ខណៈការប្តឹងចោទប្រកាន់ដើម្បីដកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ចេញពីមុខតំណែងប្រធានាធិបតី នឹងរំពឹងថាត្រូវធ្វើនៅពេលខាងមុខនោះ រដ្ឋសភាអាមេរិកកាលពីថ្ងៃអង្គារ បានព្យាយាមជំរុញឲ្យអនុប្រធានាធិបតីសហរដ្ឋអាមេរិក និងសមាជិកគណៈរដ្ឋមន្រ្តី ចាត់វិធានការឲ្យកាន់តែលឿន។ នេះបើតាមការផ្សាយឲ្យដឹងរបស់ទីភ្នាក់ងារព័ត៌មាន AP ។
សមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យត្រូវអនុម័តនូវសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យលោកអនុប្រធានាធិបតី Mike Pence ប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញ ក្រោមវិសោធនកម្មទី២៥ ដើម្បីបណ្តេញលោក ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក។
លោក ត្រាំ បានលើកឡើងថា ការចោទប្រកាន់ដើម្បីទម្លាក់លោកចេញពីតំណែងរបស់រដ្ឋសភា នឹងបណ្តាលឲ្យមាន «កំហឹងខ្លាំងក្លា» ប៉ុន្តែលោកបានបញ្ជាក់ថា លោក «មិនចង់បានអំពើហិង្សា» នោះទេ។
សមាជិកសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ លើកឡើងថា លោក ត្រាំ គឺជាបុគ្គលដ៏គ្រោះថ្នាក់សម្រាប់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានអំពើកុបកម្មបះបោរ ដែលបណ្តាលឲ្យស្លាប់ជីវិតមនុស្សនៅក្នុងវិមានសភាសហរដ្ឋអាមេរិក កាលពីសប្តាហ៍កន្លងទៅ។
ដំណើរការនៃការចោទប្រកាន់ទម្លាក់លោក ត្រាំ ដោយរដ្ឋសភាអាមេរិក ឬហៅថា Impeachment នោះ នឹងចាប់ផ្តើមនៅថ្ងៃពុធនេះ។
លោកអនុប្រធានាធិបតី Pence រហូតមកដល់ពេលនេះ មិនបានបង្ហាញពីចំណាប់អារម្មណ៍របស់លោក ក្នុងការប្រើប្រាស់វិសោធនកម្មទី២៥នៃរដ្ឋធម្មនុញ្ញ ដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែងនោះទេ។
លោក ត្រាំ នឹងទទួលការចោទប្រកាន់តែមួយករណីប៉ុណ្ណោះពីរដ្ឋសភាអាមេរិក គឺបទ «ញុះញង់ឲ្យមានអំពើកុបកម្មបះបោរ»៕