លោកប្រធានាធិបតី ត្រាំ ថ្លែងថាលោកនឹងយល់ព្រមទទួលយកការព្រមព្រៀងមួយក្នុងការបើករដ្ឋាភិបាលសហពន្ធ័ឡើងវិញជាបណ្តោះអាសន្ន បើសិនជាសំណើនោះមានដាក់បញ្ចូលប្រាក់សម្រាប់បង់រំលស់ដើម្បីយកទៅសង់ជញ្ជាំងនៅតាមបណ្តោយទល់ដែនស.រ.អា.ជាមួយប្រទេសម៉ិកស៊ិក ដែលលោកចង់បានអស់ពេល២ឆ្នាំមកហើយនោះ។
លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាមេរិកគ្មានជម្រើសអ្វីផ្សេងពីការសង់ជញ្ជាំងមួយដើម្បីទប់កុំឲ្យអ្វីដែលលោកបានហៅថា ជាការឈ្លានពានរបស់ក្រុមឧក្រិដ្ឋជន ក្រុមអ្នកជួញដូរមនុស្ស និងគ្រឿងញៀន។
លោក ត្រាំ បានថ្លែងថាលោកបន្ទោសខ្លួនលោកផ្ទាល់ ចំពោះការកើនឡើងនៃចំនួនជនអន្តោប្រវេសន៍ ដែលចង់ចូលមកស.រ.អា. ហើយលោកបានសរសើរខ្លួនលោកថាបានធ្វើឲ្យអាមេរិកមានសេដ្ឋកិច្ចរឹងមាំ ហើយថាលោកបានធ្វើឲ្យមនុស្សមានការងារធ្វើច្រើនជាងពេលណាៗទាំងអស់។
ប៉ុន្តែលោកថ្លែងថា ជនណាដែលចង់មកស.រ.អា.ចាំបាច់ត្រូវតែចូលមកដោយស្របច្បាប់។
ការបិទរដ្ឋាភិបាលនេះ ប៉ះពាល់ដល់បុគ្គលិករដ្ឋាភិបាលសហព័ន្ធប្រមាណ៨សែននាក់ ក្នុងនោះ បុគ្គលិក៤សែន២ម៉ឺននាក់ ត្រូវបង្ខំឲ្យធ្វើការជាបន្ត ដោយគ្មានប្រាក់ខែ ចំណែកបុគ្គលិក៣សែន៨ម៉ឺននាក់ទៀត ត្រូវនៅផ្ទះ។ អ្នកដែលត្រូវនៅផ្ទះខ្លះ ត្រូវបង្ខំចិត្តដើររកការងារធ្វើជាបណ្តោះអាសន្នដើម្បីរកប្រាក់មកសងថ្លៃឈ្នួលផ្ទះ និងសងថ្លៃទឹកភ្លើង៕