លោក Matt Blunt ប្រធានក្រុមប្រឹក្សាគោលនយោបាយឧ្សាហកម្មផលិតយានយន្តអាមេរិក និងជាអតីតអភិបាលរដ្ឋ Missouri និយាយថា៖ «វាច្បាស់ណាស់ថា ទីផ្សារកូរ៉េគឺជាទីផ្សារដែលពិបាកនឹងនាំយានយន្តចូលបំផុតមួយសម្រាប់អ្នកផលិតយានយន្តនៅក្នុងពិភពលោក»។
លោក Trump បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី «ធ្វើឲ្យមានឱនភាពពាណិជ្ជកម្មរបស់យើងជាមួយនឹងប្រទេសកូរ៉េខាងត្បូងទ្វេដង និងបានធ្វើឲ្យបាត់បង់ការងាររបស់ពលរដ្ឋអាមេរិកាំងប្រមាណជា ១០ម៉ឺន នាក់។
លោកបានសន្យាថានឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនស្មើភាពនេះ និងធ្វើការចរចាឡើងវិញ ប្រសិនបើលោកជាប់ជាប្រធានាធិបតី។
បទបញ្ញត្តិដែល (មិន) ជាប់ពន្ធគយ
ស្ទើរតែ៨០ភាគរយនៃឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយនឹងប្រទេសកូរ៉េដែលមានទឹកប្រាក់២៨ពាន់លានដុល្លារ គឺស្ថិតក្នុងវិស័យផលិតយានយន្ត នេះបើយោងតាមក្រុមប្រឹក្សាគោលនយោបាយឧស្សាហកម្មផលិតយានយន្តអាមេរិក។
នៅប្រទេសកូរ៉េខាងត្បូង រថយន្តនាំចូលពីបរទេសមានចំនួនតែ១៥ភាគប៉ុណ្ណោះនៅក្នុងទីផ្សារយានយន្ត បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតដូចជា អាមេរិក និងប្រទេសនៅទ្វីបអឺរ៉ុប ដែលមានការនាំចូលរហូតដល់ទៅ៤០ភាគរយ។
តែទោះជាយ៉ាងណាក៏ដោយ ទីផ្សាររថយន្តបរទេសនៅក្នុងប្រទេសកូរ៉េបានកើនឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងឆ្នាំ២០១០ ការនាំចូលរថយន្តបរទេសមានចំនួនត្រឹមតែ៣ភាគរយប៉ុណ្ណោះ ក្នុងទីផ្សារកូរ៉េ។
នៅក្នុងឆ្នាំ២០១៤ លោក Stephen Biegun នាយកប្រតិបត្តិក្រមហ៊ុនរថយន្ត Ford បានផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលចូលជាធរមាននៅក្នុងឆ្នាំ២០១២ ហើយកិច្ចព្រមព្រៀងនោះបានលុបចោលរបាំងពន្ធគយ៩៥ភាគរយ ចំពោះផលិតផលប្រើប្រាស់ និងផលិតផលឧស្សាហកម្មក្នុងរយៈពេល៥ឆ្នាំ។
នៅក្នុងសក្ខីកម្មរបស់លោក លោក Biegun បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុវត្តយុទ្ធសាស្រ្តដែលខ្លួនបានរៀបចំដើម្បីគេចពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈការអនុវត្តតាមបទបញ្ញត្តិគ្មានរបាំងពន្ធគយ។
លោកបានបន្តថា វិធានការទាំងនេះត្រូវបានអនុវត្តចំពោះក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកតែប៉ុណ្ណោះ មិនបានអនុវត្តចំពោះក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េនោះទេ។ ជារឿយៗ វិធានទាំងនេះត្រូវបានដាក់ឲ្យអនុវត្តដោយមិនមានការជូនដំណឹង ហើយបានបង្កើតនូវស្តង់ដារបរិស្ថានថ្មីនិងនីតីវិធីនៃការបញ្ជាក់គុណភាពដែលគ្មានការធានារ៉ាប់រង។
