លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋកាលពីថ្ងៃចន្ទ បានបង្ហាញឲ្យដឹងចំណុចសំខាន់ៗនៃផែនការសេដ្ឋកិច្ចរបស់លោកដោយនិយាយថា លោកចង់ជំរុញសេដ្ឋកិច្ចអាមេរិកាំងឱ្យមានដំណើរការទៅមុខ ដោយការកាត់បន្ថយពន្ធដារថ្មីៗ កាត់បន្ថយបទបញ្ញត្តិរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងបង្កើនធនធានរបស់ក្រុមអ្នកធ្វើការដែលមានប្រាក់ចំណូលមធ្យម។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យស្វះស្វែងឱ្យបានទទួលតំណែងលើកទីមួយតាមរយៈការបោះឆ្នោតបានហៅគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton ថាជា «បេក្ខជននៃអតីតកាល»ដែលមានចិត្តគំនិតស៊ប់ទៅនឹងពន្ធអាករខ្ពស់ជាងមុន ការរឹតត្បិតតឹងតែងជាងមុនលើវិស័យជំនួញ និងការត្រួតត្រាតឹងរ៉ឹងជាងមុនលើការអភិវឌ្ឍថាមពល។
លោក Trump បាននិយាយប្រាប់ក្លិបសេដ្ឋកិច្ចនៃក្រុង Detroit ដែលជាក្រុងមួយក្នុងរដ្ឋ Michigan និងជាមជ្ឈមណ្ឌលផលិតឡានរបស់ស.រ.អា.ថា៖ «ខ្ញុំចង់ជំរុញប្រទេសអាមេរិកឱ្យមានដំណើរការទៅមុខ ហើយការនេះអាចធ្វើបាន»។ លោកបានត្រូវបង្អាក់បីបួនដងដោយពួកបាតុករ ប៉ុន្តែពួកបាតុករទាំងនោះបានត្រូវនាំខ្លួនចេញពីកន្លែងនោះ។
លោក Trump បានទទួលការទះដៃអបអរសាទរពីពួកអ្នកចាត់ចែងកិច្ចការប្រតិបត្តិវិស័យជំនួញជាមួយការអំពាវនាវមួយឱ្យមានការកាត់បន្ថយអត្រាពន្ធដារក្រុមហ៊ុនស.រ.អា.ចំនួន៣៩ភាគរយ ដែលជាអត្រាខ្ពស់ទីបីក្នុងពិភពលោកឱ្យមកនៅត្រឹម១៥ភាគរយ។
លោក Trump បានសន្យាថា៖ «ខ្ញុំនឹងកាត់បន្ថយបទបញ្ញត្តិយ៉ាងច្រើន។ ខ្ញុំចង់ឱ្យធនធានស្ថិតនៅក្នុងប្រទេសអាមេរិក។ យើងប្រកួតប្រជែងជាមួយពិភពលោកហើយខ្ញុំចង់ឱ្យប្រទេសអាមេរិកឈ្នះ»។លោកបានប្តេជ្ញាថា នឹងសម្រួលប្រព័ន្ធពន្ធដារសម្រាប់អ្នកបង់ពន្ធដារជាបុគ្គលដោយលោកបាននិយាយថា៖ «សម្រាប់ប្រជារាស្ត្រអាមេរិកាំងច្រើននាក់ អត្រាពន្ធដារពួកគេគឺសូន្យ»៕