ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ឲ្យ​មានការ​សម្រប​សម្រួល​ផ្នែក​អន្តោប្រវេសន៍ ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ថ្លែង​អំពី​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ បញ្ហា​អន្តោប្រវេសន៍​និង​សន្តិសុខ​ព្រំដែនក្នុង​បន្ទប់ការទូត​ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​១៩​ ខែមករា ឆ្នាំ២០១៩។​
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ថ្លែង​អំពី​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ បញ្ហា​អន្តោប្រវេសន៍​និង​សន្តិសុខ​ព្រំដែនក្នុង​បន្ទប់ការទូត​ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​១៩​ ខែមករា ឆ្នាំ២០១៩។​

នៅ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​ផ្នែក ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ខែ​កន្លង​មក​នេះ លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ស្នើ​នូវ​ការ​សម្របសម្រួល​មួយ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​ទាក់ទិន​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងតែង​របស់​លោក។ ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ​ច្រាន​ចោល​មុន​ពេល​ដែល​លោក Trump គ្រោង​ថ្លែង​អំពី​សំណើ​នេះ​ទៅ​ទៀត។

លោក Trump បាន​និយាយ​អំពី​គណបក្ស​ប្រជាធិបតេយ្យ​យ៉ាង​ដូច្នេះ​ថា៖ «យើង​សង្ឃឹម​ថា ពួកគេ​នឹង​ផ្ដល់​ការ​គាំទ្រ​របស់​ពួកគេ​ដោយ​ក្ដី​សោមនស្ស​រីករាយ យើង​ខ្ញុំ​គិត​ថា សមាជិក​ពួកគេ​ភាគ​ច្រើន​នឹង​ធ្វើ​គាំទ្រ។ ពួក​ឆ្វេង​និយម​មិន​អាច​ត្រួតត្រា​ព្រំដែន​របស់​យើង​នោះ​ទេ។ ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​ឡើយ»។

នៅ​ក្នុង​ការ​លើក​ឡើង​របស់​លោក​ដែល​បាន​ផ្សាយ​ផ្ទាល់​ពី​បន្ទប់​បដិសណ្ឋារកិច្ច​ការទូត​នៃ​សេតវិមាន​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ លោក Trump បាន​អំពាវនាវ​ឲ្យ​បន្ថែម​ភ្នាក់ងារ​សហព័ន្ធ​ជាង ២ ពាន់ ៧៥០ នាក់​បន្ថែម​ទៀត​សម្រាប់​ការ​គ្រប់គ្រង​អន្តោប្រវេសន៍ និង​ស្នើ​ថវិកា​ចំនួន ៥ ពាន់ ៧ រយ​លាន​ដុល្លារ ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ជា​របាំង​ដែក សម្រាប់​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក​មួយ​ផ្នែក​ដែល​មាន​ចម្ងាយ ៣៧០ គីឡូម៉ែត្រ។

លោក Trump បាន​ស្នើ​នូវ​ការ​សម្រប​សម្រួល​សម្រាប់​កម្មវិធី​ពីរ ដែល​រដ្ឋបាល​របស់​លោក​ចង់​លុប​បំបាត់​ចោល ដែល​នោះ​គឺ​កម្មវិធី​សកម្មភាព​ផ្អាក​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ ដែល​ហៅ​កាត់​ថា DACA និង​កម្មវិធី​ឋានៈ​ការពារ​បណ្ដោះ​អាសន្ន ដែល​ហៅ​កាត់​ថា TPS សម្រាប់​ជន​អន្តោប្រវេសន៍​មក​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន និង​មក​ពី​ទ្វីប​អាហ្វ្រិក៕

XS
SM
MD
LG