ស្ថានភាពសព្វថ្ងៃបានរីកចម្រើនក្នុងទិដ្ឋភាពមួយចំនួនហើយ ក៏ប៉ុន្តែលោក Blunt និយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនៅតែត្រូវចំណាយប្រាក់ និងពេលវេលាយ៉ាងច្រើនខុសពីប្រក្រតី ជាមួយនឹងបញ្ញត្តិគ្មានរបាំងពន្ធគយដែលទើបតែបង្កើតនេះ។
លោក Blunt និយាយថា៖ «លើសពីនេះទៀត អ្នកមានភាពមិនប្រាកដប្រជាថា តើទីផ្សារនេះនឹងប្រែប្រួលទៅជាយ៉ាងណា និងថាតើត្រូវមានលក្ខខណ្ឌអ្វីខ្លះ»។
ក្រសួងរតនាគារជាតិអាមេរិក ក៏បានដាក់ប្រទេសកូរ៉េខាងត្បូង រួមជាមួយនឹងចិន និងជប៉ុន ទៅក្នុងបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណមួយនៅក្នុងឆ្នាំនេះ ដើម្បីវាយតម្លៃថា តើប្រទេសទាំងនេះមានការក្លែងបន្លំអត្រាប្តូររូបិយប័ណ្ណបរទេសដើម្បីទទួលបានផលប្រយោជន៍ពាណិជ្ជកម្មដែលមិនស្មើភាពដែរឬទេ។
ផលប្រយោជន៍ពាណិជ្ជកម្ម
ក្រុមមន្រ្តីកូរ៉េខាងត្បូងបានវាយតម្លៃទាបចំពោះការចោទប្រកាន់ដែលថា បញ្ញត្តិទាំងនោះកំពុងរារាំងក្រុមហ៊ុនអាមេរិកមិនឲ្យធ្វើជំនួញនៅក្នុងប្រទេសនេះ ហើយបដិសេធចំពោះការការចោទប្រកាន់ពីការកេងចំណេញលើរូបិយប័ណ្ណ។
លោក Kim Tae-nyun នាយកគ្រប់គ្រងប្រតិបត្តិរបស់សមាគមក្រុមហ៊ុនផលិតរថយន្តកូរ៉េ ឬហៅកាត់ថា KAMA និយាយថា បញ្ហាទាំងអស់ដែលកើតឡើងដោយសារវិធានការគ្មានរបាំងពន្ធគយ ត្រូវបានដោះស្រាយរួចរាល់ហើយតាមរយៈការចរចាទ្វេភាគី។
លោក Kim បាននិយាយថា៖ «យើងបានធ្វើឲ្យប្រព័ន្ធឧស្សាហកម្មរបស់យើងកាន់តែប្រសើរឡើង ពាក់ព័ន្ធនឹងបទបញ្ញត្តិបរិស្ថាន និងសុវត្ថិភាព ស្របទៅតាមសំណើរបស់រដ្ឋាភិបាលអាមេរិក និងឧស្សាហកម្មផលិតយានយន្ត»។
លោក Yoo Il-ho រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង បាននិយាយកាលពីពេលថ្មីៗនេះថា ផលប្រយោជន៍បានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហរដ្ឋអាមេរិក មានច្រើនជាងគុណវិបត្តិ។
នៅស្របពេលដែលឱនភាពពាណិជ្ជកម្មនៅតែកើតមានដ៏ខ្លាំងនោះ ការនាំចូលរថយន្តអាមេរិកទៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើង២០ភាគរយនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នេះបើយោងតាមសមាគម KAMA។
ក្រុមហ៊ុនផលិតរថយន្តម៉ាក Hyundai និង Kia របស់កូរ៉េខាងត្បូង ក៏បានសម្ពោធរោងចក្ររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកដែលបង្កើតការងារជាច្រើនដល់ពលករអាមេរិកាំង។
ស្របពេលដែលក្រុមមន្រ្តីកូរ៉េខាងត្បូងមិនផ្តល់តម្លៃដល់ការចោទប្រកាន់របស់លោក Trump អំពីពាណិជ្ជកម្មមិនស្មើភាពហើយថា វាគ្រាន់តែជាវោហារសាស្ត្រសម្រាប់ការបោះឆ្នោតនោះ ក៏មានការព្រួយបារម្ភកើនឡើងដែលថា អាមេរិកនឹងបន្តគោលនយោបាយបែបការពារនិយមជាងមុននាពេលអនាគត មិនថាបេក្ខជនមួយណាឈ្នះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខនោះទេ។
