កាលពីថ្ងៃអង្គារ លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានវាយប្រហារដោយពាក្យសម្តីទៅលើពួកអ្នករិះគន់លោកនៅខាងក្នុងគណបក្ស ទោះណាជាការស្ទង់មតិមួយទៀតបានបង្ហាញថា គូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton មានការគាំទ្រច្រើនជាងលោកក៏ដោយ។
ការវាយប្រហារដោយពាក្យសម្តីរបស់លោក Trump មានឡើងនៅពេលដែលមន្ត្រីជាច្រើនបាននិយាយថា ពួកគេមិនអាចគាំទ្រលោក Trump បានទេ។ មន្ត្រីទាំងនោះរួមមានលោកស្រី Susan Collins សមាជិកាព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Maine អតីតប្រធានទីភ្នាក់ងារការពារបរិដ្ឋានរបស់ប្រទេសពីររូប និងអតីតមន្ត្រី៥០រូបខាងសន្តិសុខជាតិ និងខាងគោលនយោបាយការបរទេសដែលបានបម្រើការក្រោមរដ្ឋបាលសាធារណរដ្ឋកាលពីពេលមុនៗ។
លោក Trump បាននិយាយតាម Twitter របស់លោកថា៖ «ខ្ញុំឈរឈ្មោះប្រឆាំងនឹងពួកអ្នកនយោបាយនៅខាងក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដូចដែលខ្ញុំបានធ្វើក្នុងការបោះឆ្នោតបឋមដែរ។ មនុស្សទាំងនេះសុទ្ធតែជាពួកជនដែលបានធ្វើឱ្យស.រ.អា.មានភាពច្របូកច្របល់»។
ការស្ទង់មតិខាងនយោបាយជាច្រើនបង្ហាញថា លោកស្រី Clinton មានការគាំទ្រច្រើនលើសលោក Trump។
ការស្ទង់មតិប្រចាំសប្តាហ៍រួមគ្នារវាងបណ្តាញទូរទស្សន៍អាមេរិកាំង NBC News និងអង្គការ Survey Monkey ដែលបានត្រូវចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា លោកស្រី Clinton មានការគាំទ្រ៥១ភាគរយ ហើយលោក Trump មានការទ្រទ្រង់តែ៤១ភាគរយ ដោយកើនឡើងពីចំនួនដាច់ពីគ្នា៨ភាគរយកាលពីសប្តាហ៍មុននេះ ហើយជាភាពដាច់គ្នាធំបំផុតរវាងបេក្ខជនទាំងពីរនាក់នេះចាប់តាំងពីពេលដែលបណ្តាញទូរទស្សន៍នេះបានចាប់ផ្តើមធ្វើការស្ទង់មតិអំពីការប្រកួតប្រជែងគ្នានេះកាលពីដើមខែឧសភាមក។
សាកលវិទ្យាល័យ Quinnipiac បាននិយាយថា ការស្ទង់មតិរបស់ខ្លួននៅក្នុងរដ្ឋ៣ដែលមានការប្រកួតប្រជែងគ្នាខ្លាំងបានបង្ហាញថា លោកស្រី Clinton នាំមុខបន្តិចលើលោក Trump គឺ៤៦ភាគរយទល់នឹង៤៥ភាគរយនៅក្នុងរដ្ឋ Florida នាប៉ែកអាគ្នេយ៍ស.រ.អា., ៤៩ភាគរយទល់នឹង៤៥ភាគរយក្នុងរដ្ឋ Ohio ក្នុងផ្នែកកណ្តាលខាងលិចនៃប្រទេសអាមេរិក និង៥២ភាគរយទល់នឹង៤២ភាគរយនៅក្នុងរដ្ឋ Pennsylvania នាប៉ែកខាងកើតប្រទេស។
នៅក្នុងអត្ថបទបញ្ចេញមតិមួយក្នុងកាសែត The Washington Post លោកស្រីCollins បានមានប្រសាសន៍ថា លោក Trump មិនតំណាងសេចក្តីថ្លៃថ្នូររបស់គណបក្សសាធារណរដ្ឋទេ ឬ«ជារបៀបដោះស្រាយមានរួមបញ្ចូលភាគីទាំងអស់ដើម្បីគ្រប់គ្រង» ដែលប្រទេសអាមេរិកត្រូវការនោះទេ៕