ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ និយាយ​រិះគន់​ការ​បដិសេធ​របស់​អ្នកស្រី Pelosi ចំពោះ​ការ ​«សម្របសម្រួល» របស់​លោក​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ពី​ការ​បិទ​រដ្ឋាភិបាល​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​រិះគន់​ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Nancy Pelosi កាល​ពី​ថ្ងៃ​អាទិត្យ ចំពោះ​ការ​បដិសេធ​ទៅ​លើ​អ្វី​ដែល​លោក​បាន​ហៅ​ថាជា​ការ​សម្របសម្រួល​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក។

ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នេះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣០​ហើយ ហើយ​ក៏​ជា​រយៈពេល​បិទ​រដ្ឋាភិបាល​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ផង​ដែរ។ លោក ត្រាំ ទាមទារ​ថវិកា​ចំនួន​៥​ពាន់​៧​រយ​លាន​ដុល្លារ​ដើម្បី​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​អាមេរិក​និង​ម៉ិកសិក ជា​ថ្នូរ​នឹង​ការ​ផ្តល់​ការ​ការពារ​រយៈពេល​បី​ឆ្នាំ​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់​សែន​នាក់​មិន​ឲ្យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ចេញ​ទៅ​ប្រទេស​កំណើត​វិញ។

លោក ត្រាំ បាន​និយាយ​លើ​សារ Twitter ដោយ​សំដៅ​ទៅ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ក្រោយ​ថា «អ្នកស្រី Nancy Pelosi និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ច្រានចោល​សំណើ​របស់​ខ្ញុំ​កាល​ពី​ម្សិលមិញ គឺ​សូម្បី​តែ​មុន​ពេល​ដែល​ខ្ញុំ​លើកឡើង​ពី​សំណើ​ទាំង​នោះ​ទៅ​ទៀត។ ពួកគេ​មើល​មិន​ឃើញ​ឧក្រិដ្ឋកម្ម​និង​ការ​ជួញដូរ​ថ្នាំញៀន​ទេ។ ពួកគេ​មើល​ឃើញ​តែ​ឆ្នាំ​២០២០ ដែល​ពួកគេ​នឹង​មិន​ឈ្នះ​ឆ្នោត​តែ​ប៉ុណ្ណោះ។ សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត!។ ពួកគេ​គួរ​តែ​ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​ប្រទេស​នេះ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​ធ្វើ​ការងារ​របស់​ពួកគេ​វិញ‍»។

អ្នកស្រី Pelosi បាន​ឆ្លើយតប​ទៅ​នឹង​សារ Twitter របស់​លោក ត្រាំ វិញ​ថា «ប្រជាពលរដ្ឋ​អាមេរិកាំង​៨​សែន​នាក់​នឹង​មិន​ទទួល​បាន​ប្រាក់​ខែ​ទេ‍» ហើយ​បុគ្គលិក​រដ្ឋាភិបាល​និង​មន្ត្រី​រាជការ​នានា​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ។ «សូម​បើក​រដ្ឋាភិបាល​ឡើង​វិញ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ប្រាក់​ខែ ហើយ​បន្ទាប់​មក យើង​អាច​ពិភាក្សា​គ្នា​ទៅ​លើ​ថា​តើ​យើង​អាច​សហការ​គ្នា​ការពារ​ព្រំដែន​របស់​យើង​ដោយ​របៀប​ណា‍»៕

XS
SM
MD
LG