ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump ​ថ្លែង​គាំទ្រ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ខណៈ​ការ​ស្ទង់​មតិ​បង្ហាញ​លទ្ធផល​មិន​សូវ​ល្អ


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​អាមេរិក​ ខាង​គណបក្ស​សាធារណរដ្ឋ ថ្លែង​​នៅ​សាល​ធ្វើ​យុទ្ធនាការ​មួយ​នៅ​រដ្ឋ Flordia កាល​ពី​ថ្ងៃទី​៣ ខែ​សីហា។

លោក ​Donald Trump​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋមាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​គាំទ្រពួក​សាធារណរដ្ឋជាន់​ខ្ពស់​សម្រាប់​តំណែង​ខាង​នយោបាយ ​នៅ​ក្រោយ​ការ​ស្ទង់​មតិ​ក្រុម​អ្នក​បោះ​ឆ្នោត​អាមេរិកាំង​ក្នុង​សប្តាហ៍​នេះ​បាន​បង្ហាញ​ថា​ លោក​ស្ថិត​នៅ​ពី​ក្រោយលោក​ស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ការ​ស្ទង់​មតី​ថ្មីៗ​បំផុត​ដែលបាន​ចេញ​ផ្សាយកាល​ពី​យប់​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ថា​ការ​នាំ​មុខរបស់​លោកស្រី​ Clinton ​ធ្លាក់​មក​នៅ​ត្រឹម​តិច​ជាង​៣​ភាគរយ​ដោយ​ចុះ​ពី​ចំនួន​៨ភាគ​រយ​ដែល​ការ​ស្ទង់​មតិ​ដដែល​នេះ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏ការ​ស្ទង់​មតិ​ឯ​ទៀតៗ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះបាន​បង្ហាញ​ថា​ លោក​ស្រី Clinton ​នាំ​មុខ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​៤៨​ភាគរយ​ទល់​នឹង​៣៣​ភាគរយ​ដែល​នាំ​ឱ្យ​ពួក​អ្នក​ស្ទង់​មតិ​ខ្លះ​និយាយ​ថា ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ Trump ​ហាក់​ដូច​ជា​មាន​ហានិភ័យ។

កាលពី​ថ្ងៃ​សុក្រ​ លោក​ Trump ​បាន​គាំទ្រ​ការ​ជាប់ឆ្នោត​ជាថ្មី​របស់​លោក​ Paul Ryan​ ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ​និង​លោក ​John McCain​ ព្រម​ទាំង​លោកស្រី​ Kelly Ayotte ​សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.។ ការ​គាំទ្រ​ទាំង​នេះ​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក Trump ​បាន​និយាយថា​ លោក «មិន​ទាន់​ប្រុង​ប្រៀប»​គាំទ្រ​លោក ​Ryan​ ដែល​ជា​អ្នក​សាធារណរដ្ឋ​ជាប់​ឆ្នោត​ជាន់​ខ្ពស់​ម្នាក់​នៅ​ឡើយ​ទេ។​

ចាប់​តាំង​ពី​ការ​ប្រជុំ​មហា​សន្និបាត​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ គេ​យល់​ឃើញ​ថា​ ភាព​តាន​តឹង​របស់​លោក​ Trump ​ជាមួយ​ពួក​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ និង​ជម្លោះ​របស់​លោក​ដែល​មាន​តទៅ​ទៀត​ជា​មួយ​ឪពុកម្តាយ​នៃ​ទាហាន​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​សមរភូមិ បាន​ធ្វើឱ្យ​ខូច​ខាត​ដល់​ការ​គាំទ្រ​លោក​ពី​សំណាក់​សាធារណជ​នអាមេរិកាំង។​

កាល​ពី​ថ្ងៃ​សៅរ៍​លោក ​Trump ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ទៅ​កាន់​លោក​ស្រី​ Hillary Clinton ​ដោយ​លោក​បាន​បរិហារ​រិះគន់​លោក​ស្រី​អំពី​ការប្រើ​ប្រាស់​អ៊ីម៉ែល​ឯកជន​របស់​លោកស្រី​ដែល​លោក​ស្រី​បាន​ប្រើ​ប្រាស់​នៅ​ពេល​លោក​ស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ដែល​ត្រូវ​បាន​យក​មក​ស៊ើប​អង្កេត​មួយ​ដោយ​ការិយាល័យ​ FBI៕

XS
SM
MD
LG