ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកមានការសន្ទនាតាមទូរស័ព្ទប្រកបដោយវិជ្ជមានអស់រយៈពេលជាង១ម៉ោងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីប្រទេសវ៉េណេស៊ុយអេឡា និងបញ្ហាផ្សេងៗទៀត។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងការិយាល័យរបស់លោក នៅសេតវិមាន កាលពីរសៀលថ្ងៃសុក្រថា៖
«ប្រធានាធិបតីរុស្ស៊ី មិនចង់ទាក់ទិនទាល់តែសោះក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រៅពីលោកចង់ឃើញអ្វីដែលកើតមានឡើងមានផលវិជ្ជមាន សម្រាប់វ៉េណេស៊ុយអេឡា។ ខ្ញុំមានអារម្មណ៍ដូច្នេះដែរ»។
ប្រធានាធិបតី ត្រាំ ដែលបានថ្លែងទន្ទឹមនឹងលោក Peter Pellegrini នាយករដ្ឋមន្រ្តីសាធារណរដ្ឋស្លូវ៉ាក បានពណ៌នាការពិភាក្សារបស់លោកជាមួយលោក Putin ស្តីពីវ៉េណេស៊ុយអេឡា ថាមានភាពវិជ្ជមានបំផុត។
ការតានតឹងបានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងម៉ូស្គូ ពីព្រឹត្តិការណ៍កើនឡើងនៅរដ្ឋធានីការ៉ាកាស។ រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ បានចោទប្រកាន់រុស្ស៊ីពីការការពារប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌុយរ៉ូ មិនឲ្យបោះបង់ចោលអំណាច និងរត់ចាកចេញពីប្រទេស។
លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិនិយាយកាលពីថ្ងៃពុធថា៖ «នេះជាអឌ្ឍគោលរបស់យើង។ វាមិនមែនជាទីកន្លែងដែលរុស្ស៊ី គួរតែជ្រៀតជ្រែកនោះទេ»។
ក្នុងការនិយាយទូរស័ព្ទនៅដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ពីផលវិបាកធ្ងន់ធ្ង បើចាត់វិធានការគគ្លើនកាន់តែខ្លាំងឡើងក្នុងវ៉េណេស៊ុយអេឡា ដែលត្រូវបានគេបក ស្រាយថាជាការព្រមានដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កុំឲ្យធ្វើអន្តរាគមន៍ខាងយោធា៕