លោក Kim និយាយថា៖ «យើងមានក្តីបារម្ភមួយចំនួន គឺថាប្រសិនបើមានការកែសម្រួលផ្សេងទៀតទៅលើកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះ នឹងមានការរើសអើងមួយចំនួនប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េ វិញ»។
ក្តីបារម្ភរួម
លោក Mark Lippert ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិក និងកូរ៉េខាងត្បូង និងឲ្យលុបបំបាត់បញ្ញត្តិមិនចាំបាច់នានា។
លោកស្រី Hillary Clinton បានគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិក និងកូរ៉េខាងត្បូងនេះ នៅក្នុងឆ្នាំ២០១១ ពេលដែលលោកស្រីនៅជារដ្ឋមន្រ្តីការបរទេសរបស់អាមេរិក ប៉ុន្តែក្នុងនាមជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិតេយ្យ លោកស្រីបានធ្វើការរិះគន់កាន់តែខ្លាំងទៅលើកិច្ចព្រមព្រៀងនេះ។
លោកស្រី Clinton បានដកការគាំទ្ររបស់លោកស្រីចំពោះការកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលកំពុងរង់ចាំការសម្រេច ដែលកិច្ចព្រមព្រៀងនេះរួមមានសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ប៉ាស៊ីហ្វិកចំនួន១១ផ្សេងទៀត។ លោកស្រីបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីណាមួយក៏ដោយ ត្រូវបញ្ជូលគោលការណ៍ការពារយ៉ាងខ្លាំងក្លាដល់ពលករអាមេរិក ត្រូវបង្កើនប្រាក់ឈ្នួល និងបង្កើនការងារល្អៗបន្ថែមទៀតនៅក្នុងប្រទេស។
ក្រុមអ្នករិះគន់និយាយថា កិច្ចសន្ទនារបស់លោកស្រីលើបញ្ហាសាកលភាវូបនីយកម្ម និងពាណិជ្ជកម្មជាការជំហរបែបនយោបាយដែលធ្វើឡើងក្នុងយុទ្ធនាការបឋម ដើម្បីទទួលបានការគាំទ្រយកឈ្នះលោក Bernie Sanders ដែលមានគំនិតសង្គមនិយម និងជាអ្នកតស៊ូមតិចំពោះគោលនយោយបាយការពារនិយម។
នៅឯមហាសន្និបាទគណបក្សប្រជាធិបតេយ្យក្នុងក្រុង Philadelphia កាលពីសប្តាហ៍មុន លោក Terry McAuliffe អភិបាលរដ្ឋ Virginia និងជាអ្នកគាំទ្រលោកស្រី Clinton ជាយូរមកហើយនោះ បានបង្កឲ្យមានការជ្រួលច្របល់មួយ នៅពេលដែលលោកលើកឡើងថា លោកស្រី Clinton នឹងគាំទ្រដល់កិច្ចព្រមព្រៀង TPP ដោយមានការកែប្រែតិចតួច។
ប៉ុន្តែលោក John Podesta ដែលជាប្រធានប្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បានឆ្លើយតបភ្លាមៗតាមរយៈ Twitter ដោយនិយាយថា៖ «លោកស្រី Hillary ប្រឆាំងនឹងកិច្ចព្រមព្រៀង TPP មុន និងក្រោយការបោះឆ្នោត»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