «រយៈពេល ២៥ ថ្ងៃ​មុន​ពេល​របាយការណ៍​របស់​លោក Mueller ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ លោក​បាន​ប្រកាស​ថា លោក​ប្រធានាធិបតី Donald Trump គ្មាន​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​អ្វី​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ឆ្ងល់​ទេ ដែល​លោក Mueller គិត​ថា សេចក្ដី​សង្ខេប ៤ ទំព័ររបស់​លោក​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ​នោះ‍»។

លោក Barr បាន​ទទូច​ថា លោក​បាន​ផ្ដោត​លើ​ចំណុច​សំខាន់​របស់​របាយការណ៍​របស់​លោក Mueller ដែល​ភាគ​ច្រើន​ផ្ដល់​ប្រយោជន៍​ដល់​លោក Trump ដែល​ចំណុច​សំខាន់​នោះ​គឺ​ថា គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​លោក Trump និង​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​នោះ​ទេ ហើយ​ក៏​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា លោក Trump រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​លោក Mueller នោះ​ដែរ។

លោក Barr និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ថា យើង​ត្រូវតែ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​អំពី​ចំណុច​សំខាន់​នៃ​របាយការណ៍​របស់​លោក Mueller។ ប្រជាពលរដ្ឋ​ទូទៅ​កំពុង​មាន​អារម្មណ៍​រំជើបរំជួល​ចង់​ដឹង​អំពី​របាយការណ៍​នេះ។ យើង​ឃើញ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ចង់​ដឹង​អំពី​លទ្ធផល​សំខាន់​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក Mueller នេះ ជា​ពិសេស​ទាក់ទិន​នឹង​ចម្ងល់​អំពី​ថា​តើ​មាន​ការ​ឃុបឃិត​រវាង​លោក Trump និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ដែរ​ឬ​ទេ‍»។

លោក Barr បាន​បន្ថែម​ថា នៅ​ទី​បំផុត​លោក​បាន​លុប​ចោល​ក្ដី​បារម្ភ​របស់​លោក Mueller ដោយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​របស់​លោក Mueller ដែល​ក្នុង​នោះ​មាន​ផ្នែក​ជា​ច្រើន​ដែល​មិន​គាំទ្រ​លោក Trump ផង​ដែរ។ ស្រប​ពេល​នោះ​ដែរ គណបក្ស​សាធារណរដ្ឋ​បាន​អះអាង​ថា លោក Barr មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​បំបាត់​ការ​សង្ស័យ​ផ្នែក​ផ្លូវ​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​លោក Trump ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

លោក Mike Lee ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​ជា​សមាជិក​ខាង​គណៈកម្មាធិការ​នីតិកម្ម​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា៖ «សត្រូវ​នយោបាយ​របស់​លោក Trump បាន​កេង​ចំណេញ​ពី​លើ​រឿង​ស៊ើប​អង្កេត​របស់​លោក Mueller ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ផ្សព្វផ្សាយ​ន័យ​បញ្ឆិតបញ្ឆៀង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ក្នុង​គោល​បំណង​បំផ្លាញ​ដល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៦‍»។

ក្រុមសមាជិកគណបក្ស​ប្រជាធិបតេយ្យ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​កាល​ពី​លើក​មុន លោក Barr បាន​អះអាង​ថា ក្រុម​របស់​លោក Mueller មិន​បាន​ជំទាស់​ទៅ​នឹង​សេចក្ដី​សង្ខេប​របស់​លោក​អំពី​របាយការណ៍​របស់​លោក Mueller នោះ​ទេ។ លោក Barr បាន​បញ្ជាក់​ថា លោក Mueller បាន​ប្រាប់​លោក​ដោយ​ផ្ទាល់​ថា លោក Mueller មាន​ការ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សេចក្ដី​សង្ខេប​របស់​លោក Barr ជាជាង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​សង្ខេប​នេះ​ផ្ទាល់៕

ប្រែសម្រួល​ដោយ​ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG